បារាំង​បដិសេធ​ការ​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦

បារាំង​បដិសេធ​ការ​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦

“ការ​ប្រកួត​បាល់ទាត់​ទ្វីប​អឺរ៉ុប Euro ២០១៦ នៅ​បារាំង​មិន​គួរ​បោះបង់​ចោល​នោះ​ទេ បើ​ទោះ​ជាមាន​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស យ៉ាង​ណា​ក៏ដោយ”។ នេះគឺ​ជា​សម្ដី​របស់​លោក Jacques Lambert ​អ្នក​រៀបចំ​​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នេះ។

 

បារាំង​បដិសេធ​ការ​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦

 

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ភេរវកម្ម​ដ៏​ធំ​មួយ​ បាន​សម្លាប់​មនុស្ស​​យ៉ាង​តិច​១២៩​នាក់ និង៣៥០នាក់​ផ្សេង​ទៀត​រង​របួស​នៅ​កណ្ដាល​រដ្ឋធានី​របស់​បារាំង។ ​នេះ​ជា​លើកទី២​ហើយ​ដែលបារាំង ជួប​ហេតុការណ៍​បែបនេះ បន្ទាប់​ពី​នៅ​ដើម​ឆ្នាំ ប៉ារីស​ត្រូវ​វាយ​ប្រហារ​ម្ដង​ដែរ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៨​នាក់។

 

ឆ្លើយ​តប​នឹង​វិទ្យុ​បារាំង RTL លោក Lambert មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ខ្លាច​ក្រែង​មាន​ការ​ចង់​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ ក្រោយ​យើង​រង​ការ​វាយ​ប្រហារ​ពី​ភេរវជន។ តែ​មិន​ដូច្នោះ​ទេ បារាំង​នឹង​រៀបចំ​ការ​ប្រកួត Euro នៅ​ទីតាំង​ដែល​សុវត្ថិភាពបំផុត។ខ្ញុំ​គិត​ថា​សន្តិសុខ​របស់​កីឡដ្ឋាន គឺ​មិន​មាន​បញ្ហា​នោះ​ទេ តែ​គ្រោះថ្នាក់​គឺ​មាន​នៅ​តាមផ្លូវ និង​ទីប្រជុំជន​ច្រើន​ជាង”។

 

បារាំង​បដិសេធ​ការ​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦

 

ការប្រកួត Euro ជុំ​ផ្ដាច់ព្រ័ត្រ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​បារាំង​ពី​ថ្ងៃទី១០ ខែ​មិថុនា ហើយ​បើ​តាម​កាល​វិភាគនៅថ្ងៃទី១០ ខែ​កក្កដា នឹង​មាន​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stade de France ជា​ទី​ដែល​​មាន​មនុស្ស​ស្លាប់ ៤នាក់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc