ទាហាន​ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាត​​​ចាប់​ផ្តើម​អនុវត្ត​ទោសជាប់​​​ពន្ធនាគារ​​​១៤ឆ្នាំ

ទាហាន​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​ពី​សប្ដាហ៍មុន​ដោយ​​​សារ​​​​ជា​ជន​សង្ស័យ​ម្នាក់​​ក្នុង​​​​​ហេតុការណ៍​​​​សម្លាប់​មន្ត្រី​នគរ​បាល​ម្នាក់​​ ​និង​អនុរក្ស​ព្រៃ​​​ឈើ​ម្នាក់ទៀតកាល​ពី​ពេល ​ថ្មី​ៗ​នេះ​​​នៅ​ក្នុង​ខេត្ត​ព្រះវិហារនោះ​បាន​​​​ចាប់​ផ្ដើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​​​រយៈ​ពេល​១០​ឆ្នាំ​​ពីបទ​ប្លន់​ប្រដាប់​អាវុធ​​ជា​ច្រើន​ឆ្នាំមក​ហើយ​​។

លោក​ ចាន់ លឿង ​​ទាហាន​នៅ​កង​ពល​តូច​លេខ​៩​នៅក្នុង​កង​ពល​ធំ​លេខ​៣នៃកង​យោធ​ពល​ខេមរភូមិន្ទ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល ពី​ថ្ងៃ​អង្គារ ដោយ​សង្ស័យ​ថា ជន​នេះ​ជាប់​ពាក់​ព័ន្ធ​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​សម្លាប់​​លោក សៀង ណារ៉ុង អនុរក្ស​​​ព្រៃឈើ​ប្រចាំស្រុក​ឆែប​របស់​រដ្ឋបាល​ព្រៃ​ឈើ និង​លោក សាប់ យស់ មន្ត្រី​នគរ​បាល​ស្រុក​ឆែប​កាលពី​ថ្ងៃទី​៧ខែ​វិច្ឆិកា។

បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ចូល​រួម​ល្បាត​​​នៅ​ព្រៃ​ព្រះរកានៅ​យប់មួយ​ ​ស្វែង​រក​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ហើយ​ត្រូវ​បានបាញ់​​​ស្លាប់​​​ពេល​កំពុងដេក​លង់លក់​ដោយ​​​ជន​ដៃដល់​មួយ​ក្រុម​​ដែលបាន​គេចខ្លួន​ពី​កន្លែង​កើត​ហេតុ។

កាលពី​ម្សិលមិញ លោក លី លន់ ​ព្រះរាជ​​​អាជ្ញា​​​​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសា​សន៍​ថា លោក ​ចាន់ លឿង មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​ការ​សម្លាប់​បុរស​ទាំង​ពីរ​នាក់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ចាប់​ផ្ដើម​អនុវត្ត​ទោស​​​ជាប់ពន្ធនាគារ​ពីបទ​ប្លន់​ប្រដាប់​អាវុធ​កាលពី​ឆ្នាំ​២០០១ ដែល​តុលាការ​បាន​កាត់​ទោស​កំបាំង​មុខ។

លោក​បាន​ថ្លែង​ថា “​តុលាការ​បាន​​ផ្ដន្ទា​​​ទោស​ជននេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ។ យើង​ទើប​តែ​បានរកឃើញថា ​ជននេះ​​បម្រើការ​​នៅ​កង​ពលតូច​លេខ​៩ បន្ទាប់ពី​មន្ត្រី​ទាំង​​ពីរ​នាក់​​នេះ ត្រូវ​បាន​បាញ់​ស្លាប់​តែ​ប៉ុណ្ណោះ។ យើង​សង្ស័យ​ថា ​ជន​នេះ​បាន​បាញ់​សម្លាប់​មន្ត្រី​ទាំង​ពីរ​នាក់​នោះ ប៉ុន្តែ​ជននេះ​​បាន​បដិសេធ”។

លោក លី លន់ បាន​ថ្លែង​ថា កាលពី​ឆ្នាំ​២០១១ ទាហាន​រូប​នេះ​ និង​បុរស​បី​នាក់​ទៀត​​​​​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ បាន​ប្លន់​​គ្រួសារ​មួយ​​យក​មាស​អស់​ជាច្រើន​​ ហើយ​ថា​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ។

លោក​បាន​ថ្លែងថា តុលាការ​​នៅ​តែ​ចោទ​ប្រកាន់​ជននេះ​ពីបទ​មនុស្ស​ឃាត​​កាលពី​ពេល​ថ្មីៗ​នេះ​ដដែល​ ប៉ុន្តែ​រង់ចាំ​របាយ​​​ការណ៍​ ពី​នាយកដ្ឋាន​​​កណ្ដាល​យុត្តិធម៌​​នៃ​នគរ​បាល​ជាតិ​​ដែល​កំពុង​ស៊ើបអង្កេត​ករណី​នេះ​។

លោក អុិន បូរ៉ា ដែល​ជា​ប្រធាន​នាយក​​​ដ្ឋាន​​​​នេះ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​​​ធ្វើ​ការ​​លើ​រឿង​នេះ​ដើម្បី​រៀបចំ​​របាយការណ៍​។

កាលពី​សប្ដាហ៍​មុន មន្ត្រី​នគរ​បាល​ម្នាក់​ដែល​​​កំពុង​​ល្បាតក្នុង​​​​ព្រៃ​​​ ​​​ហើយ​​បាន​រង​ការ​វាយ​ប្រហារ​​ ប៉ុន្តែ​​បាន​រត់​រួច​ខ្លួន​​ដោយ​ត្រូវ​​គ្រាប់កាំភ្លើង​រង​​​របួសស្រាលនោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា លោក ចាន់ លឿង បាន​គំរាម​សម្លាប់​គាត់​​ប្រហែល​១ខែ​មុន បន្ទាប់ពី​កូន​ប្រសារបស់​គាត់​​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់។

បុរស​​ប្រាំមួយ​នាក់​​​​រួម​ទាំង​ទាហាន​កង​ពលតូច​លេខ​៩​ម្នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ដោយ​​​សារ​​​​ជន​សង្ស័យជាប់​​​​​​​ពាក់ព័ន្ធ​​នឹង​​​អំពើមនុស្ស​ឃាត​ទាំង​ពីរ​នោះ៕ សារុន​​   

The post ទាហាន​ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាត​​​ចាប់​ផ្តើម​អនុវត្ត​ទោសជាប់​​​ពន្ធនាគារ​​​១៤ឆ្នាំ appeared first on ខេមបូឌា ដេលី.