E-Sports ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​3 និង​ទី​4​ហើយ

រា​ជ​ធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៦​ប្រចាំ​តំបន់​ទី​៣ និង​ទី​៤​ហើយ​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​តំបន់​ទី​៤​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ ។ ក្រុម​ខ្លាំង​ទាំង​៦​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខែធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ​នៅ​ខេត្តកំពត​។

ការ​ប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៤​ដែល​មាន​ខេត្ត​ចំនួន​៥​គឺ បាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់ ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ដល់​ថ្ងៃ​ទី​១៤ វិច្ឆិកា មាន​ក្រុម​ច្រើន​ចូលរួម​ប្រកួត ។ ជា​លទ្ធផល​ក្រុម NeverCare មក​ពី​ខេត្តកំពង់ឆ្នាំង ក្រុម​Will Show U មក​ពី​ខេត្តបាត់ដំបង និង​ក្រុម G-Mission មក​ពី​ខេត្តបាត់ដំបង​បាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ NeverCare បាន​យកឈ្នះ Naga Five ដោយ​លទ្ធផល ៥-០, Will Show U បាន​យកឈ្នះ G-Mission ដោយ​លទ្ធផល ៥-៣​។

ដោយសារ​តំបន់​ទី​៤​នេះ​មាន​ក្រុម​ចូលរួម​ច្រើន និង​ត្រូវ​យក​៣​ក្រុម​ដើម្បី​បំពេញ​១៦​ក្រុម​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ដូច្នេះ​ក្រុម​ចាញ់​គឺ G-Mission និង Naga Five ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​អ្នក​ឈ្នះ​មួយ​ក្រុម​ទៀត ។ ជា​លទ្ធផល G-Mission ឈ្នះ Naga Five ដោយ​លទ្ធផល ៥-២ ហើយ​មាន​សិទ្ធិ​រួម​ដំណើរ​ជាមួយ NeverCare និង Will Show U ទៅ​បុណ្យ​សមុទ្រ ។

ទោះជា​យ៉ាងណា មាន​តែ​ក្រុម NeverCare និង Will Show U តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ​ដើម្បី​ស្វែងរក​លេខ​១​ប្រចាំ​តំបន់​ដែល​មាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ និង​លេខ​២​ដែល​មាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ​។ ចំណែក G-Mission ជា​ក្រុម​លេខ​៣​ប្រចាំ​តំបន់​ទី​៤​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រទូ​ទាំង​ប្រទេស​នៅ​បុណ្យ​សមុទ្រ​។

ចំណែក​លទ្ធផល​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង​ប្រចាំ​តំបន់​ទី​៣​កាលពី​ស​ប្តា​ហ៍​មុន​ក៏​មិន​ខុស​ពី​តំបន់​ទី​៤​ដែរ ដោយ​យក​ក្រុម​ខ្លាំង​៣​ក្រុម​សម្រាប់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​គឺ​ក្រុម Team Orn70 មក​ពី​ខេត្តកំពង់ធំ និង FiveDragon មក​ពី​ខេត្តសៀមរាប​សម្រាប់​ប្រកួត​ស្វែងរក​លេខ​១​និង​លេខ​២​ប្រចាំ​តំបន់ ខណៈ​ក្រុម The Chance មក​ពី​ខេត្តសៀមរាប​ដែរ​នោះ​គឺ​ជាប់​លេខ​៣​ប្រចាំ​តំបន់​។

មុន​មាន​សិទ្ធិ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ក្រុម Team Orn70 បាន​យកឈ្នះ​ក្រុម The MarShai ដោយ​លទ្ធផល ៥-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម Five Dragon បាន​យកឈ្នះ​ក្រុម The Chance ដោយ​លទ្ធផល ៥-២ ។ ចំណែក The Chance បាន​យកឈ្នះ The MarShai ដោយ​លទ្ធផល ៥-២ ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ​៣ ។ សូម​បញ្ជាក់​ថា តំបន់​ទី​៣​មាន​ខេត្ត​ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះ​វិហារ និង​កំពង់ធំ ប្រកួត​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ។

រហូត​មក​ដល់​ពេល​នេះ​ការ​ប្រកួត​បាន​បញ្ចប់​៤​តំបន់​ហើយ និង​រក​ឃើញ​ក្រុម​ចំនួន​១០​គឺ​តំបន់​ទី​១ រកបាន​២​ក្រុម តំបន់​ទី​២ រកបាន​២​ក្រុម តំបន់​ទី​៣​រកបាន​៣​ក្រុម និង​តំបន់​ទី​៤​រកបាន​៣​ក្រុម ។ ការ​ប្រកួត​នឹង​ស្វែងរក​ក្រុម​ចំនួន​៦​ទៀត​ពី​តំបន់​ទី​៥​នៅ​រាជធានី​ភ្នំពេញ និង​ទី​៦​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ ។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ទាំង​៦​តំបន់ ក្រុម​ទាំង​១៦​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ចាប់ពី​ថ្ងៃ​ទី​១១-១២ ខែធ្នូ ដើម្បី​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ​ដែល​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ លេខ​២​ទទួល​បាន​១០០០​ដុល្លារ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ ។ ក្រុម​ជាប់​លេខ​១ និង​លេខ​២​នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ MATIC ឆ្នាំ​២០១៦​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៕