ជនសង្ស័យ​ម្នាក់​​ចូល​លួច​ទ្រព្យសម្បត្តិ​ ​​គេ​ចាប់​បាន​​​វាយ​ទ្រម​ខ្លួន​

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ផ្លោះ​ចូល​លួច​ទ្រព្យសម្បត្តិ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល​អ្នក​ជិតខាង​ចេញ​មក​ឡោម​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ទ្រម​ខ្លួន ​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង២និង​៥០នាទីរំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ​២០១៥ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១០៩ កែង​និង​ផ្លូវ​លេខ១០៧ ក្នុង​សង្កាត់​ផ្សារ​អូ​ឫ​ស្សី​៤ ខណ្ឌ៧​មក​រា ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខាងលើ​​នេះ​ឈ្មោះ កុ​ត ពិ​ង អាយុ៣០ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់ផ្ទះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គាត់​កំពុង​គេង​លង់លក់​​​នៅ​ក្នុងផ្ទះ​របស់​គាត់ ​ខណៈនោះ​ស្រាប់តែ​ឭ​​សំឡេង​ដូច​មានមនុស្ស​ផ្លោះ​ចូល​​ក្នុង​ផ្ទះ ដោយ​មានការ​សង្ស័យ​គាត់​ក៏​បាន​ក្រោក​មើល​​ស្រាប់​តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​​ធ្វើ​សកម្មភាព​លួចទ្រព្យសម្បត្តិ ។ ដោយ​ឃើញ​ដូចនេះ​​គាត់​ក៏​ស្រែក​ឆោ​ឡើង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​​អ្នក​ជិត​ខាង​​នាំ​គ្នា​ចេញ​មក​ឡោម​ព័ទ្ធ​ដេញចាប់​ជនសង្ស័យ​បាន​​ភ្លាម​ៗ រួច​ក៏​​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​បញ្ចេញ​កំហឹង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​តាម​ក្រោយ ។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​​​ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​​យក​មក​សាកសួរ​នៅប៉ុ​ស្លិ៍​នគរបាលផ្សារ​អូ​រឫស្សី​៤ និង​ទទួល​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ ដើម្បី​ចាត់​ការ​ទៅ​តាមផ្លូវច្បាប់ ៕​​