បាង កា​យ៉ាក ផ្តួល​ថៃ​ឱ្យ​សន្លប់​ទឹក​ទី​4 ចំណែក​ឡុ​ង សុ​ភី បាន​ត្រឹម​ឈ្នះ​ពិន្ទុ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា កន្លង​មកនេះ បាង កា​យ៉ាក មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ បាន​ប្រើ​កែង​វាយ​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ Phitroy At Sikhunsek ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤ ។

គូ​នេះ​បាន​វាយ​គ្នា​យ៉ាង​សាហាវ​តាំងពី​ទឹក​ទី​១​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​មាន​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​ឡើយ ។ ចូល​ដល់​ទឹក​ទី​២ បាង កា​យ៉ាក បាន​សម្រុកចូល​វាយ​ទៅ​លើ​គូប្រកួត​សា​ជា​ថ្មី​ក្នុង​គោលបំណង​ផ្ដួល​ឱ្យ​បាន​ឆាប់​បំផុត ប៉ុន្តែ​ត្រូវ​កីឡាករ​ថៃ​ទាត់​សង​វិញ​ដូច​ព្យុះ​ហើយ​ស្ទុះ​ចូល​កៀក​បុក​កែង និង​ជង្គង់​វិញ​ផ្ទួន​ៗ ។ លុះ​ចូល​ដល់​ទឹក​ទី​៣ បាង កា​យ៉ាក មានឱកាស​សម្រុកចូល​វាយ​ម៉ាត់​និង​បុក​កែង​យ៉ាង​សន្ធាប់​ទៅ​លើ​ផ្ទៃមុខ​គូប្រកួត ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​វង្វេងវង្វាន់​ម្ដង​ៗ និង​កាន់តែ​មិន​ស្រួល​នៅ​ចុង​ទឹក​ទៀត​ផង ។ នៅ​ទឹក​ទី​៤ បាង កា​យ៉ាក ដែល​មាន​ប្រៀប​ជាង​ស្រាប់​នោះ បាន​សម្រុកចូល​ម៉ាត់ និង​បុក​កែង​កាន់តែ​សាហាវ​លើស​ដើម​បង្ខំ​ឱ្យ​កីឡាករ​ថៃ​ដកថយ​ការពារ​ខ្លួន ទាំង​លំបាក ។ ប៉ុន្តែ​មួយ​កែង​ចុង​ក្រោយ​របស់​បាង កា​យ៉ាក​ចូល​គល់​ថ្គាម​បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​រូប​នេះ ដួល​សន្លប់​ទាំង​ជំហរ​។ អាជ្ញាកណ្ដាល លោក រាម កុសល ឃើញ​ស្ថានភាព​មិន​ស្រួល ក៏​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង ។

ចំណែក ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ដែល​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​Tom Tam Vor Mathviseth បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​បំផុត ។ គូ​នេះ​ធ្លាប់​ជួប​គ្នា​ម្ដង​កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​កាល​ណោះ​ឡុ​ង សុ​ភី បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤​។ សម្រាប់​ការ​ប្រកួត​លើក​នេះ​ឡុ​ង សុ​ភី គ្មាន​សំណាង​ដូច​មុន​ទៀត​ទេ ព្រោះ​ចាប់តាំងពី​ទឹក​ទី​១​មក គេ​ហាក់​គ្មាន​ឱកាស​ចូល​វាយ​ឱ្យពេញដៃពេញជើង​ទៅ​លើ​គូប្រកួត​ទាល់តែ​សោះ​បាន​ត្រឹមតែ​ការពារ​ខ្លួន​ច្រើន​ជាង​។ ចំណែក​កីឡាករ​ថៃ​ទោះបី​ធ្លាប់​ចាញ់​ក៏មិន​បង្ហាញ​ពី​ការ​ញញើត​ឡុ​ង សុ​ភី បន្តិច​ណា​ឡើយ គេ​បាន​ដើរ​ចូល​ទាត់​និង​ម៉ាត់​ដោយ​មិន​សំចៃ​កម្លាំង ។ ឡុ​ង សុ​ភី បាន​ព្យាយាម​សម្រុកចូល​កៀក​វាយ​កែង​វិញ តែ​មិនសូវ​បានផល​ទេ​ដោយសារ​ជាប់​បារាស​កីឡាករ​ថៃ​រហូត​។ និយាយ​រួមការ​ប្រកួត​៥​ទឹក​ពេញ ឡុ​ង សុ​ភី បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។

នៅ​លើ​សង្វៀន​ដដែល កីឡាករ​ធន់ ចាន់​តាក់ មក​ពី​មជ្ឈមណ្ឌល​កីឡា ខ ភ ម ចំណាយពេល​ត្រឹម​៤​ទឹក​ប៉ុណ្ណោះ​បាន​ធ្វើ​ឱ្យ​កីឡាករ​ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា មាន​របួស​បែក​ថ្ងាស់​យ៉ាង​ធំ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត និង​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕