បុរស​ម្នាក់​ត្រូវ​ពស់ពព្លាក់​ខាំ ខណៈ​កំពុង​កាត់​ស្មៅ​ក្នុង​ចម្ការ​ដំឡូង​មី

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ទៅ​កាត់​ស្មៅ​ក្នុង​ចម្ការ​ដំឡូង​មី​ស្រាប់តែ​ត្រូវ​ពស់​ពិស​ខាំ​ចំ​ប្រអប់ជើង​ស្តាំ​មុត​ចំនួន​៤​ចង្កូត ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​ស្តោះផ្លុំ​នៅផ្ទះ​គ្រូខ្មែរ តែ​ដោយ​​មុខរបួស​​ឈឺ​ក្តៅ​ខ្លាំង​ឡើង​ៗ ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​បន្សាប​ជាតិ​ពិស​ទាល់​ពេល ។

ហេតុការណ៍​បុរស​ត្រូវ​ពស់​ពិស​ខាំ​បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​នៅ​លើ​ប្រអប់ជើង​ស្តាំ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ចំណុច​កូនភ្នំ ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ហើយ​ជន​រង​គ្រោះ​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ យួន សុ​ខឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ ត្រូវ​ពស់ពព្លាក់​ខាំ របួស​ប្រអប់ជើង​ស្តាំ​ចំនួន​៤​ចង្កូម មាន​ប្រពន្ធ​ឈ្មោះ នឿ​ន ស៊ី​ណា អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​កុយ​ម៉ែ​ង ឃុំ​កុយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នាង​មាន​ដីចម្ការ​ចំនួន​២​ហិ​កតា​ដាំដំឡូង​មី​នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ជា​រៀងរាល់ថ្ងៃ​ប្តី​របស់​នាង​តែងតែ​នាំ​នាង​​ទៅ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ លុះ​នៅ​រសៀល​ថ្ងៃ​កើតហេតុ ខណៈ​យក​កណ្តៀវ​កាត់​ស្មៅ​សុខ​ៗ ស្រាប់តែ​ជាន់​លើ​ពស់ពព្លាក់ បណ្តាល​ឱ្យ​ខាំ​ចំ​ប្រអប់ជើង​ស្តាំ ហូរ​ឈាម ហើយ​ក៏​រត់​ចូល​ព្រៃ​បាត់​ស្រមោល ។ នាង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ នាង​បាន​នាំ​ប្តី​ទៅ​ឱ្យ​គ្រូខ្មែរ​បុរាណ​ស្តោះផ្លុំ លុះ​មួយ​ម៉ោង​ក្រោយមក​ស្រាប់តែ​មុខរបួស​កាន់តែ​ក្តៅ​ខ្លាំង​ឡើង​ៗ ​នាង​មិន​ទុកចិត្ត​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រហូត​មក​ដល់​ពេល​នេះ​មុខរបួស​ជើង​គាត់​នៅ​តែ​ក្តៅ​តិច​ៗ​ដូច​ម្ទេស​រោល ហើយ​ឈឺ​ចុក ប៉ុន្តែ​ធូរ​បន្តិច​ម្តង​ៗ មិន​ដូច​កាល​ស្តោះ​កន្លែង​គ្រូខ្មែរ ដែល​ចុក​ស្ទើរ​ទ្រាំ​មិន​បាន​នោះ​ទេ ។

គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ពេល​នេះ​ជន​រង​គ្រោះ​មាន​សភាព​ធូរស្រាល​ជាង​មុន ហើយ​បើ​ទុក​យូរ​បន្តិច​ខណៈ​ជាតិ​ពិស​ជ្រាប​ចូល​ក្នុង​បេះដូង នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​ឡើយ ៕