ជាប់គុក​៣​ដង​ហើយ​មិន​រាង ចេញ​មក​វិញ​កាច់​.​ក​ម៉ូតូ​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ចូល​គុក​វិញ

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដែល​ជំនាញ​កាច់​សោ​.​ក​ម៉ូតូ​ធ្លាប់​ជាប់គុក​៣​ដង ពេល​ចេញពី​គុក​បាន​១​ខែ​ក៏​បន្លំ​ចូល​ដេក​នៅផ្ទះ​សំណាក់​យីហោ គឹ​ម ឡុ​ង រួច​ចុះ​មក​កាច់​សោ​.​ក​ម៉ូតូ​ក្នុងផ្ទះ​សំណាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​ធ្វើការ​ឃាត់ខ្លួន​​ពេល​​ហៅ​មក​ធ្វើការ​សាកសួរ ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្ថិត​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប រួច​បញ្ជូន​ទៅ​កាន់​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​អនុវត្ត​បន្ត ។

លោក​វរសេនីយទោ ហង្ស វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៥កន្លង​មក ទើប​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​ជីក្រែង​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សួរនាំ ។ លោក​បន្ត​ថា ក្រោយ​ពី​បាន​សួរនាំ​ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​លួច​កាច់​សោ.ក​ម៉ូតូ និង​ធ្លាប់​ជាប់គុក​៣​ដង​រួច​មក​ហើយ ។ ក្រោយ​ចេញពី​គុក​បាន​១​ខែ ក៏​បាន​​បន្លំ​ខ្លួន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ គឹ​ម ឡុ​ង ហើយ​ក៏​លួច​កាច់​សោ​.​ក​ម៉ូតូ​ក្នុងផ្ទះ​សំណាក់​ម្តងទៀត ។

លោក​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ស៊ឹ​ម សា​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ធ្លាប់​ជាប់គុក​៣​ដង ចុង​ក្រោយ​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ អាល់​ហ្វា ពណ៌​ខៀវ គ្មាន​ស្លាក​លេខ នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​ជីក្រែង​ឃាត់ខ្លួន​ជា​លើក​ទី​៤ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ដែល​ជំនាញ​ខាង​លួច​កាច់​សោ​.​ក​ម៉ូតូ និង​ប្រើ​អំពើ​ហិង្សា​នេះ ធ្លាប់​ជាប់គុក​៣​ដង​រួច​មក​ហើយ គឺ​ជាប់គុក​លើក​ទី​១-​ករណី​អំពើ​ហិង្សា (​វ៉ៃ​គេ​ឱ្យ​របួសធ្ងន់​នៅ​ក្នុងស្រុក​ជីក្រែង​) ជាប់គុក​រយៈពេល​១​ឆ្នាំ​, លើក​ទី​២-​ករណី​លួច​លុយ​នៅ​ក្នុង​ផ្សារ​ជីក្រែង ជាប់គុក​រយៈពេល​១​ឆ្នាំ, ​លើក​ទី​៣-​ករណី​លួច​កាច់​សោ​.​ក​ម៉ូតូ នៅ​ក្នុងស្រុក​ជីក្រែង ជាប់គុក​១​ឆ្នាំ​៦​ខែ និង​លើក​ទី​៤-​ចុង​ក្រោយ​នេះ​លួច​កាច់​សោ​.​ក​ម៉ូតូ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ គឹ​ម ឡុ​ង ក្នុងស្រុក​ជីក្រែង ៕