NGO សាទរ​រាជរដ្ឋាភិបាល​ បញ្ឈប់​ឲ្យ​ពលរដ្ឋជួលដី​ ទៅ​ប្រទេស​ក្បែរខាង​ តែត្រូវ​បង្កើន​ការងារវិញ​

ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធានអង្គការ នៃវេទិកាអនាគត បានថ្លែង ការស្វាគមន៍ចំពោះ ចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើឲ្យប្រជាពលរដ្ ឋនៅតាមបន្ទាត់ព្រំដែន បញ្ឈប់ការជួលដី ទៅឲ្យប្រទេសក្បែរខាង។

លោក អ៊ូ វីរៈ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកា នេះថា លោកស្វាគមន៍ ប៉ុន្តែករណីនេះ (បញ្ឈប់ការជួល) គួរតែធ្វើជាយូរមកហើយ មិនមែនទើបតែធ្វើឡើងនោះទេ ហើយការជួលដីសម្បទានទៅ បរទេសជាលក្ខណៈផ្លូវរដ្ឋក៏ត្រូវតែបញ្ឈប់ សកម្មភាពដែរ។ លោកបញ្ជាក់ថា “នៅពេលដែលជួលហើយ ពួកបរទេសបានយកកម្មករមកធ្វើហើយអាជ្ញាធរខ្មែរក៏ពួកគេមិនឲ្យចូលដែរ ។

យូរៗទៅព្រំដែនដូចជារំកិល ទៅដោយខ្លួនឯងតែម្តង ទោះបីព្រំដែនផ្លូវការអត់រំកិល ។ ជាក់ស្តែងនៅតាមមូលដ្ឋាន ការចេញ-ចូលទៅវៀតណាមដោយសេរី ប៉ុន្តែចេញចូលមកកម្ពុជា ដោយខ្លួនឯងវិញក៏អត់បានដែរ”។

លោកថា ការស្នើឲ្យបញ្ឈប់នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ ប្រយោជន៍ជាច្រើន ដោយសារការជួលដីឲ្យទៅប្រទេសក្បែរខាងពួកគាត់ទទួលបានចំណូលខ្ពស់។ លោកបន្តថា សូម្បីតែទាហាន នៅតាមព្រំដែនក៏បានទទួល ការហូបចុកពី ខាងវៀតណាមច្រើនផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែនបានថ្លែង រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរមិនឲ្យ ប្រជាពលរដ្ឋរស់នៅតាមព្រំដែន កុំឲ្យជួលដីឲ្យបរទេស (ដីស្រែ ចំការ) ឲ្យទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។

រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការអភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋាន សម្រាប់កងទ័ពនៅតាមបណ្តា ព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងផ្ញើលិខិតទៅ នាយករដ្ឋមន្រ្តីនៃប្រទេស ដែលមានព្រំប្រទល់ ជាមួយកម្ពុជា ដើម្បីសហការ និងហាមឃាត់មិនឲ្យពលរដ្ឋនៃប្រទេសទាំងនោះ មកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំងអស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ច ដើម្បីជួយលើកស្ទួយជីវភាព ពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង»៕