ហុងគ្រី បញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំតាមរយៈការឈ្នះកៅអីទៅ Euro ឆ្នាំ២០១៦

ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ហុង​គ្រី បាន​​ឈាន​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍​ធំ​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​១ បើគិត​ចាប់​តាំង​ពី​​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៨៦ នៅ​​ពេល​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ន័រ​វែស ២-១ កាលពី​ថ្ងៃ​អាទិត្យ​​ដើម្បី​ទទួល​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ក្នុង​លទ្ធ​ផល ៣-១ ក្នុង​ការ​ប្រកួត​​ជម្រុះ​វគ្គ playoff នៃ​​យុទ្ធ​នា​ការ Euro ឆ្នាំ​២០១៦​។ ខ្សែ​ប្រយុទ្ធ Tamas Priskin បាន​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ការ​ប្រកួត​នេះ​ជា​មួយ​នឹង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​​នៅនាទី ទី​១៤ នៅ​មុន​ពេលការ​ធ្វើ​ឲ្យបាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​កីឡាករ Markus Henriksen ក្នុង​រយៈ​ពេល​៧​នាទី​ចុង​ក្រោយ​​បាន​ធ្វើ​ឲ្យ​ក្រុម​ជ្រើស​ជាតិ​ហុង​គ្រី ​ឈ្នះ​កៅ​អី​​មួយ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​បារាំង​នា​រដូវកាល​ក្តៅក្រោយ​។
1
បន្ទាប់​មក Henriksen បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុមរ​បស់​​ខ្លួន​វិញ​នៅនាទី ទី​៨៨​ដើម្បី​លុប​លាង​នូវ​​កំហុស​របស់​គេ ប៉ុន្តែ វា​​យឺត​ពេល​បន្តិច​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិន័រ​វែស ដែល​ការ​បង្ហាញ​ខ្លួន​ជា​លើក​​ចុង​ក្រោយ​​របស់​ពួក​គេ​​ក្នុង​ព្រឹត្តិ​ការណ៍ Euro គឺកាល​ពី​ឆ្នាំ​២០០០​។ ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី បាន​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ​​ទាំង​ការ​ជឿ​ជាក់ ក្រោយ​ពី​​កីឡាករ Laszlo Kleinheisler បាន​អប​អរ​​ការ​បង្ហាញ​ខ្លួន​​ជា​អន្តរ​ជាតិ​ជា​លើក​​ទី​១​របស់​គេ​ជា​មួយ​នឹង​ការ​​រក​គ្រាប់​បាល់​តែ​មួយ​គ្រាប់​ក្នុង​ទីក្រុង Oslo ក្នុង​ការ​ប្រកួត​ជើង​ទី​១​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ស្រប​ពេល​ជាមួយ​​គ្នា​នេះ នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ ក្រុម​​បាល់​ទាត់​​ជម្រើស​ជាតិ​អៀរ​ឡង់ នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​បូ​ស្នី ក្នុង​ទីក្រុង Dublin ក្រោយ​ពី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ​ទីក្រុង Zenica​៕

ប្រភព​ព័ត៌មាន៖ Channel News Asia