ផឹកស៊ី​ទាស់សម្តី​គ្នា​ក្នុង​វត្ត យុវជន​ម្នាក់​ត្រូវ​ជន​បង្ក​២​នាក់​ចាក់​២​ដែកឆាប​រង​របួសធ្ងន់

ខេត្តស្វាយរៀង ៖ អំពើ​ហិង្សា​មួយ​កើតឡើង​ក្នុង​វង់​ផឹកស៊ី បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​បួស​ធ្ងន់ធ្ងរ ដោយ​ត្រូវ​យុវជន​២​នាក់​យក​ដែកឆាប​ចុង​ស្រួច​ចាក់​ចំ​ឆ្អឹងជំនី​ខាងស្តាំ​១​ដែកឆាប និង​ចំ​ស្មា​ស្តាំ​១​ដែកឆាប​ ។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​០៤​នាទី​យប់ ថ្ងៃ​១៤ វិច្ឆិកា ២០១៥ នៅ​ក្នុង​វត្ត​ជោ​ត្ត​កា​រាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​មន្ត្រី​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចាន់ សិ​ង្ហៃ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ រង​របួសធ្ងន់ ។ រីឯ​ជន​បង្ក​២​នាក់​១-​ឈ្មោះ អ៊ូ សុវណ្ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ២-​ឈ្មោះ អិន ដា​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​រស់នៅ​ភូមិ​តា​ប៉​ជាមួយ​គ្នា​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​វត្ត​ជោ​ត្ត​កា​រាម​មាន​ពិធីបុណ្យ​កឋិនទាន​សាមគ្គី នៅ​ពេល​យប់​អ្នក​ផ្តើមបុណ្យ​បាន​ដាក់​ធុងបាស់​រាំ​លេង​កំ​សាន ក្នុង​នោះ​ក៏​មាន​អ្នកលក់​ដូរ​ លក់​ស្រា​បៀរ និង​គ្រឿងក្លែម​ក្នុង​វត្ត​ផង​ដែរ ។ មុន​ពេល​កើតហេតុ​មាន​មនុស្ស​៥-៦​នាក់​ផឹកស៊ី​ក្បែ​វង់​រាំ​តាំងពី​ម៉ោង​៧​យប់​រហូត​ដល់​ម៉ោង​៩​យប់​ ក៏​ទាស់​សំដី​គ្នា​ក្នុង​វង់​ផឹកស៊ី ក្រុម​ជន​ដៃដល់​២​នាក់​ក៏​យក​ដែកឆាប​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។

ក្រោយ​ពី​បង្ក​ឲ្យ​មាន​ហិង្សា​រួច​មក សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ទាំង​ពី​នាក់​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា លោក​ចៅក្រម​ក៏​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ ៕