វិចារណកថាៈ បញ្ឈប់ការជួលដី តាមព្រំដែន ជាបញ្ហាដ៏សំខាន់

  កន្លងមកមានប្រជាពលរដ្ឋខ្មែរ រស់នៅតាមតំបន់ព្រំដែន ធ្លាប់ជួលដីតាមព្រំដែន ឲ្យជនជាតិវៀតណាម ចូល មកធ្វើ ស្រែ ចម្ការដាំដំឡូងមី និងអំពៅជាដើម ដោយពួកគាត់មិនបាន គិតគូរពីផលវិបាក នាពេលខាង មុខនោះទេ ។ បញ្ហានេះ ត្រូវបាន គេមើលឃើញថា អាចនាំឲ្យប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរនាពេលអនាគត ដូច្នេះ អាជ្ញាធរ នៃបណ្តាខេត្តជាប់ ព្រំដែន គួរពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។ ជាងនេះទៅទៀតប្រជាកសិករដែល រសនៅ តាមបណ្តោយព្រំដែន មិនគួរគិតគូរតែរឿងកម្រៃ ដែលបានមក ពីការជួលដីស្រែចម្ការនោះទេ គឺត្រូវគិតគូរពីផលប៉ះ ពាល់ដល់បញ្ហាព្រំដែន និងបូរណភាពទឹកដីផងដែរ ។ ទន្ទឹមនឹងនេះមន្រ្តីអាជ្ញាធរនៃបណ្តាឃុំ ស្រុកខេត្តជាប់ព្រំដែន គួរចាត់វិធានការកុំឲ្យប្រជាពលរដ្ឋ នៃប្រទេសជិត ខាងចូលមកធ្វើស្រែចម្ការលើទឹកដីខ្មែរស្រេចតែអំពើចិត្ត ហើយត្រូវអនុវត្តន៍ ដោយយកចិត្តទុក ដាក់រាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ។

កាលពីថ្ងៃសុក្រចុងសប្តាហ៍មុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរណ៍ មិនឲ្យប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ជួលដីឲ្យបរ ទេស (ស្រែចម្ការ) ទៅឲ្យជនជាតិវៀតណាមរួមទាំងថៃ និងលាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរស្រែឡាវ) ជាដើម ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ហាជាក់ថា រាជរដ្ឋាភិបាលនឹងពិនិត្យមើល ស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការអភិវឌ្ឍន៍ រួមការ ទាំងការសាងសង់លំនៅដ្ឋានសម្រាប់កង ទ័ពនៅតាមបណ្តាព្រំដែន ដើម្បីការពារទឹកដីកម្ពុជា ។ ទន្ទឹមនឹងនោះ ដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ញើលិខិតទៅនាយក រដ្ឋមន្រ្តី នៃប្រទេស ដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បី សហការ និងហាមឃាត់មិនឲ្យពលរដ្ឋ នៃប្រទេសទាំងនោះ មកជួលដីនៅតាមព្រំដែនកម្ពុជា ប៉ុន្តែប្រទេស ជាប់ព្រំដែនទាំងអស់ នឹងសហការគ្នាដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមព្រំដែន ។

វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងលើនេះ ត្រូវបានក្រុមសង្គមស៊ីវិល ក៏ដូចជាមហាជនទូទៅគាំទ្រ យ៉ាងពេញ ទំហឹង ព្រោះការទប់ស្កាត់បញ្ហាជួលដី តាមព្រំដែនកុំឲ្យប្រជាពលរដ្ឋ នៃប្រទេសជិតខាងចូល មកធ្វើស្រែចម្ការ លើទឹកដីខ្មែរ គឺស្មើនឹងការពារព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ ។ ជាងនេះ ទៅទៀត សមត្ថកិច្ចឈរជើងតាមព្រំ ដែនមិនគួរធូរ រលុងក្នុងការ បើកដៃឲ្យប្រជាពលរដ្ឋ នៃប្រទេសជិតខាង ចូលមក ធ្វើអ្វីៗលើទឹកដីខ្មែរតាមព្រំដែនស្រេចតែអំ ពើចិត្តនោះទេ ដូចជាធ្វើស្រែចម្ការ និងលក់ដូរទំនិញជាដើម ។ ដោយហេតុថា ប្រទេសជិតខាងទាំង៣គឺវៀតណាម ថៃ និងឡាវ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ឆ្លងដែន ចូលទៅទឹកដីគេដោយងាយៗនោះទេ ហើយប្រជាពលរដ្ឋខ្មែរដែល ឆ្លងដែនខុសច្បាប់ ត្រូវប្រឈមនឹង គ្រោះថ្នាក់ជាញឹកញាប់ ។ ចំណែកពលរដ្ឋនៃប្រទេសជិតខាងចូលមកធ្វើស្រែចម្ការ ធ្វើការងារ និងប្រកបរបរ រកស៊ីផ្សេងៗលើទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ។

ថ្មីៗកន្លងទៅនេះ មានសេចក្តីរាយការណ៍ថា ជនជាតិវៀតណាម បានឆ្លងដែនចូលមកលក់ឆ្នោត ដល់ក្រុងស្វាយ រៀង និងបណ្តាស្រុកផ្សេងៗទៀតនៅជាប់ព្រំដែនដោយអាជ្ញាធរ និងសមត្ថកិច្ចខ្មែរ មិនបានចាត់វិធានការទប់ ស្កាត់ប្រកប ដោយប្រសិទ្ធភាពឡើយ ។ នៅតាមស្រុកមួយចំនួន នៃខេត្តត្បូងឃ្មុំ ក៏មានជនជាតិវៀតណាម ចូល មកលក់ឆ្នោត និងប្រ កបរបររកស៊ីផ្សេងៗលើទឹកដីខ្មែរយ៉ាងអនាធិបតេយ្យដែរ ដោយពុំមានសមត្ថកិច្ច និង មន្រ្តីអាជ្ញាធរខ្មែរយកចិត្តទុកដាក់ ពង្រឹងសន្តិសុខនៅតាមព្រំដែននោះទេ ។ មិនតែប៉ុណ្ណោះ នៅតាមតំបន់ ព្រំដែន ក្រុងបាវិត ខេត្តស្វាយរៀងជាដើម ជនជាតិវៀតណាមអាចដឹកជញ្ជូន ទំនិញមកលក់ដូរលើទឹកដីខ្មែរ ស្រេចតែ អំពើចិត្ត ដោយគ្រាន់តែបង់លុយបន្តិចបន្ទួចឲ្យ សមត្ថកិច្ចនៅច្រករបៀង និងច្រកព្រំដែន ។ រីឯប្រជាពលរដ្ឋខ្មែរ វិញនៅពេលឆ្លងដែនទៅប្រទេសវៀតណាមត្រូវបំពេញ បែបបទសព្វបែបយ៉ាង ហើយមានការកំណត់ ពេលវេលា ជាក់លាក់ក្នុងការចេញចូលទៀតផង ។

សរុបសេចក្តីមក ការដែលរាជរដ្ឋាភិបាល មានគម្រោងចេញសារាចរណ៍ មិនឲ្យប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ជួលដីស្រែចម្ការទៅឲ្យពលរដ្ឋនៃប្រទេសជិតខាង គឺជាវិធានការដ៏សំខាន់ ដើម្បីការពារបូរណភាពទឹកដី និង សន្តិសុខនៅ តាមខ្សែព្រំដែន ។ ជាមួយគ្នានេះមន្រ្តីអាជ្ញាធរខេត្ត និងសមត្ថកិច្ចតាមព្រំដែន ត្រូវគិតគូរឡើងវិញ ចំពោះភាពធូររលុងក្នុង ការបើកដៃឲ្យពលរដ្ឋនៃប្រទេសជិតខាងចូលមកធ្វើស្រែចម្ការ និងប្រកបរបររក ស៊ីលើ ទឹកដីខ្មែរ ។ ដោយសារថា មួយ រយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាម ឆ្លងដែន ចូលមកកាប់ឈើខុស ច្បាប់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី ក៏ដូចជានៅស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយការដែលជនជាតិវៀតណាម ហ៊ានឆ្លងដែនចូល មកកាប់ឈើខុសច្បាប់លើទឹកដីខ្មែរ គឺមានការបើកដៃពី មន្រ្តី សមត្ថកិច្ច និងអាជ្ញាធរខ្មែរ ។ បញ្ហាទាំងនេះជារឿងដែល ក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនត្រូវព្រងើយ កន្តើយតទៅទៀតទេ ហើយការទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរជួលដីតាមព្រំដែន ទៅឲ្យពលរដ្ឋនៃប្រទេស ជិត ខាងធ្វើស្រែចម្ការ គឺជាបញ្ហាសំខាន់បំផុត ដើម្បីការពារបូរណភាពទឹកដីខ្មែរ ៕