ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី​ស្លាប់​ដោយ​ការ​វាយប្រហារ​មួយ​របស់​អា​មេ​រិ​ក

សហរដ្ឋ​អា​​មេ​រិ​ក​ជា​លើក​ដំបូង​បាន​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី ដោយ​សម្លាប់​បុរស​ជនជាតិ​អីុរ៉ា​ក់​ឈ្មោះ​អា​ប៊ូ ណា​ប៊ី​ល ដែល​ចាត់ទុកជា​ប្រមុខ​ក្រុម​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស​នេះ  ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក PETER COOK អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា ការ​ស្លាប់​របស់​ណា​ប៊ី​ល នឹង​អាច​កាត់​បន្ថយ​សមត្ថភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ការ​សម្រេច​ទិស​ដៅ​របស់​ខ្លួន​នៅ​លី​ប៊ី ។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​ត្រូវ​បាន​អនុញ្ញាត និង​ផ្តួចផ្តើម​មុន​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា អា​ប៊ូ ណា​ប៊ី​ល ហៅ WISSAM NAJM ABD ZAYD AL ZUBAYDI ចាប់តាំងពី​យូរ​មក​ហើយ ជា​សកម្មជន​អាល់​កៃ​ដា​ម្នាក់ ហើយ​ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី ។ ជន​នេះ​អាច​ពិសេស​ជា​អ្នកនាំពាក្យ​ដែល​ថ្លែង​ក្នុង​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​ប្រហារជីវិត​ពួក​គ្រឹ​ស្ត​ចេញផ្សាយ​ដោយ​ពួក​ជី​ហា​ដ រ៉ា​ឌី​កាល់ ជ្រុល កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ ។ ក្នុង​វី​ដេ​អូ​នោះ មនុស្ស​ទាំងឡាយ​ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច​ដូច​បណ្តា​ចំណាប់ខ្មាំង​ឯទៀត​ៗ ដែល​ត្រូវ​ប្រហារជីវិត​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដោយ​ដៃ​ចងស្លាបសេក​មុន​ពេល​ពួក​ឃាតករ​កាត់​ក្បាល​ពួក​គេ​ដោយ​កាំបិត ។

ប្រទេស​លី​ប៊ី​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំងពី​ការ​ផ្តួលរំលំ​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១​មក ។ ចាប់តាំងពី​ឆ្នាំ​មុន​មក ប្រទេស​នេះ​មាន​អាជ្ញាធរ​នយោបាយ​២ ដែល​ដណ្តើម​អំណាច​គ្នា​ដោយ​រដ្ឋាភិបាល​មួយ​តាំងនៅ​រដ្ឋធានី​លី​ប៊ី ហើយ​មួយទៀត ទទួលស្គាល់​ដោយ​អន្តរជាតិ​បោះទីតាំង​នៅ​ភាគ​ខាងកើត​ប្រទេស ៕