​តើកម្ពុជារកចំណូលពីប្រាសាទអង្គរវត្តបានប៉ុន្មានក្នុងមួយឆ្នាំៗ ?

Sanofi

ប្រាសាទអង្គរវត្ត គឺជា​សំណង់​ស្ថាបត្យកម្ម​ដ៏​ចំណាស់​មួយ​របស់​ប្រទេស​កម្ពុជា ហើយក៏ជា​សំណង់​​ប្រាសាទ​បែប​សាសនា​ធំជាងគេ​នៅក្នុង​ពិភពលោក​ផងដែរ ។ ប្រាសាទ​នេះ​សាងសង់ឡើង​នៅ​ដើម សតវត្សរ៍​ទី ១២ ជា​ស្នា​ព្រះហស្ត​របស់​ព្រះបាទសូរ្យ​វរ្ម័នទី ២ សោយរាជ្យ​នៅ គ​.​ស. ១១១៣-១១៥០ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុក្នុង​ព្រហ្មញ្ញសាសនា ។ ចំពោះ​ស្ថាបត្យកម្ម​នៃការសាងសង់​គឺ​ប្រាសាទ​នេះ​មានកម្ពស់​រហូតដល់ ៦៥ ម៉ែត្រ មាន​ក្រឡា​ផ្ទៃ ២០០ ហិកតារ ជា​រាង​ចតុកោណ ដែលកំណត់ដោយ កំពែង​ព័ទ្ធជុំវិញ និង គូ​ទឹក​ដែលមាន​ទទឹង ២០០ ម៉ែត្រ ​។​

ដោយសារ​អច្ឆរិយ​ភាព​នៃ​ទំហំ​ប្រាសាទ​ដ៏​ធំ​មហិមា​ដែល​សាងសង់ឡើង​រាប់ពាន់​ឆ្នាំ ហើយ​ប្រកបដោយ​​ក្បូរ​ក្បាច់រចនា​ចម្លាក់​យ៉ាង​ល្អ​វិចិត្រ​ផង​នោះ ទើប​តម្រូវឱ្យ​អង្គការ UNESCO ប្រកាស​ដាក់​ប្រាសាទអង្គរវត្ត​​ជា​សម្បត្តិ​បេតិកភណ្ឌ​ភិ​ភព​លោ​ក​  នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ​១៩៩២ ។ការដាក់​ប្រាសាទ​របស់​បុព្វបុរស​ខ្មែរចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ភិ​ភពលោក​នេះបាន​លើកស្ទួយ​កិត្តិយស​ និង ​កិត្តិនាម​ជនជាតិខ្មែរឲ្យ​ល្បី​រន្ទឺ​នៅលើ​ឆាកអន្តរជាតិ ហើយ​បាន​ទាក់ទាញ​ក្រសែភ្នែក​ភ្ញៀវទេសចរ​បរទេស​ឱ្យ​តម្រង់​គោលដៅមក​ទស្សនា​យ៉ាងច្រើន​កុះករ​ពីមួយ ឆ្នាំទៅ​មួយឆ្នាំ រហូតដល់​ធ្វើឱ្យបូជនីយដ្ឋាន​មួយ​នេះ​ក្លាយជា​ទិសដៅ​លំដាប់​លេខ ១ ក្នុង​ក្រសែភ្នែក​របស់ភ្ញៀវទេសចរ​អន្តរជាតិ ។

នៅ​ឆ្នាំ ២០១៥ ​នេះ Trip Advisor ដែលជា​វេ​ប​សាយលំដាប់​ពិភពលោក​មួយ​បាន​បង្ហាញថា អង្គរវត្តបាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅអាស៊ី និង លេខ ២ លើពិភពលោក ក្នុង​ចំណោម គោលដៅ​កម្សាន្ត​ទាំង ២៥ នៅក្នុងពិភព​លោក​ ។​ កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន​នេះ បញ្ហា​ប្រាសាទអង្គរវត្ត​គឺជាប្រធានបទ​យ៉ាង​ក្តៅគគុក​មួយ សម្រាប់​អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជាដោយ សារតែ​ការប្រគល់​ប្រាសាទ​នេះទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង ហើយបាន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា ។​

យោងតាម​តួលេខ​ដែលចេញផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅក្នុង​ខែសីហា​កន្លងទៅនេះ​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរដែល​ទិញសំបុត្រ​ចូល​ទស្សនានៅក្នុង​ខែសីហា​ មាន​ចំនួន ១៦៥ ៧២១ នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៤ គឺមាន​ការ កើនឡើង ១,២៦% ។ ចំពោះ​ចំណូល​ដុល​សរុបដែល​បានទទួល​ពី​ការលក់​សំបុត្រ​នៅក្នុង​ខែសីហា ឆ្នាំ ២០១៥ នេះ​វិញ គឺមាន​ចំនួន ៤៧៦៤ ៧២០ ដុល្លារ ឃើញថា​មានការ​កើនឡើង ០,៩៩% បើ​ប្រៀបធៀប​ទៅនឹង​ខែសីហា ឆ្នាំ ២០១៤ ។

ដោយឡែក​ស្ថិតិ​ភ្ញៀវ ទេសចរ​បរទេសចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​វត្តក្នុង​រយៈពេល ៨ ខែដើមឆ្នាំ  ២០១៥ មានភ្ញៀវ​ទិញ​ប័ណ្ណ​សរុប​ចំនួន ១ ៤០៤ ១០៧ នាក់ មានការ​កើនឡើង ១,៩២% បើប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៤ ។ ចំពោះ​ចំណូល​​សរុប​នៅក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ  ២០១៥ នេះ​វិញ មាន​ចំនួន ៣៩ ៨២៣ ៩២០ ដុល្លារ បើប្រៀបធៀប​រយៈ​ពេល ៨ ខែ​ ដើមឆ្នាំ ២០១៤ គឺមានការកើនឡើង​ចំនួន ០,០៣%​។

បច្ចុប្បន្ននេះតម្លៃ​សំបុត្រសម្រាប់​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត សម្រាប់​ជនបរទេសចែកចេញជា​បី​ប្រភេទ គឺ​តម្លៃ ២០ ដុល្លារ សម្រាប់​រយៈពេល​មួយថ្ងៃ ៤០ ដុល្លារ​សម្រាប់​រយៈពេល ៣ ថ្ងៃ (​មាន​សុពលភាព ១ សប្តាហ៍​) និង ៦០ ដុល្លារ​សម្រាប់​រយៈពេល ៧ ថ្ងៃ (​មាន​សុពលភាព ១ ខែ​) ។ ចំពោះ​ភ្ញៀវទេសចរ​ជាតិ​មិន​តម្រូវឱ្យបង់ប្រាក់​ចូល​ទស្សនា​នោះឡើយ ៕ សយ ស៊ីណា​

    

   

 

 

Related