លោក ផៃ ស៊ីផាន បដិសេធថា​រាជរដ្ឋាភិបាល​ ហាមឃាត់​ក្រុមហ៊ុន​ទេសចរណ៍​ មិនឲ្យ​លក់​សំបុត្រ​យន្តហោះ​ឲ្យ​ លោក​ សម រង្ស៊ី​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើការបដិសេធចំពោះព័ត៌មានថា រាជរដ្ឋាភិបាលហាមឃាត់មិនឲ្យក្រុមហ៊ុនទេសចរណ៍ លក់សំបុត្រយន្តហោះ ទៅឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង សង្រ្គោះជាតិ គឺ លោក សម រង្ស៊ី និងលោក កឹម សុខា។

លោក ផៃ ស៊ីផាន បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា មានបណ្តាញសារព័ត៌មានមួយចំនួនបានទូរស័ព្ទមករូបលោក អំពីព័ត៌មាន ដែលចោទថា រាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់ភ្នាក់ងារទេសចរទាំងអស់ ក្នុងការផ្តល់សំបុត្រជើងហោះហើរ វិលត្រឡប់មកកាន់ប្រទេសកម្ពុជា របស់ ប្រធានគណបក្សសង្គ្រោះជាតិ។ ព័ត៌មាននេះ ក៏បានទទួលស្គាល់ដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សCNRP ផងដែរ។

លោកបញ្ជាក់ថា “ នៅក្នុងព័ត៌មានប្រឌិតនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំមានបំណង ឬទិសដៅនៃមធ្យោបាយណាមួយ ដែលបង្កឧបសគ្គ និងដំណើការរបស់តុលាការ ឬមន្ត្រីយុត្តិធម៌ និងអាជ្ញាធរដែលពាក់ព័ន្ធនៃការអនុវត្តសាលក្រមស្ថាពររបស់តុលាការនេះឡើយ។ ព័ត៌មាននេះ គឺជាយុទ្ធនាការបំពុលបរិយាកាសតែប៉ុណ្ណោះ។ ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ទណ្ឌិត សម រង្ស៊ី ឆ្លើយតបនិងកាតព្វកិច្ចតុលាការ ជាកិច្ចទទួលខុសត្រូវនៃប្រជាពលរដ្ឋល្អម្នាក់”៕

លោក ផៃ ស៊ីផាន បដិសេធថា​រាជរដ្ឋាភិបាល​  ហាមឃាត់​ក្រុមហ៊ុន​ទេសចរណ៍​ មិនឲ្យ​លក់​សំបុត្រ​យន្តហោះ​ឲ្យ​ លោក​ សម រង្ស៊ី​