សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ដំឡើង​ខ្សែក្រវាត់​ដល់​កីឡាករ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សា​របឹង​ត្របែក កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ដំឡើង​ខ្សែក្រវាត់​ដល់​កីឡាករ​-​កីឡាការិនី​ចំនួន​២៥​នាក់ ក្រោយ​ពី​បាន​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ។

លោក​គង់ ស៊ី​ណា គ្រូបង្ហាត់​ប្រចាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បានឱ្យ​ដឹង​ថា កីឡាករ​ដែល​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ក្រោយ​ពី​បាន​ហ្វឹកហាត់​អស់​រយៈពេល​២​ឆ្នាំ​ត្រូវ​បាន​ដំឡើង​កម្រិត​១​ដាន់​មាន​ចំនួន​៥​នាក់ កម្រិត​២​ដាន់​មាន​ចំនួន​២​នាក់ ។ ចំណែក​កម្រិត​ខ្សែក្រវាត់​ពណ៌​ត្នោត មាន​៥​នាក់ ដែល​បាន​ហ្វឹកហាត់​អស់​រយៈ​១៧​ខែ និង​មានការ​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ដែល​ទើបតែ​ចូល​ហ្វឹកហាត់​ចំនួន​១៣​នាក់​ទៀត ។ លោក​បាន​បន្ត​ថា ពិធី​ដែល​បាន​ធ្វើ​ឡើង​ក្នុងថ្ងៃនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ខិតខំ​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ មាន​ក្លិប​ចំណុះ​តែ​៥​ប៉ុណ្ណោះ និង​មាន​សិស្ស​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​ចំនួន​ជាង​១០០​នាក់​។ សហព័ន្ធ​ក៏​មាន​បំណង​រៀបចំ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ដូច​វិញ្ញាសា​ដទៃ​ទៀត​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​នៅឡើយ ។ សហព័ន្ធ​ធ្លាប់​ធ្វើ​សំណើ​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​ទទួលស្គាល់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ជា​ផ្លូវការ​ដែរ ក៏​ប៉ុន្តែ​ក្រសួង​មិន​បាន​ឆ្លើយ​តប​ឡើយ ។ ទោះជា​យ៉ាងណា​លោក​នៅ​តែ​ខិតខំ​ជំរុញ​កីឡា​ហាប់​គី​ដូ​មួយ​នេះ ឱ្យ​មានការ​រីក​ចម្រើន​ដូច​វិញ្ញាសា​ដទៃ​ទៀត ។

លោក​ម៉ក់ សំ​អុល ប្រធាន​សមាគម​កីឡា​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដំឡើង​ខ្សែក្រវាត់​ក្នុង​ថ្ងៃ​នោះ​ដែរ បាន​មាន​ប្រសាសន៍​ថា លោក​ចង់ឱ្យ​មានកម្ម​វិធី​ហ្វឹកហាត់​ក្បាច់គុន​នៅ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ទាំង​កម្លាំង​ប៉ូលិស និង​កម្លាំង​កងទ័ព ព្រោះថា បើកាលណា​កងកម្លាំង​ចេះ​ក្បាច់គុន​ជាប់​នឹង​ខ្លួន គឺជា​ការ​ប្រសើរ​ខ្លាំង​ណាស់ ។  លោក​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា ពុំ​សូវ​មាន​អំពើ​ភេ​វរ​កម្ម​កើតឡើង​មែន ប៉ុន្តែ​កើត​មាន​ច្រើន​នៅ​លើ​ពិភពលោក ។ ម្យ៉ាងវិញទៀត​កីឡា​មាន​ផលប្រយោជន៍​ច្រើន ក្នុង​នោះ​ក៏​ធ្វើ​ឱ្យ​ខ្លួន​យើង​មាន​សុខ​ភាពរឹងមាំ​ផង​ដែរ ៕