ជីវជាតិ​ B ជួយការពារ​ប្រឆាំង​ ជំងឺដាច់​សរសៃ​ឈាម​ ក្នុង​ខួរក្បាល​

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ​ការទទួល​ទាន​ឱសថ​ជីវជាតិ​ B ​បង្រ្គប់​បន្ថែម ​អាចជួយ​កាត់​បន្ថយ​គ្រោះថ្នាក់ ​នៃជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពីលើក​មុនបានលាត​ត្រដាង ​នូវលទ្ធផល​ស្ថិតក្នុង​ការវែក​ញែក ​អំពីថា ​តើការ​ទទួលទាន​ជីវជាតិ ​B បង្រ្គប់​បន្ថែម ​មាន​ឥទ្ធិពល​ទៅ​លើ​គ្រោះ​ថ្នាក់​នៃជំងឺ​ដាច់​សរសៃ​ឈាម​ និង​ជំងឺ​បេះដូង ​ឬ​យ៉ាង​ណា។​ ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ​បាន​សន្និដ្ឋាន​ថា ​ជីវជាតិ​ B ​បង្រ្គប់​បន្ថែម ​ពិត​ជា​បង្កើន​គ្រោះ​ថ្នាក់​ជំងឺ​ខាងលើ។​
ជីវជាតិ​ B ជួយការពារ​ប្រឆាំង​ ជំងឺដាច់​សរសៃ​ឈាម​ ក្នុង​ខួរក្បាល​
 ការសិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​ចុះផ្សាយ​ នៅ​ក្នុង​ទស្សនាវដ្ដី​វិជ្ជាពេទ្យ​ខាង​សរសៃ​ប្រសាទ ​និងខួរក្បាល​ កាល​ពីថ្ងៃ​១៨ ​ខែកញ្ញា ​ឆ្នាំ២០១៣ ​បានឱ្យ​ដឹងថា ​ឱសថ​ជីវជាតិ​ B បង្រ្គប់​បន្ថែម ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជំងឺដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ក្នុង​កម្រិត ​៧% ​ប៉ុន្ដែ​មិនអាច​កាត់​បន្ថយ​កម្រិត​ធ្ងន់​ស្រាល​ និង​គ្រោះ​ថ្នាក់​នៃ​ការស្លាប់ ​ដោយសារ​ជំងឺនេះ ​នោះទេ។​ អ្នក​​ដឹក​​នាំការ​សិក្សា​​ស្រាវ​ជ្រាវ ​​លោក​ ​Xu Yuming ​​មក​​ពី​សាកលវិទ្យាល័យ ​​Zhengzhou ​​ប្រទេសចិន​ ​បាន​​មាន​ប្រសាសន៍​​នៅក្នុង​​សេចក្ដី​​ប្រកាស​​ព័ត៌មានថា ​​« ផ្អែក​​លើលទ្ធផល​​ស្រាវ​​ជ្រាវ​​របស់​​ពួកយើង ​​សមត្ថ​ភាព​​នៃ​​ជីវជាតិ​ ​B​ ​ក្នុង​​ការ​​កាត់​​បន្ថយ​​គ្រោះ​​ថ្នាក់​​ជំងឺ​ដាច់​​សរសៃ​​ឈាម​​ក្នុង​​ខួ​រក្បាល​​ អាច​​មាន​ឥទ្ធិ​​ពល​ពី​កត្ដា​ដទៃៗ​ ​មួយ​​ចំនួន​​ទៀត ​​ដូច​ជា​អត្រា​ស្រូប​​យក​​ជីវជាតិ​​របស់​រាង​កាយ​ ​បរិមាណ​​នៃ​បណ្ដុំសា​រ​ធាតុ​អាស៊ីដ​​ Folic ​​និង​ជិវ​​ជាតិ​ ​B12 ​​និងថា​ ​តើ​មនុស្ស​​មាន​​ផ្ទុក​​ជំងឺ​​តម្រង​នោម​ ​ឬជំងឺ​​សម្ពាធ​​ឈាម​​ ឬ​យ៉ាងណា ​។ ហេតុ​​ដូច្នេះ​ ​មុន​ពេល​អ្នក​ចាប់​​ផ្ដើម​​ទទួល​ទាន​​ឱសថ​​បង្រ្គប់​​បន្ថែម​​ប្រភេទ​​ណាមួយ ​​អ្នកគួរ​​ធ្វើ​ការប្រឹក្សា​​ជាមួយ​​វេជ្ជបណ្ឌិត »។​ លោក​វេជ្ជបណ្ឌិត  ​Rafael Alexander Ortiz ​នាយកប្រតិបត្ដិនៃមជ្ឈបណ្ឌល​វះកាត់​ជំងឺ ​neuro-endovascular​ និងឯក​ទេសព្យាបាល​ជំងឺ​ដាច់សរសៃឈាម​ក្នុងខួរ​ក្បាល ​នៅឯ​មន្ទីរពេទ្យ ​Lenox Hill ​ស្ថិតក្នុង​ក្រុង​ញូវយ៉ក ​សហរដ្ឋអាមេរីក​ បានមាន​ប្រសាសន៍ថា​ « ជំងឺដាច់​សរសៃឈាម​ក្នុងខួរក្បាល ​ដោយសារ​ស្ទះសរសៃ​អាទែ​​នៅក្នុង​ខួរក្បាល​អាច​បណ្ដាល​ពីអ្នក​ជំងឺមាន​ផ្ទុកជំងឺ​លើសឈាម​ ជំងឺទឹក​នោមផ្អែម​ ជាតិ​កូឡេស្ដេរ៉ូល​ឡើង​ខ្ពស់ ​ការជក់បារី​ និង​សភាពធាត់​ហួស​របស់​រាងកាយ »។​ លោក​វេជ្ជ​បណ្ឌិត​ Rafael ​បាន​បន្ថែម​ទៀតថា ​« ក្រុមអ្នក​ជំងឺ​ខ្លះអាច​រងគ្រោះថ្នាក់​ជំងឺ​ដាច់​សរសៃ​ឈាមក្នុងខួរក្បាល​នេះ​ដោយ​សារភាពកង្វះ​ជីវជាតិ ​និងអង់​ហ្ស៊ីម​នៅ​ក្នុងរាងកាយ»៕ ​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​