ប្រធានាធិបតី​បារាំង អំពាវនាវ​ឲ្យ​អ្នក​នយោបាយ ​ឈរ​លើ​ស្មារតី​រួបរួម​ជាតិ​តែមួយ

ប្រទេស​បារាំង ​កំពុងតែ​កាន់​ទុក្ខ​ទូទាំង​ប្រទេស ​រយៈពេល​៣​ថ្ងៃ ​បន្ទាប់​ពី​បាន​ទទួល​រង​ភេរវកម្ម​ យ៉ាង​ធ្ងន់ធ្ងរ​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី ​១៣​ វិចិ្ឆកា។ ស្ថានភាព​អាសន្ន​ ការ​ការពារ​សន្តិសុខ ​ត្រូវ​បាន​រឹត​បណ្តឹង​ នៅ​ទូទាំង​ប្រទេស។ ស្រប​ពេល​ដែល​ មាន​ពាក្យ​រិះគន់ ​បន្ទោស​គ្នា​ ទៅ​វិញ​ទៅ​មក ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ ​ស្តីពី​ការ​បណ្តែត​បណ្តោយ​​ឲ្យ​ក្រុម​ភេរវករ ​ចូល​មក​ធ្វើ​ភេរវកម្ម ​សម្លាប់​ប្រជាជន​ស្លូត​ត្រង់ ​ លោក​ប្រធានាធិបតី​បារាំង ​​បាន​អំពាវនាវ​ ឲ្យ​អ្នក​នយោបាយ​ទាំង​អស់ ​ឈរ​លើ​ស្មារតី​រួបរួម​ជាតិ​តែ​មួយ។ កាល​ពី​ថ្ងៃ​អាទិត្យ​លោក ​ប្រធានាធិបតី​បារាំង បាន​អញ្ជើញ ​មេ​បក្ស​ប្រឆាំង​សំខាន់​ៗ​ទាំង​បី​របស់​បារាំង​ ​ឲ្យ​ចូល​ជួប។ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​មាន​បើក​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ​មួយ​ រួមគ្នា​ ទាំង​រដ្ឋសភា ​ទាំង​ព្រឹទ្ធសភា​ជុំគ្នា​តែម្តង។