ហាប់គីដូ​កម្ពុជា​​ប្រឹង​បណ្ដុះ​ធន​ធាន​មនុស្ស​​ទាំង​ខ្វះ​អ្វី​ៗ​ស្ទើរ​គ្រប់​យ៉ាង

ហាប់គីដូ​កម្ពុជា​​ប្រឹង​បណ្ដុះ​ធន​ធាន​មនុស្ស​​ទាំង​ខ្វះ​អ្វី​ៗ​ស្ទើរ​គ្រប់​យ៉ាង

ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ធន​ធាន​មនុស្ស​ជា​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​សហព័ន្ធ​កីឡា​ហាប់​គីដូ​កម្ពុជា​ បើ​ទោះ​បី​ជា​សហព័ន្ធ​មួយ​នេះ​បាន​ចាប់​កំណើត​នៅ​ទឹក​ដី​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី។ នេះ​ជា​ការ​ឲ្យ​ដឹង​របស់​លោក​អគ្គលេខាធិការ​សហព័ន្ធ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ និង​តម្លើង​ខ្សែ​ក្រវាត់​ដល់​សិស្ស​ចំនួន​៣៩​នាក់​កាល​ពី​​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ។

 

លោក​ គង់ ចាន់ធីណា ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ហាប់​គីដូ​កម្ពុជា​បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡា​ហាប់​គី​បាន​ចាប់​កំណើត​នៅ​ប្រទេស​ម្ពុជា​ច្រើន​ឆ្នាំ​ហើយ​ និង​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ប៉ុន្តែ​​ក្រសួង​អប់រំ យុវជន​ និង​កីឡា​មិន​ទាន់​ទទួល​ស្គាល់​ឡើយ។

 

ហាប់គីដូ​កម្ពុជា​​ប្រឹង​បណ្ដុះ​ធន​ធាន​មនុស្ស​​ទាំង​ខ្វះ​អ្វី​ៗ​ស្ទើរ​គ្រប់​យ៉ាង ចែក​សញ្ញាបត្រ​ហាប់គីដូ ម្សិល​មិញ

 

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ សហព័ន្ធ​ក៏​មិន​ទាន់​បាន​រៀប​ចំ​ការ​ប្រកួត​ជា​លក្ខណៈ​ថ្នាក់​ជាតិ​ឡើយ​ដោយ​រៀប​ចំ​ការ​ប្រកួត​ក្នុង​ទ្រង់​ទ្រាយ​តូច​ៗ​ប៉ុណ្ណោះ​ និង​មិន​បាន​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូច​ជា​កីឡាស៊ីហ្គេម​ឡើយ។

 

លោក​ ចាន់ធីណា​ បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​សហព័ន្ធ​ស្ទើរ​តែ​ខ្វះ​ខាត​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​ការ​ពង្រឹង​ និង​អភិវឌ្ឍ​កីឡា​ប្រភេទ​មួយ​នេះ។ «យើង​ខ្វះ​ធន​ធាន​មនុស្ស​ យើង​អត់​មាន​ទី​កន្លែង​ហ្វឹកហាត់​ផ្ទាល់​ខ្លួន​ រាល់​ថ្ងៃ​នេះ​បើ​យើង​ចង់​មាន​ការ​ប្រកួត​ណា​មួយ យើង​មាន​តែ​ធ្វើ​នៅ​តាម​ក្លិប​ឯកជន ឬ​សាលា​រៀន​ឯកជន ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​ទាន់​ឈាន​ដល់​ការ​ប្រកួត​ថ្នាក់​ជាតិ»។​

 

ទោះ​ជា​យ៉ាង​ណា​ សហព័ន្ធ​មួយ​នេះ​នែ​ប្រឹង​ប្រែង​បណ្តុះធន​ធាន​មនុស្ស​ កីឡាករ​ និង​ក្លិប​ដើម្បី​ឲ្យ​រីក​ចម្រើន​​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ជាក់​ស្តែង​កាល​ពី​ម្សិលមិញ​ សហព័ន្ធ​បាន​រៀប​ចំ​ការ​ប្រកួត​ដើម្បី​បង្កើន​សមត្ថភាព​ និង​បញ្ជាក់​ពី​កម្រិត​គុណ​ភាព​របស់​សិស្ស​នៅ​សាលា​ឯកជន​ប្រីដតុន។

 

ជា​លទ្ធផល​ សហព័ន្ធ​បាន​ស្វែង​រក​ឃើញ​សិស្ស​៣៩​នាក់​ដែល​ត្រូវ​បាន​​ចែក​ជា​៣​ផ្នែក​គឺ​ប្រភេទ​ខ្សែ​ក្រវាត់បៃតង​មាន​ចំនួន​២៧នាក់ កម្រិត​​ខ្សែក្រវាត់​ពណ៌​ត្នោត​មាន​ចំនួន​៨​នាក់ និង​កម្រិត​​ខ្សែក្រវាត់​ខ្មៅ​ចំនួន​៤​នាក់។ ក

 

អត្ថបទ៖ ជាន ចាន់រ៉ា​