​ប្រចណ្ឌប្រពន្ធជា​មួយ​ប្តីមុន​​វាយសម្លាប់​​​រួចយក​សពប្រពន្ធ​​ដុត​​​ក្នុង​ពាង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​ ត្រូវ​​​ប្តី​កំណាច​វាយ​សម្លាប់យក​​សព​ទៅ​​ដាក់​​ក្នុង​ពាង​​រួច​​ចាក់​សាំង និង​កង់​​រថយន្ត​ ​ម៉ូតូដុត ព្រោះតែ​​​កើត​រោគប្រចណ្ឌ​ខឹង​ប្រពន្ធ​ចង់ទៅ​រួមរស់​ជាមួយ​​បុរស​ជា​ប្តី​មុន​វិញ ​ដែល​ករណី​នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃទី​១៣ វិច្ឆិកា ​ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋមាន​ការ​​ភ្ញាក់ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​​។​

លោក​ ម៉ក់ ហុង​ អធិការ​ខណ្ឌ​សែន​សុខ ​បានបញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ ឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ ចំណែក​ប្តី​ចិត្ត​កំណាច​ឃោរ​ឃៅ​​​​ជា​ជនសង្ស័យ​ ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា ​ក្រោយ​ពី​​ធ្វើ​សកម្មភាព​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

លោក​ ម៉ក់ ហុង បាន​​បន្ត​​ថា បើ​តាម​អ្នក​ជិតខាង​​បាន​ឱ្យ​​ដឹង​ថា នៅ​យប់​​មុន​ពេល​​កើតហេតុ​នោះ​ គេ​ឮប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​​​ខាង​លើ​​​នេះ បាន​​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ​​ក្រោយមក​ក៏​ឃើញ​​បុរស​ជា​ប្តី​​ដើរ​ចេញ​មក​ខាងក្រៅ ដោយ​ប្រាប់​អ្នក​ជិតខាង​ថា គេ​​សម្លាប់​ប្រពន្ធ​​បាត់​ទៅ​ហើយ​ ពេល​នោះ អ្នក​ជិតខាង​មិន​​ចាប់អារម្មណ៍​ឡើយ​ដោយ​នឹក​ស្មាន​ថា​និយាយ​លេង ​។ បន្ទាប់​មក​នៅ​​​ម៉ោង​​៩​យប់​ថ្ងៃទី១៣ វិច្ឆិកា ​ដោយ​​មានការ​​សង្ស័យ​ដូច​ជា​​ដុត​អ្វី​ម្យ៉ាង​នៅ​ក្នុង​ពាងនៃ​បរិវេណ​ផ្ទះ​នោះ ​​​ក៏​​បាន​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ​ព្រោះ​ខ្លាច​មាន​អគ្គិភ័យ​ឆាបឆេះ​ ​ពេល​​សមត្ថកិច្ច​មក​ដល់ ប៉ុន្តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោបិទ​ជិត ដូច្នេះ​សមត្ថកិច្ច​មិន​អាច​ចូល​ទៅ​ក្នុងផ្ទះ​បានទេ ​បាន​ត្រឹមតែ​ឃ្លាំ​មើល​អស់​មួយ​យប់​ ។ លុះ​ព្រឹក​​ឡើង​ថ្ងៃ​ទី​១៤ វិ​ច្ឆិកា ​​​សមត្ថកិច្ច​សុំ​ដីកាពី​ព្រះរាជអាជ្ញាដើម្បី​កាត់​សោ​ផ្ទះ​​ត្រួត​ពិនិត្យ​ ​​ស្រាប់​តែ​​ឃើញ​មាន​ឆ្អឹង​មនុស្ស​នៅ​ក្នុង​ពាង​ដែល​ដុត​នោះ ​។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ មក​ទល់​ពេល​នេះ សមត្ថកិច្ច​​បាន​​និង​កំពុង​​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​​