អ្នក​ឃុំ​ដារ​ ខេត្ត​ត្បូង​ឃ្មុំជា​ច្រើន​នាក់​កើត​ជំងឺ​ពក​.ក​ សង្ស័យ​មក​ពី​ផឹក​ទឹក​អណ្តូង

ខេត្ត​ត្បូង​ឃ្មុំ ៖ ប្រជា​ពលរ​ដ្ឋ​រស់​នៅ​ភូមិ​ដា​​កណ្តាល និង​ភូមិ​ដា​ផ្សារ​ ឃុំ​ដារ ស្រុក​មេមត់​ ជា​ច្រើ​ន​គ្រួសារ​កំពុង​តែ​ប្រឈម​នឹង​ជំងឹ​ពក​.ក​ ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ផឹក​ទឹក​អណ្តូង​ ក្នុង​នោះ​មាន​សមា​ជិក​គ្រួសារ​ខ្លះ​ត្រូវ​បាន​នាំ​ទៅ​វះ​កាត់​នៅ​រាជ​ធានី​ភ្នំពេញ និង​ប្រទេស​វៀត​ណាម​។

បន្ទាប់ពី​កើត​មាន​ជំងឹ​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​ងាក​ទៅ​ប្រើ​ប្រាស់​ទឹក​បរិ​សុទ្ធ​វិញ​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ជំងឺ​មក​យាយី​លើ​រាង​កាយ​បន្ត​ទៀត​។

អ្នក​ស្រី​អ៊ុត សំណាប វ័យ​៦០​ឆ្នាំ នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ​ថា នៅ​ពេល​ផ្លូវ​ជាតិ​លេខ​៧ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​មិន​ទាន់ជួស​ជុល​រួច​​ ប្តី​របស់​គាត់​ឈ្មោះ​ស ឆាន បាន​ជីក​អណ្តូង​ទឹក​បាន​ជម្រៅ​២​ម៉ែត្រ​ដើម្បី​យក​ទឹក​មក​ប្រើ​ប្រាស់​ តែ​ជីក​មិន​បាន​ជ្រៅ​នោះ​ទេ​ ដោយ​សារ​តែ​មាន​ថ្ម​ជា​ច្រើន​នៅ​ក្នុង​ដី​នោះ​។

អ្នក​ស្រី​ប្រាប់​បន្ត​ថា ការ​ប្រើ​ទឹក​អណ្តូង​នោះ​ដំបូងៗ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​ចំពោះ​សមា​ជិក​ក្រុម​គ្រួសារ​របស់​គាត់​។ តែ​ចុង​ក្រោយ​នេះ ប្តី​របស់​គាត់​មាន​បញ្ហា​តម្រង​នោម​ និង​កូន​ស្រី​ឈ្មោះ​ស វណ្ណេត អាយុ​៣៣​ឆ្នាំ កើត​ជំងឺ​ពក​.ក​ ត្រូវ​បាន​នាំ​ទៅ​វះ​កាត់​នៅ​ប្រទេស​វៀត​ណាម​។

សព្វ​ថ្ងៃ​នេះ​ក្រុម​គ្រួសារ​របស់​គាត់​បាន​បិទ​គម្រប​ទឹក​អណ្តូង​ខ្នោះ​ឈប់​ប្រើ​ប្រាស់​ហើយ ដោយ​ងាក​ទៅ​ប្រើ​ប្រាស់​ទឹក​បរិសុទ្ធជំនួស​វិញ​។ មូល​ហេតុ​ដែ​ល​បង្ក​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជួប​បញ្ហា​ខាងលើ​ គាត់​សង្ស័យ​ថា​មក​ពី​ការ​ប្រើ​ទឹក​អណ្តូង​នោះ​ហើយ​។

អ្នក​ស្រី​សំណាប​ បន្ត​ទៀត​ថា ​​ពេល​ណា​ភ្លៀង​ម្តងៗ​​​មុខ​ផ្ទះ​របស់​គាត់​ទឹក​ស្អុយ​ណាស់​ជម្រៅ​ត្រឹម​ជង្គង់​ហូរ​កាត់​ ទោះ​បី​ជា​បិទ​ទ្វារ​ក៏​ក្លិន​ស្អុយ​នៅ​តែ​ជះ​ចូល​ក្នុង​ផ្ទះ​ដដែល​។

​ស្ត្រី​ឈ្មោះ​ចែម ស្រី​ពៅ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ​ ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្រុម​គ្រួសារ​របស់​នាង​បាន​មក​រស់​នៅ​ភូមិ​នេះ​ក្នុង​អំឡុង​ឆ្នាំ​១៩៨២ ដោយ​បាន​នាំ​គ្នា​ប្រើ​ប្រាស់​ទឹក អណ្តូងនៅ​ខាង​ក្រោយ​ផ្ទះ​ បន្ទាប់​មក​ស្រាប់​តែ​នាង​កើត​ជំងឺ​ពក.ក​ ហើយ​ត្រូវ​បាន​ទៅ​វះ​កាត់​នៅ​ប្រទេស​វៀត​ណាម​កាល​ពី​ថ្ងៃ​ទី​១៦ តុលា ២០១៥ សូម្បី​តែ​ម្តាយ​ឈ្មោះ​ងន់ ហុង​ស្រ៊ី​ អាយុ​៦៧​ឆ្នាំ​ ក៏​ធ្លាប់​វះ​កាត់​ពក​.ក​ដែរ​កាល​ពី​ឆ្នាំ​២០០០។

ស្ត្រី​ឈ្មោះ​ចែម ស្រីពៅ បាន​បន្ត​ថា រាល់​ថ្ងៃ​នាង​នៅ​បន្ត​ដាំទឹក​អណ្តូង​ផឹក និង​ទិញ​ទឹក​បរិ​សុទ្ធ​ប្រើ​ប្រាស់​។ លោក​ស៊ីម រិទ្ធដា​វឿន មេ​ភូមិ​ដារ​ផ្សារ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​​​ក្នុង​ភូមិ​របស់ គាត់​ពិត​ជា​កើត​ជំងឺ​ពក​.ក​ពិត​មែន តែ​មិន​មាន​ចំនួន​ច្រើន​នាក់​នោះ​ទេ​។

ចំណែក​អ្នក​នៅ​ភូមិ​ក្រៅ​ពី​នេះ គឺ​កើត​មាន​ច្រើន​នាក់​ កត្តា​នេះ​រូប​លោក​មិន​ដឹង​បណ្តាល​មក​ពី​អ្វី​នោះ​ទេ ។ សព្វ​ថ្ងៃ​នេះ ប្រជា​ពលរដ្ឋ​បាន​ប្រើ​ប្រាស់​ទឹក​បរិសុទ្ធ​ដោយ​សារ​គ្មាន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​។ លោក​វេជ្ជ​បណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ឱ្យ​ដឹង​ថា រូប​លោក​ពុំ​ដឹង​ថា នៅ​ភូមិ​ដារ​ ស្រុក​មេមត់​ មាន​ប្រជា​ជន​កើត​ជំងឺ​ពក​​.កនោះ​ទេ តែ​បើ​សិន​ទឹក​អណ្តូង​មាន​ជាតិ​រ៉ែ​នោះ គឺ​ស្ថិត​នៅ​ជំនាញ​មន្ទីរ​រ៉ែ និង​មន្ទីរ​អភិវឌ្ឍជន​បទ​ខេត្ត​។

ដោយ​ឡែក​លោក​ប៊ិញ ស៊ាង​ហ៊ន់ ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម​ខេត្ត​បាន​ប្រាប់​ថា នៅ​ឃុំ​ដារ​ ស្រុក​មេមត់​ មាន​ក្រុម​ហ៊ុន​មួយ​កំពុង​តែ​ស្នើ​សុំ​ទៅ​ក្រសួង​ឧស្សា​ហ​កម្ម​ហើយ​ដើ​ម្បី​សិក្សា​ធ្វើ​អាជីវ​កម្ម​ផ្គត់​ផ្គង់​ទឹក​ឱ្យ​ប្រជា​ពលរ​ដ្ឋ​ប្រើ​ប្រាស់​។

ការ​​លើក​ឡើង​ពី​បញ្ហា​ទឹក​អណ្តូង​ប៉ះ​ពាល់​សុខ​ភាព​ទាល់​តែ​យក​ទឹក​ទៅ​ពិសោធន៍​ ហើយ​កិច្ច​ការ​នេះ​លើ​មន្ទីរ​អភិវឌ្ឍ​ជន​បទ​៕