ម៉ូតូ​​បុកជា​មួយ​ម៉ូតូ​​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​​​ទាំង​សង​ខាង

​រាជ​ធានីភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​បុក​គ្នា​បណ្តាល​ឱ្យរបួសធ្ងន់​ទាំង​ពីរ​នាក់ កាលពី​វេលា​ម៉ោង​៩​​និង៥៦​​នាទី​យប់​ថ្ងៃ​ទី​១៥​ ​វិច្ឆិកា ស្ថិត​នៅ​តាម​បណ្តោយ​​មហាវិថី​​ព្រះ​នរោត្តម ក្បែរ​អគ្គស្នងការនរ​គ​បាល​ជាតិ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​មិន​ប្រាប់​ឈ្មោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-0238 ជិះ​ម្នាក់ឯង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ក្រហម ពាក់​ស្លាក​លេខភ្នំពេញ 1AE-5493 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​ខាងលើ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ជិះ​បញ្ច្រាសទិស​គ្នា ហើយ​ម៉ូតូ​វី​វ៉ា​បត់​ឆ្វេងឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្តាល​បុរស​ជិះ​ម៉ូតូ​វី​វ៉ា​របួស​បាក់​ជើង​ និង​ម្ខាង​ទៀត​របួស​ប៉ោង​មុខ​បែក​មាត់​ធ្ងន់ ​។

ក្រោយ​ពេល​កើតហេតុ​ មាន​ជន​ឆ្លៀតឱ​កាស​​​មក​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​មួយ​គ្រឿង បម្រុង​ជិះ​ចេញ​ទៅ​ត្រូវ​សមត្ថកិច្ច​ហាមឃាត់​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ។ បន្ទាប់​ពី​កើតហេតុ​ មាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ទៅ​ដល់​តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​មិនព្រម​ឡើង​រថយន្ត​ទៅ​ព្យាបាល​ទេ សុខចិត្ត​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួន​វិញ ​​។ ម៉ូតូ​ទាំង​ពីរ​គ្រឿង​​ត្រូវ​​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌចំការមន ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នា​ពេល​ក្រោយ ​៕