ស្រមោល​ខ្មៅ​ពាំង​ពីមុខ និង​ទាញ​ម៉ូតូ​ធ្លាក់​ចូល​​ប្រឡាយ​អត់​ទឹក​​ដួល​រង​របួស​ធ្ងន់ធ្ងរ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បាក់ឆ្អឹង​កង​ចង្កេះ​សន្លប់​បាត់ស្មារតី​នៅ​ នឹង​កន្លែង ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ស្គាល់​លើកដាក់​លើ​ម៉ូតូ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើការ​រោងចក្រ​ម្សៅ​មី​មួយ​កន្លែង លុះដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​មាន​ស្រមោល​ខ្មៅ​មក​ឈរ​ពាំង​ពីមុខ​ម៉ូតូ រួច​ទាញ​ចង្កូត​ម៉ូតូ​ទៅ​ខាងស្តាំ​ដៃ​បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ អត់​ទឹក​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។ ហេតុការណ៍​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ចាក់​ខុស ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្ត​បាត់​ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ បូ រ៉ា​យូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​រោងចក្រ​កិន​ម្សៅ​មី រង​របួស​បាក់ឆ្អឹង​កង​ចង្កេះ​ស្លាប់​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម មានស្រុក​កំណើត​នៅ​ភូមិ​ក្តុល​តា​ហែ​ន ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​រកា​បុស ឃុំ​កំ​រៀង ស្រុក​កំ​រៀង ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ទាំង​កម្រើក​ជើង​ទាំង​ពីរ​មិន​ រួច​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើការ​ក្នុង​រោង​ចក្រ​កិន​ម្សៅ​មី លុះដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ស្រមោល​ខ្មៅ​ដូច​មនុស្ស​យ៉ាង​ធំ​ឈរ​ពាំង​ផ្លូវ ហើយ​ក៏​បាន​មក​ចាប់​ចង្កូត​ម៉ូតូ​របស់​គេ​ទាញ​ទៅ​ខាងស្តាំ​ដៃ​ឱ្យ​ធ្លាក់​ទៅ ​ក្នុង​ប្រឡាយ​អត់​ទឹក បណ្តាល​ឱ្យ​ដួល​សន្លប់​នឹង​កន្លែង ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ក៏​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ប្រញាប់​ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោកគ្រូ​ពេទ្យ​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ដោយ​សង្ស័យ​ថា​បាក់ឆ្អឹង​កង​ផ្នែក​ណាមួយ​ត្រង់​ចង្កេះ ហើយ​គ្រូពេទ្យ​គ្មាន​ម៉ាស៊ីន​ស្គេន​មើល​របួស​នេះ​ទេ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ គ្រូពេទ្យ​បាន​សម្រេច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង ហើយដោយ​សារ​តែ​ជន​រង​គ្រោះ​ក្រីក្រ មាន​ប័ណ្ណ​បញ្ជាក់​ពី​ភាព​ក្រីក្រ​ទើប​ខាង​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​ដោយ​ អត់​គិតថ្លៃ​សេវា​ដឹក​ជញ្ជូន​នោះ​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ធ្លាប់​មាន​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាល​ ឱ្យ​ស្លាប់​ជា​ញឹកញាប់ ហើយ​ក៏​ធ្លាប់​មាន​ករណី​ក្រឡាប់​រថយន្ត​ស្លាប់ របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ផង​ដែរ នៅ​ត្រង់​ចំណុច​ខាងលើ​គេ​ស្ស័​យ​តែ​មាន​ជើងកប ដូច្នេះ​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ត្រូវ​មាន​ការ​ប្រុង​ ប្រយ័ត្ន ជាពិសេស​នៅ​ពេល​យប់ ៕

ស្រមោល​ខ្មៅ​ពាំង​ពីមុខ និង​ទាញ​ម៉ូតូ​ធ្លាក់​ចូល​​ប្រឡាយ​អត់​ទឹក​​ដួល​រង​របួស​ធ្ងន់ធ្ងរ
ស្រមោល​ខ្មៅ​ពាំង​ពីមុខ និង​ទាញ​ម៉ូតូ​ធ្លាក់​ចូល​​ប្រឡាយ​អត់​ទឹក​​ដួល​រង​របួស​ធ្ងន់ធ្ងរ
ស្រមោល​ខ្មៅ​ពាំង​ពីមុខ និង​ទាញ​ម៉ូតូ​ធ្លាក់​ចូល​​ប្រឡាយ​អត់​ទឹក​​ដួល​រង​របួស​ធ្ងន់ធ្ងរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត