មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​បាន​ច្រើន

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ស្ត្រី​ចំនួន​តិចតួច​ដែល​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​នយោបាយ និង​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​នៅ​ក្នុង​វិស័យ​កសិកម្ម​វិញ គឺ​មាន​ស្ត្រី​រហូត​ទៅ​ដល់ ៧៥%។

ទោះ​យ៉ាង​ណា មន្ត្រី​របស់​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​តែ​មើល​ឃើញ​ថា វិស័យ​កសិកម្ម គឺ​ជា​ឱកាស​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី ដោយ​គេ​កំពុង​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ជំនាញ និង​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត។

មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន កំពុង​ប្រឹងប្រែង​រួម​គ្នា​ជំរុញ និង​លើក​កម្ពស់​ស្ត្រី​ខ្មែរ​ឲ្យ​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​ឆ្នើម​នៅ​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​ពេល​អនាគត ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដែល​មាន​ស្ត្រី​ជាច្រើន​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​ទៅ​ហើយ​នោះ។

ការ​ប្រឹងប្រែង​លើក​កម្ពស់ និង​ជំរុញ​ស្ត្រី​កម្ពុជា ឲ្យ​មាន​ជំនាញ និង​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត​នោះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្ត្រី​ឆ្នើម​ថ្នាក់​ជាតិ​មួយ ដែល​រៀបចំ​នៅ​ឯ​ខេត្ត​សៀមរាប ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បំផុត កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា កន្លង​ទៅ។

វេទិកា​ស្ដីពី​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​នោះ មាន​ស្ត្រី​ជា​កសិករ​ចូលរួម​ប្រមាណ​ជាង ១០០​នាក់​មក​ពី​ខេត្ត​ចំនួន​៥ នៅ​ប៉ែក​ខាង​ជើង​បឹង​ទន្លេសាប មាន​ខេត្ត​សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និង​ខេត្ត​កំពង់ធំ។

អភិបាល​រង​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​ស្ត្រី និង​កុមារ គឺ​អ្នកស្រី យូ សុភា។ អ្នកស្រី​មាន​ប្រសាសន៍​ថា ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​សម្រាប់​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០១៨ គឺ​ក្រសួង​កិច្ចការ​នារី បាន​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​ឱកាស​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ដែល​ក្នុង​នោះ រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ចំណេះ​ដឹង​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី ដើម្បី​ឲ្យ​មាន​លទ្ធភាព​នៅ​ក្នុង​សហគ្រិន​ខ្នាត​តូច និង​ក្នុង​វិស័យ​កសិកម្ម ជាដើម។

អ្នកស្រី យូ សុភា បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​លើក​កម្ពស់​ស្ត្រី និង​ដោះស្រាយ​បញ្ហា​សមភាព​យេនឌ័រ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ក៏ប៉ុន្តែ​ស្ត្រី​នៅ​តែ​ខ្វះ​សមត្ថភាព និង​ជួប​បញ្ហា​ជាច្រើន​លើ​វិស័យ​កសិកម្ម៖ «ឃើញ​ថា​ការ​អភិវឌ្ឍ​កសិកម្ម និង​ជីវភាព​រស់នៅ​តាម​ជនបទ​របស់​ស្ត្រី ត្រូវ​បាន​ជួប​ឧបសគ្គ ដោយសារ​កង្វះ​លទ្ធភាព​លើ​ធនធាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម»

របាយការណ៍​របស់​ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៥​លាន​នាក់ ក្នុង​ចំណោម​នោះ គឺ​ជាង ៦០% ជា​ស្ត្រី ហើយ​ប្រមាណ ៧៥% នៃ​ចំនួន​ស្ត្រី កំពុង​ចូលរួម​ការងារ​កសិកម្ម។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម និង​ជា​អនុប្រធាន​ក្រុម​ការងារ​ស្ត្រី និង​កុមារ អ្នកស្រី ម៉ុម ថានី មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ធានា​នូវ​សមធម៌ សន្តិសុខ​ស្បៀង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ។ អ្នកស្រី ម៉ុម ថានី មាន​ប្រសាសន៍​ទៀត​ថា ចក្ខុ​វិស័យ​រយៈពេល​វែង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ធានា​សន្តិសុខ​ស្បៀង ដោយ​ប្រែ​ក្លាយ​ឲ្យ​វិស័យ​កសិកម្ម​ស្ថិត​នៅ​ក្នុង​ការ​ប្រើ​បច្ចេកទេស​ទំនើប ប៉ុន្តែ​មិន​អាច​ខ្វះ​ស្ត្រី​នៅ​ក្នុង​វិស័យ​នេះ​បាន​ទេ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ស្ត្រី គឺ​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ និង​សង្គម​កម្ពុជា តាំង​ពី​យូរ​ណាស់​មក​ហើយ។ បច្ចុប្បន្ន​នេះ ស្ត្រី​ដែល​ជា​កសិករ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​មាន​ការ​រីក​ចម្រើន»

ស្ត្រី​ជា​កសិករ​ជាច្រើន បាន​យល់​ស្រប​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន កសិកម្ម គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​ពួក​គេ​រក​បាន​ចំណូល​បន្ថែម ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប្រចាំ​ថ្ងៃ​មែន នៅ​ពេល​ដែល​ប្ដី​របស់​ពួក​គេ​មាន​មុខ​របរ​តូចតាច ដូចជា​អ្នក​នេសាទ​ត្រី និង​រត់​ម៉ូតូ​ឌុប ជាដើម ហើយ​រក​ចំណូល​មិន​សូវ​បាន​នោះ។

តំណាង​កសិករ​ស្ត្រី​ម្នាក់ រស់នៅ​ខេត្ត​កំពង់ធំ អ្នកស្រី មឿន ស៊ាន់ ឲ្យ​ដឹង​ថា បច្ចុប្បន្ន គាត់​គឺ​ជា​អ្នក​ដាំ​បន្លែ​នៅ​ក្បែរៗ​ផ្ទះ ដើម្បី​រក​ចំណូល​ជួយ​ដល់​ប្ដី​របស់​គាត់​ដែល​ចេញ​ទៅ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប​មិន​សូវ​បាន។ ស្ត្រី​ដដែល​បញ្ជាក់​ថា ដំណាំ​នៅ​ក្បែរ​ផ្ទះ​ពិត​ជា​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​បាន​មួយ​ផ្នែក ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា សម្រាប់​ស្ត្រី​ដែល​ធ្វើ​ការងារ​កសិកម្ម​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ ព្រោះ​គ្មាន​កម្លាំង​កាយ​គ្រប់គ្រាន់ និង​ខ្វះ​ទាំង​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ៖ «ខ្ញុំ​អត់​សូវ​មាន​អ្នក​ជួយ ព្រោះ​កូន​រៀន​អស់ ហើយ​ប្ដី​ក៏​ទៅ​រក​មុខ​របរ​នេសាទ​ដែរ។ អ៊ីចឹង​គឺ​ខ្ញុំ​បាន​ធ្វើ​កសិកម្ម​តែ​លក្ខណៈ​គ្រួសារ និង​ចូល​ទីផ្សារ​មាន​កម្រិត​តិចតួច​ដែរ»

អង្គការ​រចនា​ស្ត្រី ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ដៃគូ​ជាច្រើន​ទៀត ដូចជា​អង្គការ​អុកស្វាម (Oxfam) អាមេរិក និង​អង្គការ​ប៉ាឌិក (Padex) ជាដើម កំពុង​រួម​គ្នា​លើក​កម្ពស់​សមត្ថភាព និង​ជំនាញ ព្រម​ទាំង​ជំរុញ​ស្ត្រី​ខ្មែរ​ឲ្យ​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត​នេះ។ ប្រធាន​អង្គការ​រចនា​ស្ត្រី អ្នកស្រី ញាណ ភួងម៉ាលី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន អង្គការ​រចនា​ស្ត្រី កំពុង​ធ្វើ​ការងារ​ជំរុញ​ស្ត្រី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​តួនាទី​ធំ ក្នុង​ឋានៈ​ជា​អ្នក​សម្រេច​ចិត្ត​លើ​ការងារ​អ្វី​មួយ​នៅ​ក្នុង​វិស័យ​នយោបាយ ភាព​ជា​អ្នក​ដឹក​នាំ​នៅ​តាម​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ ព្រម​ទាំង​នៅ​ក្នុង​វិស័យ​កសិកម្ម ជាដើម។ អ្នកស្រី ញាណ ភួងម៉ាលី មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន ថ្វី​ត្បិត​តែ​មាន​ស្ត្រី​ខ្លះ​ចូលរួម​នៅ​ក្នុង​នយោបាយ ខ្លះ​ជា​អ្នក​តំណាង​រាស្ត្រ ខ្លះ​ទៀត​ធ្វើ​ការងារ​សង្គម ហើយ​ស្ត្រី​ភាគ​ច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម​ក៏ដោយ ក៏​កម្ពុជា នៅ​មិន​ទាន់​មាន​ស្ត្រី​ឆ្នើម​លើ​វិស័យ​កសិកម្ម​នៅ​ឡើយ​ទេ ក្នុង​ពេល​ដែល​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ មាន​ស្ត្រី​ឆ្នើម​ផ្នែក​កសិកម្ម​ទៅ​ហើយ​នោះ៖ «យើង​មើល​ឃើញ​ថា រាល់​ថ្ងៃ​ស្ត្រី​មាន​តួនាទី​ចូលរួម​នៅ​ក្នុង​តាំង​ពី​ថ្នាក់​ភូមិ ថ្នាក់​ឃុំ ថ្នាក់​ក្រុង តែ​យើង​ចង់​ជំរុញ​ឲ្យ​ស្ត្រី បាន​ក្លាយ​ជា​មនុស្ស​ឆ្នើម​សម្រាប់​ថ្នាក់​ជាតិ​លើ​វិស័យ​កសិកម្ម»

វេទិកា​ស្ត្រី​ឆ្នើម​ថ្នាក់​ជាតិ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា កន្លង​ទៅ គឺ​បាន​ជជែក​លើ​បញ្ហា​ជាច្រើន ដូចជា​ការ​គាំទ្រ​កសិករ​ស្ត្រី និង​បុរស ឲ្យ​ធ្វើ​ការ​រួម​គ្នា​លើ​វិស័យ​កសិកម្ម ការ​លើ​កម្ពស់​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​ដល់​កសិករ និង​នយោបាយ​ទឹក ដើម្បី​គាំទ្រ​ទាំង​កសិករ​ស្ត្រី និង​បុរស ឲ្យ​ធ្វើ​ការ​រួម​គ្នា​លើ​វិស័យ​កសិកម្ម ដោយ​ធានា​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ស្មើ​គ្នា​នៅ​ក្នុង​ការងារ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។