ពេល​មានគភ៌​គេង​ស្រមុក​ដោះស្រាយ​ដូចម្តេច ?

Sanofi

មាន​ផ្ទៃពោះ​ហេតុអ្វី​គេង​ស្រមុក ? ព្រោះ​ទម្ងន់​របស់​ស្ត្រី​ជា​ម្តាយ​កើនឡើង និង មានការ​ផ្លាស់ប្តូរ​នៃ​អ័រម៉ូន ហេតុនេះ​ពេល​គេង​លង់លក់​ធ្វើឱ្យ​ការដកដង្ហើម​មិនបាន​ស្រួល​ធ្វើ​ឲ្យ​គេង​ស្រមុក​តែម្តង ។ ការ​គេង​ស្រមុក​កើត​មកពី​សាច់ដុំ​អណ្តាត និង គល់​អណ្តាត​ត្រូវបាន​បង្រួញ ជាហេតុ​ធ្វើឱ្យ​អណ្តាត​ធ្លាក់​ចុះទៅ​រាំងស្ទះ​ផ្លូវដង្ហើម​ធ្វើឱ្យ​ខ្យល់​ដង្ហើម​ដែល​យើង ដក​ឆ្លងកាត់​ពី​ច្រមុះ​ទៅកាន់​រន្ធ​ច្រមុះ​ផ្នែក​ខាងក្រោយ​មិនបាន​ស្រួល បង្ក​ឱ្យ​ខ្យល់ ដង្ហើម​វិលវល់​ត្រង់​បរិវេណ​គល់​អណ្តាត​ក្រអូមមាត់ និង កន្លើត ។

ត្រូវ​ចាំ​ថា ក្នុង​ខ្លួន​ស្ត្រី​មានគភ៌​តែងមាន​ការផ្លាស់ប្តូ​រស​រី​រៈ​ដូចជា ទម្ងន់​ខ្លួន​កើនឡើង ជាលិកា បរិវេណ​ត្រង់​បំពង់ក​ផ្នែក​ខាងលើ​ពង្រីក​ខ្លួន​រហូតមក​បិទ​ត្រង់​ផ្លូវដង្ហើម​ដែល​ធ្វើឱ្យ​រន្ធ​ផ្លូវដង្ហើម​ចង្អៀត ។ ក្រៅពីនេះ​ការផ្លាស់ប្តូរ​អ័រម៉ូន​ដែលនាំឱ្យ​សាច់ដុំ​បរិវេណ​ក្នុង​មាត់​ខាងលើ និង បំពង់ខ្យល់​ហើម បង្ក​ឱ្យ រាំងស្ទះ​ខ្យល់​ដង្ហើម ហើយ​ពេល​គេង​លង់លក់​ទើប​កើត​អាការ​ស្រមុក​តែម្តង ។ ដើម្បី​កាត់បន្ថយ​អាកា​រគេង​ស្រមុក​ក្នុងកំលុងពេល​មាន​ផ្ទៃពោះ ត្រូវ​គេង​ផ្អៀង​ឱ្យបាន​ច្រើន ឬ ពេល​ជិត​សម្រាល​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង នឹង​ជួយ​កាត់បន្ថយ​ការ​សង្កត់​ដល់​សរសៃឈាម​ខ្មៅ​ដែល​នៅ​ផ្នែក​ខាងក្រោយ និង ជួយ​កាត់បន្ថយ​អាការ​ងងឹតមុខ ឬ ខ្យល់ចាប់​ជាង​ការ​គេង​ផ្ងារ​យូរ ។

ការ​ទទួលទានដំណេក​ផ្អៀង​នឹង​ជួយ​បន្ថែម​ដល់​បរិមាណ​ឈាម​ឱ្យ​រត់​ទៅកាន់​បេះដូង និង ទៅ​ចិញ្ចឹម​ដល់​រាងកាយ​ផ្សេងៗ​ទៀត​បាន​ប្រសើរឡើង ។ ធ្វើបែបនេះ​ទារក​ក្នុង​ផ្ទៃ​បានទទួល​អុកស៊ីហ្សែន​ច្រើន ជួយ​ឱ្យមាន​សុខភាព​ល្អ និង ចម្រើន​វ័យ​ធំធាត់​ឆាប់រហ័ស ។ ទោះបីយ៉ាងណា​អ្នកជំនាញ​មិនបាន​ណែ​នាំឱ្យ​ទទួលទានដំណេក​បែបនេះ រហូត​នោះឡើយ ព្រោះ​កន្លងមក​ក៏មាន​ស្ត្រី​មានគភ៌​មួយចំនួន​បាន​មករក​គ្រូពេទ្យ ដោយសារ​កើតមាន​អាការ​រលាក​ត្រង់​ឆ្អឹងជំនីរ ឬ ឆ្អឹងខ្ចី​ត្រង់​ឆ្អឹងជំនីរ ដែល​ទាំងនេះ​ដោយសារ​ថា​ស្ត្រី​ជា​ម្តាយ​តែង​គេង​ផ្អៀង​ទៅខាង​ណាមួយ​រយៈពេល​យូរពេក​ដែល​ធ្វើឱ្យ​ទម្ងន់​សង្កត់​ទៅ​កន្លែង​នោះ​យូរ​ដែរ ។​

​ការ​គេង​ដែល​ល្អ​ក្នុងកំលុងពេល​មាន​ផ្ទៃ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ផ្សេងៗ​ឱ្យបាន​ញឹកញាប់​ដើម្បី​កុំឱ្យ​សង្កត់​ទៅលើ​កន្លែង​ណាមួយ​យូរពេក ។ ចំពោះ​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង គឺ​សមរម្យ​ក្នុងពេល​ជិត​ប្រសូត ព្រោះ​ជា​កំលុង ពេលដែល​ស្បូន​មានការ​គាប​ខ្លួន ឬ រួញ​ខ្លួន ធ្វើឱ្យ​បរិមាណ​ឈាម​ក្នុង​ខ្លួន​ស្ត្រី​មានគភ៌​ទៅ​ចិញ្ចឹម​កូនតូច​ថយចុះ ។ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា តាម​លក្ខណៈ​ខាងលើ​ចង្វាក់បេះដូង​ទារក​មានការ​ផ្លាស់ប្តូរ (​លោត​យឺត​ជាង​មុន​) ប៉ុន្តែ​បើ​មានការ​ផ្លាស់ប្តូរ​កាយវិកា​រ នៃ​ការ​គេង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ។​

*​វិធី​បំបាត់​អាកា​រគេង​ស្រមុក
១)​ត្រូវ​គ្រប់គ្រង​ទម្ងន់​មិនឱ្យ​លើស​ក្រឹត្យក្រម ពិសេស​ការកំណត់​អាហារ ផ្អាក​បរិភោគ​អាហារ​ច្រើន​ចំនួន ៣ ម៉ោង មុន​ចូល​ដំណេក ព្រោះ​បើ​ក្រពះ​ពោរពេញ​ទៅដោយ​អាហារ​នឹង​នាំឱ្យ​សន្ទះ​របាំង​ខ្យល់​ត្រូវ​គាបសង្កត់ ហើយ​បង្ក​ឱ្យ​ខ្យល់​ក្នុង​រាងកាយ​ទទួលរង​ការគាបសង្កត់ ។​
២)​ហាត់ប្រាណ​ជាប់​ជាប្រចាំ​ដើម្បីឱ្យ​សាច់ដុំ​រឹងមាំ ។​
៣)​ចៀសវាង​ថ្នាំ​ប្រភេទ​ខ្លះ​ដែល​ធ្វើឱ្យ​ងងុយគេង ដូចជាថ្នាំ​ងងុយគេង ថ្នាំ​រម្ងាប់​ប្រសាទ​ជាដើម ។

៤)​ចៀសវាង​គ្រឿង​ភេសជ្ជៈ​អាល់កុល​គ្រប់​ប្រភេទ ។​
៥)​ចៀសវាង​ការជក់បារី ។​
៦)​ត្រូវ​ឲ្យ​ក្បាល​ដំណេក​ខ្ពស់ជាង​មុន​បន្តិច​ដើម្បី​ជួយ​កាត់បន្ថយ​ដល់​ការគាបសង្កត់​ពី​អណ្តាត និង ថ្គាម ដែលជា​ហេតុ​ធ្វើឱ្យ​កើត​អាការ​ស្រមុក ។​
៧)​បំបាត់​អាការ​ស្រមុក ដោយ​ប្រើ​ឧបករណ៍​ពេទ្យ ដូចជា​ដាក់​ឧបករណ៍ ក្នុង​មាត់​ក៏​ជួយ​កាត់បន្ថយ​អាការ​ស្រមុក​បាន​ដូចគ្នា​ដែរ ។ ក្រៅពីនេះ​ការបំបាត់​អាការ​រលាក​ច្រមុះ សាច់​ដុះ​ក្នុង​ច្រមុះ ការវះកាត់​សាច់​ដុះ​អាមីដាល់​ក៏​ជួយ​បំបាត់ អាការ​ស្រមុក​បាន​ទាំងអស់ ។​

*​ការ​គេង​ស្រមុក​មាន ២ ប្រភេទ​
១)​ស្រមុក​បែប​ធម្មតា (Primary Snoring) មិន​បង្ក​គ្រោះថ្នាក់ ព្រោះ​វា​មិន​បង្ក​ការស្ទះ​ដង្ហើម​ក្នុងពេល​គេង​លង់លក់ ហេតុនេះ​អ្នកជំងឺ​មិន​ទទួលរង​ការភ័យខ្លាច ។​
២)​ការ​ស្រមុក​គ្រោះថ្នាក់ (Obstructive Sleep Apnea) អាច​កើតជា​អាការ ឈប់​ដកដង្ហើម​ពេល​កំពុង​លង់លក់ ។ នៅពេល​កំពុង​គេង​លង់លក់​អាច​កើត មាន​អាការ​ស្ទុះ​ភ្ញាក់ ស្ទះដង្ហើម មូលហេតុ​ទាំងនេះ​គឺ​ដោយសារ​រាងកាយ​ទទួល​អុកស៊ីហ្សែន​មិន​គ្រប់គ្រាន់ ។

អាការ​នេះ​បើ​មិន​បានទទួល​ការព្យាបាល​ទេ​អាច​បង្ក​ឱ្យ​កើត​អាការ​ងងុយ​ខ្លាំង​ខុសពី​ប្រក្រតី​នៅពេល​ថ្ងៃ ។ ក្រៅពីនេះ​ប្រឈម មុខ​ខ្ពស់​ក្នុងការ​កើតរោគ​ផ្សេងៗ​ទៀត ដូចជា ជំងឺលើសឈាម រោគ​បេះដូង​ភ្លាមៗ បេះដូង​លោត​ខុស​ប្រក្រតី រោគ​សរសៃឈាម​ខួរក្បាល​ជាដើម ៕​ ​ដេប៉ូ​ ​ ​

​ ​

Related