ព្រឹក​នេះ​ទាហាន​ជើង​ទឹក​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើមបើក​ពិធីសម​យុទ្ធ​នៅ​កំពង់​ផែរាម​

ខេត្ត​ព្រះ​សីហនុ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​នៅ​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះ​សីហនុ​នា​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ ​កង​ទ័ព​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​បើក​ពិធី​សមយុទ្ធ​ឈ្មោះ​ CARAT នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា នេះ​ជា​សម​យុទ្ធ​លើក​ទី​៦​ស្តី​ពី​ការ​ហ្វឹក​ហ្វឺន​ និង​សហ​ប្រតិ​បត្តិ​ការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក​។

សម​យុទ្ធ​នេះ​ចាប់​ផ្តើម​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៦ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ ដោយ​ផ្តោត​ទៅ​លើ​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ​លើ​លំហ​សមុទ្រ​រវាង​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​គឺ​ហ្វឹក​ហ្វឺន​លើ​ការ​ជួយ​​​​​សង្គ្រោះ​​ជន​រង​គ្រោះ​ ការ​ថែ​ទាំ​អ្នក​ជំងឺ​ទាក់​ទង​នឹង​គ្រោះ​មហន្ត​រាយ បច្ចេក​ទេស​ថែ​ទាំ និង​ប្រើ​ប្រាស់​សព្វា​វុធ​។

ក្នុង​ការ​ហ្វឹក​ហ្វឺន​នោះខាងទាហាន​សហរដ្ឋ​អាមេរិក​មាន​គ្រូ​បង្វឹក​ចំនួន​៧​នាក់ ​រួម​ទាំង​មេ​បញ្ជា​ការ​ម្នាក់​ផង​ និង​ទាហានជើង​ទឹក​ប្រហែល​២០០​នាក់ ​​មាន​​យន្ត​ហោះ​​​មួយ​គ្រឿង​ នាវា​២​គ្រឿង នាវា​ល្បាត​តាម​ឆ្នេរ​១​គ្រឿង​​ ចំណែក​ទាហាន​ជើង​ទឹក​​កម្ពុជា​មាន​ប្រហែល​៣០០​នាក់​ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​