រ៉ូ​ណា​ល់​ដូ ​៖ ​ខ្ញុំ​ចង់​ចូល​និវត្តន៍​ជាមួយនឹង​ភាព​ថ្លៃថ្នូរ

ក្នុង​កិច្ច​សម្ភាសន៍​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ITV កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កីឡាករ​រ៉ូ​ណា​ល់​ដូ និយាយ​ថា រូបគេ​ចង់​បញ្ចប់​អាជីព​នៅ​លី​ក​កំពូល​ជាមួយនឹង​ភាព​ថ្លៃថ្នូរ ដោយ​មិន​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក ហ្កា​តា ឬ​ក៏​ឌូ​បៃ​នោះ​ទេ ។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ក្លិប Real Madrid រូប​នេះ​អះអាង​ថា រូបគេ​នឹង​ចូល​និវត្តន៍​នៅ​រយៈពេល​៦​ឬ​៧​ឆ្នាំ​ទៀត ហើយ​សង្ឃឹមថា​បញ្ចប់​អាជីព​នៅ​ចំណុច​ដែល​ល្អ​បំផុត​។ រ៉ូ​ណា​ល់​ដូ​ដែល​ឈាន​ចូល​វ័យ​៣១​ឆ្នាំ កាលពី​ខែកុម្ភៈ​បាន​ក្លាយ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ឈានមុខ​គេ​កាលពី​ខែ​មុន និង​បាន​ឈ្នះ​ពាន Ballond’or ចំនួន​៣​លើក​ព្រមទាំង​ក្លាយជា​កីឡាករ​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក​ទៀត​ផង ។

ចំណែក​កីឡាករ​លំដាប់​កំពូល​មួយ​ចំនួន​បាន​បញ្ចប់​អាជីព​របស់​ពួក​គេ​នៅ​ខាងក្រៅ​លី​ក​កំពូល​របស់​អឺរ៉ុប ។ ក្នុង​ចំណោម​ពួក​គេ​ក្លិប​អា​មេ​រិ​ក MSL បាន​ទិញ​កីឡាករ Didier Drogba, Steven Gerrard, Frank Lampard, Andrea Pirlo, David Villa និង Xavi ដែល​ជា​កីឡាករ​ខ្សែបម្រើ​ស្លាប​យូរអង្វែង​របស់​ក្លិប Barcelona ដែល​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប Qatari Al Sadd កាលពី​ខែឧសភា ។

រ៉ូ​ណា​ល់​ដូ​និយាយ​ថា វា​មិនមែន​ជា​រឿងអាក្រក់​ទេ​ដែល​លេង​ឱ្យ​លី​ក​សហរដ្ឋអាមេរិក ហ្កា​តា​ឬ​ក៏​ឌូ​បៃ​នោះ ។ កាលពី​ខែមីនា គេហទំព័រ​កីឡា Sport Illustrate d’s Grant Wahl រាយការណ៍​ថា គម្រោង​របស់​រ៉ូ​ណា​ល់​ដូច​ង់​ចូល​លេង​ឱ្យ​ក្លិប​អា​មេ​រិ​ក MSL ក្រោយ​ពី​បញ្ចប់​កុងត្រា​របស់​គេ​ក្នុង​ឆ្នាំ​២០១៨ ។ ១​ស​ប្តា​ហ៍​ក្រោយមក​ប្រភព​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា មិន​ត្រឹមតែ​លេង​ក្នុង​លី​ក​អា​មេ​រិ​ក​ទេ ប៉ុន្តែ​រ៉ូ​ណា​ល់​ដូ​ក៏​បាន​បង្ហាញ​ពី​ទីក្រុង​ដែល​គេ​ពេញចិត្ត​គឺ​ឡូ​ស អេ​ន​ជឺ​ឡេ​ស​ផង​ដែរ ៕