ប្រទេស​បារាំង​បាន​ឈាន​ដល់​ថ្ងៃ​ទី២​នៃការ​កាន់​ទុក្ខជាតិ

ប្រទេស​បារាំង​បាន​ឈាន​ដល់​ថ្ងៃ​ទី២​នៃការ​កាន់​ទុក្ខជាតិ

កម្រងផ្កា​និង​ទៀន​ត្រូវ​បាន​គេ​ដាក់​នៅ​ពី​មុខ​ភោជនីយដ្ឋាន​ នៅ​វិថី Rue de Charonne ក្នុង​ក្រុង​ប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ប្រទេស​បារាំង​បាន​ឈាន​ដល់​ថ្ងៃ​ទី២​នៃការ​កាន់​ទុក្ខជាតិទាហាន​បារាំង​ដើរ​ល្បាត​នៅ ​Eiffel Tower ដែល​នៅ​តែ​បិទ​ច្រក​ឆ្លង​កាត់​នៅ​ថ្ងៃ​កាន់​ទុក្ខ។

បារាំង​បាន​ចូល​ថ្ងៃ​ទី២​នៃ​ការ​កាន់​ទុក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ពី​ការ​បង្ហូរឈាម​នៅ​ទី​កន្លែង​ជា​ច្រើន​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​បាន​ធ្វើ​ឡើង​ដោយក្រុម​ខ្មាន់​កាំភ្លើង​៣ក្រុម ​អ្នក​ខ្លះ​បាន​ពាក់អាវ​កាក់​អត្ត​ឃាតុ។​ មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១២៩​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដូច​កម្រោល​ចូល​នោះ។​ មនុស្ស​៣៥២​នាក់ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​សម្លាប់​នេះ ​រួម​មាន​៩៩​នាក់​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។

លោក​ប្រធានា​ធិបតីបារាំង​ Francois Hollande ​បាន​មាន​ប្រសាសន៍​ថា ​ការ​វាយ​ប្រហារ​ដែល​បាន​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ន័យ​ថា ជា​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រទេស​របស់​លោក ​ហើយ​លោក​ប្រធានា​ធិបតី​មាន​ការ​បារម្ភ​ថា ​ពួក​ភេរវជន​អាច​រៀប​ចំ​ផែនការ​វាយ​ប្រហារ​កាន់​តែ​ច្រើន​ឡើង​ទៀត។

នៅ​ថ្ងៃនេះ​ដែរ ប៉ូលិស​បារាំង​បាន​ចាប់​ខ្លួន​មនុស្ស​៦​នាក់​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ទៅ​នឹង​ភេរវជន​ម្នាក់​ដែល​បាន​វាយ​ប្រហារ​ទី​ក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​សុក្រ។ មន្ត្រី​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ឪពុក ​បងប្អូន​ប្រុស​និង​បង​ប្អូន​ស្រី​ថ្លៃ​របស់​ Omar Ismail Mostefai ​ស្ថិត​ក្នុង​ចំណោមមនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ។

Mostefai ​គឺ​ជាអ្នក​វាយ​ប្រហារ​ម្នាក់​ក្នុង​ចំណោម​អ្នក​វាយ​ប្រហារ​៧​នាក់​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ដំណាល​គ្នា។​ លោក ​Francois Molins ​រដ្ឋ​អាជ្ញា​បារាំង​បាន​មាន​ប្រសាសន៍​ថា ​Mostefai ​ត្រូវ​បាន​ប៉ូលិស​ស្គាល់​ថា​ ជា​ឧក្រិដ្ឋ​ជន​កំប៉ិក​កំប៉ុក​ ហើយ​មិន​ធ្លាប់​បាន​ទាក់​ទិន​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ឬទាក់ទិន​ជាមួយ​អង្គការ​ភេរវកម្ម​ទេ។

ប្រទេស​បារាំង​បាន​ឈាន​ដល់​ថ្ងៃ​ទី២​នៃការ​កាន់​ទុក្ខជាតិទាហាន​បារាំង​ដើរ​ល្បាត​នៅ ​Eiffel Tower ដែល​នៅ​តែ​បិទ​ច្រក​ឆ្លង​កាត់​នៅ​ថ្ងៃ​កាន់​ទុក្ខ។

ពួក​អាជ្ញាធរ​បា​រាំង​និយាយ​ថា ​លិខិត​ឆ្លង​ដែន​ស៊ីរី ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ជាប់​នឹង​សាកសព​របស់​អ្នក​វាយ​ប្រហារ​ម្នាក់។ ការ​រក​ឃើញ​នេះ​កំពុង​បង្កើន​ការ​សង្ស័យ​ថា ​បុរស​នោះ​អាច​ចូល​មក​អឺរ៉ុប​ ​ជា​ផ្នែក​មួយ​នៃ​ជនចំណាក​ស្រុក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី។

លោក​ Nikos Toskas ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ពលរដ្ឋ​ក្រិក ​បាន​និយាយ​ថា៖ «យើង​ បញ្ជាក់​ថា​ អ្នក​កាន់​លិខិត​ឆ្លង​ដែន​ស៊ីរី​នោះ ​បាន​ឆ្លង​កាត់​កោះ​ឡេរ៉ូស​នៃ​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​ទី៣ ​ខែ​តុលា ​ដែល​នៅ​ទី​នោះ ​ជននោះ​បាន​ចុះ​ឈ្មោះ​នៅ​ក្រោម​ច្បាប់​របស់​សហ​ភាព​អឺរ៉ុប‍»។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​រថយន្ត​មួយ​គ្រឿង​ប្រើ​ប្រាស់​ដោយ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់ប្រហារ​ទៅ​លើ​មនុស្ស​នៅ​ក្នុង​ភោជនីយដ្ឋាន​ក្នុង​អំឡុង​នៃ​ការ​វាយ​ប្រហារ ​បាន​ត្រូវ​គេ​រកឃើញ​នៅ​ជាយ​ក្រុង​ខាង​កើត​ក្រុង ​Montreuil៕