តើ​អ្នក​ដឹង​ពី​នីតិវិធី​បណ្ដឹង​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឬទេ? ​

តើ​អ្នក​ដឹង​ពី​នីតិវិធី​បណ្ដឹង​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឬទេ? ​

ប្រិយមិត្ត​​ Sabay មួយចំនួន បាន​ចោទ​ជា​សំណួរ​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​បណ្ដឹង​ក្រោយ​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច? តើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កម្រិត​ណា​អាច​សម្រុះ​សម្រួល​បាន? បើ​សម្រុះសម្រួល​មិន​បាន​​យើង​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​ណា? ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​នេះ លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក នៃ​ក្រសួង​សាធារណៈ​ការ និង​ ដឹកជញ្ជូន បាន​បែង​ចែក​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ពីរ​ផ្នែក ដូច​ខាង​ក្រោម៖
 

សូមចុចអាន៖ អ្នក​ជិះ​ពី​ក្រោយ​មាន​ទោស​ដែរ​ទេ នៅ​ពេល​អ្នក​បើកបរ​បង្ក​គ្រោះ​ថ្នាក់​?
សូមចុចអាន៖ អំពី​នគរបាល​យុត្តិធម៌
សូមចុចអាន៖ ការ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?

 
តើ​អ្នក​ដឹង​ពី​នីតិវិធី​បណ្ដឹង​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឬទេ? ​

 

 

ទី១. ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រឹម​តែ​ខូច​ខាត​យានជំនិះ ឬ ទ្រព្យ​សម្បត្តិ​ គឺ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​បាន​កំណត់​ថា ភាគី​ទាំង​ពីរ​អាច​សម្រុះសម្រួល​គ្នា​បាន​ដោយ​មិន​ចាំ​បាច់​ស្វែង​រក​ការ​អន្តរាគមន៍​ពី​នគរបាល​ចរាចរណ៍​នោះ​ទេ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា ៣៦ នៃ​ច្បាប់​ចរាចរណ៍​ជើង​គោក។ ល្គឹក​ណា​ ភាគី​ណា​មួយ​មិន​យល់​ព្រម​ ទើប​នគរបាល​ចូល​សម្រុះ​សម្រួល​ ហើយ​ការ​សម្រុះ​សម្រួល​មិន​ត្រូវ​រ៉ូវ​គ្នា​នគរបាល​អាច​ឃាត់ទុក​យាន​ជំនិះ​នៅ​ប៉ុស្តិ៍​បាន។ ប៉ុន្តែ ប្រសិន​បើ​ការ​សម្រុះសម្រួល​នៅ​តែ​មិន​ចុះ​សម្រុង​ទៀត គឺ​ភាគី​ណា​មួយ​មាន​សិទ្ធិ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​ទាមទារ​សំណង​រដ្ឋប្បវេណី ឯ​នគរបាល​ពុំ​ធ្វើ​ពាក្យ​បណ្ដឹង​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​កំណត់​ហេតុ​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ ហើយ​កំណត់​ហេតុ​នេះ អាចឲ្យ​​តុលាការ​នឹង​យក​ទៅ​ធ្វើ​ជា​ភស្តុតាង​ ការ​សម្រេច​បែប​ណា​នោះ គឺជា ឆន្ទានុសិទ្ធិ​​របស់​តុលាការ។

 

មាត្រា ៣៦ នៃ​ច្បាប់​ចរាចរណ៍​ជើង​គោក​បាន​ចែង​ថា បើ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​បណ្ដាល​ឲ្យ​ខូចខាត​តែ​ទ្រព្យ​សម្បត្តិ​ ភាគី​ទាំងពីរ​អាច​សម្រួល​គ្នា​បាន​​ដោយ​មិន​ចាំ​បាច់​សុំ​អន្ដរាគមន៍​ពី​មន្រ្តី​នគរបាល​​ចរាចរណ៍​ផ្លូវ​គោក​ឡើយ។

 

ទី២. ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ ឬ របួស​ធ្ងន់ធ្ងរ គឺ​ទោះ​បី​ជា​មាន​ការ​សម្របសម្រួល​ចប់​សព្វគ្រប់​លើ​ផ្នែក​ផ្ដល់​សំណង​ក្ដី ក៏​នគរបាល​ចរាចរណ៍​នៅ​តែ​ធ្វើ​កំណត់​ហេតុ​បណ្ដឹង​ទៅ​កាន់​ព្រះរាជអាជ្ញា​អម​តុលាការដែរ​ ព្រោះ​ជា​បទ​ល្មើស​ជាប់​បណ្ដឹង​រដ្ឋ​អាជ្ញា ដែល​មិន​អាច​រំលត់​ត្រឹម​ការ​ផ្ដល់​សំណង​រដ្ឋប្បវេណី​បាន​នោះ​ទេ។

 

មាត្រា​ ៦៤ នៃ​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី បាន​ចែង​ថា បទ​ល្មើស​ចរាចរណ៍​ផ្លូវ​គោក​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ និង ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ជា​សមត្ថកិច្ច​របស់​តុលាការ។ ក្នុង​ករណី​នេះ មន្រ្តី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដែល​មាន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​បទ​ល្មើស​ចរាចរណ៍​ផ្លូវ​គោក ត្រូវ​បញ្ជូន​​កំណត់​ហេតុ​ស្ដីពី​បទ​ល្មើស​ចរាចរណ៍​ផ្លូវ​គោក​ទៅ​អយ្យការ។

 

អត្ថបទ៖ ប៊ិន​ ប៊ុណ្ណា

 

ប្រសិន​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​ច្បាប់​ផ្សេងៗ​​អាច​ទំនាក់ទំនង​មក​កាន់៖

 

Email: [email protected]
Phone: 099 588 880

Email:[email protected]
Phone: 010 345 976

 

រាល់​ចម្ងល់​របស់​ប្រិយមិត្ត​ ក្រុម​ការងារ​នឹង​ព្យាយាម​ស្វែង​រក​ចម្លើយ​ពី​អ្នក​ជំនាញ​ដើម្បី​ឆ្លើយតប។