លោក​អេង​ឆៃអ៊ាង​ថា លោក​សមរង្ស៊ី នឹង​មកដល់​ភ្នំពេញ នៅយប់​ថ្ងៃទី​១៦​វិច្ឆិកា ហើយ​ប្រគល់​ខ្លួន ឲ្យ​ប៉ូលិស​ចាប់​

ភ្នំពេញ: លោក​អេង​ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នក​ស្និទ្ធ​នឹង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក​សមរង្ស៊ី នឹង​វិល​ត្រលប់​មកដល់​ភ្នំពេញ​វិញ នៅ​ម៉ោង ១០ យប់ ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៥​។ លោក​សមរង្ស៊ី ក៏បាន​សម្រេច​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់ខ្លួន ដែល​អនុវត្តតាម​ដីកា​របស់​តុលាការ​។ ក្នុងនោះ លោក​សមរង្ស៊ី ក៏បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ភាពស្ងាត់ស្ងៀម កុំ​តវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​រូប​លោ​កឡើ​យ​។​

​លោក​អេង​ឆៃអ៊ាង បាន​ថ្លែង​ខាងលើនេះ ក្នុងការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​យប់​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​។ លោក​អេង​ឆៃអ៊ាង បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ លោក​សមរង្ស៊ី គ្រោង​នឹង​វិល​ត្រលប់​មកពី​ប្រទេស​កូរ៉េខាងត្បូង ដោយ​ចុះចត​នៅ​ខេត្តសៀមរាប​។ ក៏ប៉ុន្តែ​ដោយសារតែ​ជើងហោះហើរ​ពី​កូរ៉េ​ទៅកាន់​ខេត្តសៀមរាប ត្រូវ​ឈប់​ចោល​ជើងហោះហើរ​វិញ ទើប​លោក​សមរង្ស៊ី ប្តូរ​យន្តហោះ មកពី​កូរ៉េ ហោះ​ត្រង់​មក​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ លោក​អេង​ឆៃអ៊ាង បាន​ឲ្យ​ដឹងថា លោក​សមរង្ស៊ី កំពុង​ព្យាយាម​ទាក់ទង​ទៅកាន់​សម្តេច​សខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅ​រដ្ឋសភា ព្រមទាំង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជាក់ថា លោក​ព្រម​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​ប៉ូលិស ពេល​លោក​មកដល់​ភ្នំពេញ​។

​ជាមួយគ្នា​នោះ លោក​សមរង្ស៊ី ក៏បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​កុំ​ឲ្យ​មានការ​ប្រមូលផ្តុំ តវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​រូប ព្រោះ​ខ្លាច​កើតមាន​អំពើហិង្សា​ណាមួយ​៕​