ភេរវកម្ម​ប៉ារីស បែលហ្ស៊ិក​បើកអង្កេត​ និង​បោស​សម្អាតជង្រុក​អ៊ីស្លាម​ជ្រុល​និយម

ថ្ងៃ​អាទិត្យ​នេះ បារាំង​បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ថ្នាក់​ជាតិ​បី​ថ្ងៃ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ១២៩​នាក់ ដែល​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​រន្ធត់​ បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​អង្កេត​វិញ មាន​ការ​វិវឌ្ឍន៍ច្រើន។ នៅ​យប់មិញ​ ​រដ្ឋ​អាជ្ញា​បារាំង ​បាន​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​​ដំណើរ​ដើម​ទង​ នៃ​ការ​វាយប្រហារ​ យ៉ាង​លម្អិត រៀបរាប់​ជាដំណាក់ៗ ពី​មួយនាទី​ទៅ​មួយ​នាទី ពួក​ភេរវជន​ធ្វើ​អ្វី ​​ហើយ​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ប៉ូលិស​បារាំង​បាន​​រក​ឃើញ​និង​ឃាត់​ខ្លួន​សួរ​ចម្លើយ ក្រុមគ្រួសារ​​របស់​ភេរវជន​ម្នាក់ ដែល​ប៉ូលិស​អាច​កំណត់អត្តសញ្ញាណ​បាន​តាំង​ពី​ថ្ងៃម្សិលមិញ​មក។