​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ហិង្សា

ភ្នំពេញ: សមត្ថកិច្ច​បាន​ឃាត់ខ្លួន បុរស​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​ចាក់ បុរស​ជា​សន្តិសុខ​មួយ​កាំបិត ចំ​បំពង់ក រងរបួស​ធ្ងន់ ហើយ​ត្រូវបាន គេ​បញ្ជូន​ភ្លាមៗ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ហេតុការណ៍​ហិង្សា​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង ៦ ព្រលប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  ស្ថិតនៅ​បារ​បារាំង G.PUB ក្នុង​ផ្សារ​សុរិយា ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​ទី​១ ឈ្មោះ អ៊ុំ ផន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​សន្តិសុខ​ហាង G.PUB ស្នាក់នៅ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២.​ឈ្មោះ សោម វណ្ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មេការ​ហាង G.PUB ស្នាក់នៅ​ផ្ទះជួល ក្បែរ​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ចំណែក​ជនដៃដល់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ ព្រោះ​សមត្ថកិច្ច បាន​កំពុង​សាកសួរ​។​

​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត កូនកាំបិត​ចំនួន​មួយ ពី​ជនសង្ស័យ ។ តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ  នៅវេលា​ម៉ោង ៦:១៥ នាទី ជនសង្ស័យ បាន​ចូល​ផឹកស៊ី នៅ​បារ​បារាំង G.PUB ហើយ​បាន​និយាយ​ឡូឡា ប៉ះពាល់​ដល់​ភ្ញៀវ​ផ្សេងទៀត​។ ភា្ល​ម​នោះ សន្តិសុខ​ឈ្មោះ អ៊ុំ ផន បាន​ហៅ​ណែនាំ សម្រប សម្រួល កុំ​ឲ្យ​ធ្វើបែបនេះ​។ បន្ទាប់ពី​បាន​ណែនាំ​រួច ជនសង្ស័យ ក៏បាន​ដើរ​ចេញពី​ហាង​នោះ​។ ស្រាប់តែ​១៥​នាទី ក្រោយមក ជនសង្ស័យ ក៏​ត្រឡប់មកវិញ ហើយក៏​ស្ទុះ​មក​វាយ​ឈ្មោះ អ៊ុំ ផន ហើយ​ជនសង្ស័យ​មិនដឹង​ជា​បានកូន​កាំបិត​មកពីណា យកមក​ចាក់​ឈ្មោះ អ៊ុំ ផន ប៉ុន្តែ​ភា្ល​ម​នោះ ឈ្មោះ សោម វណ្ណា បាន​ចូលទៅ​ជួយ ក៏ត្រូវ​ជនសង្ស័យ ចាក់​១​កាំបិត ត្រូវចំ​បំពង់ក រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​កាលម៉ែត​។ ដោយឡែក ជនដៃដល់ ត្រូវបាន កម្លាំង​សមត្ថកិច្ច ខណ្ឌដូនពេញ ឃាត់ខ្លួន​ដើម្បី ចាត់ការ​តាម​នីតិវិធី​៕V​/S