ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS


នៅក្នុងការថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីបារាំង បានវិលមកលំអិត ជុំវិញ​ភេរវកម្ម​ដ៏​រង្គាល ដែល​បាន​ប្រព្រឹត្តិ​ទៅ កណ្ដាល​រដ្ឋធានី ប៉ារីស កាលពីយប់ថ្ងៃសុក្រ។ លោក​បាន​ប្រកាស​ថា ប្រទេស​បារាំង​កំពុង​ធ្វើ​«សង្គ្រាម» ប្រឆាំង​សត្រូវ​មួយ នោះ​គឺក្រុម​រដ្ឋ​អ៊ីស្លាម។
ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS

ការប្រហារជីវិតជាក្រុម ដោយកាត់ក ទៅលើចំណាប់ខ្មាំងច្រើននាក់ ដោយក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រាសាទដ៏ចំណាស់មួយ ស្ថិតនៅភាគកណ្ដាល នៃប្រទេសស៊ីរី។ (រូបថតផ្តិតពីវីដេអូ)

«ពិតហើយ យើងកំពុងធ្វើសង្គ្រាម» នេះជាការប្រកាសឲ្យដឹង នៅតាមកញ្ចក់ទូរទស្សន៍ «TF1» របស់​លោក​នាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល (Manuel Valls)។ លោក បានថ្លែងបន្តថា៖ «យើងនឹងចាត់នូវវិធានការ យ៉ាង​ពិសេសៗ។ យើងនឹងឆ្លើយតប ហើយយើងនឹងបើក​ការវាយប្រហារ ប្រឆាំងក្រុម ជីហាដ (jihad ដែល​មាន​ន័យថា កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះឡាហ៍) ទាំងនេះ ដើម្បីកំទេចវាឲ្យអស់ ពីប្រទេសបារាំង ទ្វីបអ៊ឺរ៉ុប ប្រទេស​ស៊ីរី និងពីប្រទេសអៀរ៉ាក់។»

លោក វ៉ាល បានអះអាងទៀតថា ការវាយបកតបតររបស់បារាំង នឹងមានកម្រិតដូចគ្នា ទៅនឹង​ការវាយ​ប្រហារ​ភេរវកម្ម មកលើប្រទេសបារាំង ហើយបានសន្យាថា៖ «យើងនឹងឈ្នះសង្គ្រាមនេះ។ (...) យើង​បាន​ដឹង និងនិយាយគ្នា ជាមុនហើយថា នឹងមិនអាចជៀស ពីហនិភ័យបានទេ។»

កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកប្រកាសទទួលស្គាល់ តាមគេហទំព័រផ្លូវការរបស់ខ្លួន ថាក្រុមខ្លួនពិតជានៅពីក្រោយ ភេរវកម្មដ៏គួរឲ្យតក់ស្លុត កណ្ដាលរដ្ឋធានី ប៉ារីស ក្នុងយប់ថ្ងៃសុក្រ។ នៅ​ចំពោះ​ការប្រកាសទទួលស្គាល់ របស់ក្រុមរដ្ឋអ៊ីស្លាមនេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងពន្យល់ថា៖ «ក្រុមនេះ​បាន​រៀបចំ​គម្រោង យ៉ាងហ្មត់ចត់ ព្រោះជាកងកម្លាំងប្រដាប់អាវុធមួយ ដែលមានបំណងតាំងពីច្រើនឆ្នាំមកហើយ ក្នុង​ការ​វាយ​ប្រហារប្រទេសបារាំង។ នោះ ដោយសារតែប្រទេសបារាំង ជាប្រទេសប្រជាធិបតេយ្យ ជា​ប្រទេស​ដែល​នៅ​ឈរ​ជានិច្ច ជាប្រទេសសេរី។»

«សត្រូវរបស់យើង គឺក្រុមស្ម័គ្រប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម។ ខ្ញុំដឹងថា ពលរដ្ឋបារាំងទាំងអស់ នឹងរួមគ្នាជាធ្លុងមួយ នៅជុំវិញចំណាត់ការ របស់រដ្ឋាភិបាល។ (...) យើងត្រូវកំទេច រាល់ខ្មាំងសត្រូវទាំងអស់ ដែលប្រឆាំង នឹង​សាធារណរដ្ឋ​​នៃ​យើង។ ពលរដ្ឋបារាំង ត្រូវតែរឹងមាំ។»

តុល្យភាពផ្លូវការចុងក្រោយ ក្រោយការវាយប្រហារភេរវកម្ម កាលពីយប់ថ្ងៃសុក្រ ដែលប្រកាសដោយ​លោក ហ្វ្រង់ស៊័ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញា​បារាំង ប្រចាំរដ្ឋធានី បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មាន​ចំនួន​១២៩នាក់ និងជនរងរបួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ៕