សហគមន៍​ទូទាំង​ប្រទេស​នឹង​ជួប​ជុំ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា

សហគមន៍​មក​ពី​ទូទាំង​ខេត្ត-រាជធានី ប្រមាណ​ជាង ១​ពាន់​នាក់ គ្រោង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​សមាជ​ប្រជាជន​លើក​ទី​៥ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា។ គម្រោង​រៀបចំ​សមាជ​នេះ សាលា​រាជធានី​បាន​អនុញ្ញាត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​ការងារ​បាន​ស្នើសុំ​ធ្វើ​រយៈពេល ២​ថ្ងៃ​នោះ។

សហគមន៍​រងគ្រោះ​ជាច្រើន​មក​ពី​បណ្ដា​ខេត្ត-រាជធានី កំពុង​ជួប​បញ្ហា​នានា​ដែល​ពុំ​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន​ដាក់​ជូន​រដ្ឋាភិបាល​ក្នុង​សមាជ​ប្រជាជន​លើក​ទី​៥ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ប្រធាន​ស្ដីទី​បណ្ដាញ​ពហុ​វិស័យ និង​ជា​ប្រធាន​កសិករ​ដើម្បី​កសិករ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក ជា សុភ័ក្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា សហគមន៍​មក​ពី​បណ្ដា​ខេត្ត-រាជធានី​ដែល​ជា​សហគមន៍​រងគ្រោះ​ដោយសារ​វិវាទ​ដីធ្លី ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​កសិកម្ម នេសាទ និង​បញ្ហា​ពាក់ព័ន្ធ​នានា នឹង​ថ្លែង​ពី​កង្វល់​របស់​ពួក​គេ​កំពុង​កើត​មាន និង​ស្វែងរក​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​រ៉ាំរ៉ៃ​ដែល​គ្មាន​ដំណោះស្រាយ​កន្លង​មក​នោះ។

លោក​បន្ត​ថា សមាជ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​សង្កេត​ការណ៍​ពី​សង្គម​ស៊ីវិល ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ក្រសួង​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ជាង ១០ ដែល​ក្រុម​ការងារ​ស្នើសុំ​ឲ្យ​ចូលរួម​នោះ ពុំ​មាន​ការ​ឆ្លើយ​តប​នោះ​ទេ បូក​រួម​ទាំង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ៖ «សមាជ​ទាំង​មូល​ចង់​ទទូច​សុំ​អញ្ជើញ​សម្ដេច​តេជោ ហ៊ុន សែន ចូលរួម​ទៀត ដើម្បី​ស្ដាប់​ទុក្ខ​កង្វល់​បង​ប្អូន​យើង។ តាម​ពិត យើង​បាន​ដាក់​លិខិត​គ្រប់​ក្រសួង​ចំនួន​១០ បូក​សរុប​ទាំង​សម្ដេច​តេជោ​ផង ឡើង​១១ ប៉ុន្តែ​លិខិត​ទាំងអស់​នោះ​បាន​ត្រឹម​ដល់​ខុទ្ទកាល័យ​រដ្ឋមន្ត្រី ដែល​ទទួល​មុខ​តំណែង គឺ​អត់​មាន​ការ​ឆ្លើយ​តប យើង​បាន​ដាក់​តាម​បែប​រដ្ឋបាល ប៉ុន្តែ​មាន​កន្លែង​ខ្លះ​យើង​បាន​ទទួល​ការ​ឆ្លើយ​តប​មក​វិញ​ថា ហាក់​បី​ដូច​ប្រញាប់​ពេក យើង​ប្រើប្រាស់​បែប​រដ្ឋបាល​មិន​ទាន់​ត្រឹមត្រូវ»

ទោះ​ជា​យ៉ាង​ណា សាលា​រាជធានី​ភ្នំពេញ​មិន​បាន​អនុញ្ញាត​ដល់​បណ្ដាញ​ពហុ​វិស័យ និង​អង្គការ​សង្គម​ស៊ីវិល ដែល​គ្រោង​រៀបចំ​សមាជ​ចំនួន ២​ថ្ងៃ​នោះ​ឡើយ គឺ​បាន​អនុញ្ញាត​តែ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សហគមន៍​ធ្វើ​ការ​សម្ដែង​មតិ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មូលហេតុ​យ៉ាង​ណា​នោះ លោក​មិន​បាន​បញ្ជាក់​នោះ​ទេ។ ចំណែក​ការ​ស្នើសុំ​តាំង​ពិព័រណ៍​ផលិតផល​សហគមន៍ និង​សម្ដែង​សិល្បៈ​វប្បធម៌ មន្ត្រី​រូប​នេះ​ស្នើ​ឲ្យ​រង់ចាំ​នៅ​ពេល​ក្រោយ។ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ពុំ​មាន​មន្ត្រី​តំណាង​ពី​សាលា​រាជធានី​ភ្នំពេញ​ចូលរួម​ពិធី​នោះ​ឡើយ។

បណ្ដាញ​ពហុ​វិស័យ ភាគ​ច្រើន​ជា​សហគមន៍​មូលដ្ឋាន​កំពុង​មាន​បញ្ហា ដូចជា សហគមន៍​ដីធ្លី កសិករ កម្មករ គ្រូ​បង្រៀន ប្រជា​នេសាទ ជនជាតិ​ដើម​ភាគ​តិច និង​អ្នក​ប្រកប​របរ​សេវា​កម្សាន្ត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។