កាប់​សម្លាប់​ស្ត្រីជន​ជាតិចិន​ម្នាក់​នៅ​បន្ទប់​ជាន់​ទី​២​ក្នុង​ផ្សារ​បូ​រី​ញូ​វ​ថោ​ន

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ស្លាប់​គួរ​ឲ្យ​រន្ធត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ នៅ​អគារ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​សាងសង់ តំបន់​សេដ្ឋកិច្ច​ចិន​-​កម្ពុជា​គ្រុប ក្នុង​បន្ទប់​ផ្សារ​ជាន់​ទី​២ ក្នុង​បូ​រី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ CHEN HUAYING ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ចំណែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៥​នាក់ ស្រី​២​នាក់ និង​ប្រុស​៣​នាក់ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ទទួល​ព័ត៌មាន​ពី​ជនជាតិ​ចិន​ម្នាក់​ប្រាប់​គាត់​ថា មាន​ករណី​ឃាតកម្ម​នៅ​ក្នុង​បន្ទប់ ដោយ​ឃើញ​មាន​ស្នាម​ឈាមកក និង​សក់​ដាច់​ទាំង​ដុំ​នៅ​មាត់ទ្វារ​បន្ទប់​ជាន់​ទី​២ គាត់​ក៏​បាន​ឡើង​ទៅ​មើលឃើញ​មាន​ពិតប្រាកដ​មែន ហើយ​ភ្លាម​ៗ​នោះ​បាន​នាំ​គ្នា​២-៣​នាក់​ធាក់​ទម្លាយ​ទ្វារ​បន្ទប់​ចូល​ទៅ​ឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាមនៅ​ជាប់មាត់​ទ្វារ​ ដោយ​មាន​ស្នាម​កាប់​ជា​ច្រើន​កាំបិត​នៅ​លើ​បំពង់ក ដៃ និង​ក្រោម​ដោះ ហើយ​នៅ​លើ​ពូក​របស់​ជន​រង​គ្រោះ​បន្សល់​ទុក​កូនកាំបិត​ចុង​ស្រួច និង​កាំបិត​បុ័ងតោ ព្រមទាំង​កំរាលពូក​ញ៉េ​រ​ញ៉ៃ ។

ស្រប​ពេល​ដែល​សន្តិសុខ​ឡើង​ទៅ​ពិនិត្យ​បានឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈ្មោះ YANG PEIPEI ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​អង្គុយ​ក្នុង​សភាព​ញ័រញាក់​នៅ​ក្បែរ​បន្ទប់​កើតហេតុ ហើយ​មាន​កាន់ដំបង​នៅ​ដៃ និង​ស្នាម​ឈាម​ប្រឡាក់​សក់ និង​ក្រចកជើង ទើប​សន្តិសុខ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លូ​ន​ស្ត្រី​គួរ​ឲ្យ​សង្ស័យ និង​ជនជាតិ​៤​នាក់​ទៀត​ដែល​ស្នាក់​នៅ​ក្បែរ​នោះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

ស្ត្រី​សង្ស័យ​ជនជាតិ​ចិន​ដែល​មាន​កាន់ដំបង​ជាប់​នឹង​ដៃ​នោះ​បាន​និយាយ​ប្រាប់​អ្នកបកប្រែ​ថា រូបគេ​មិន​បាន​សម្លាប់​ជន​រង​គ្រោះ​ទេ ប៉ុន្តែ​ពេល​ដែល​គេ​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ចំណែក​ដំបង​ដែល​កាន់​នៅ​ដៃ​គឺ​គេ​កាន់​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ស្ត្រី​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​ទៀត ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​នេះ​ឃាតករ​អាច​មាន​គ្នា​ច្រើន​នាក់​លើស​ពី​២​នាក់ ព្រោះ​នៅ​ក្នុង​បន្ទប់​មានការ​ប្រតាយប្រតប់​គ្នា​មុន​នឹង​សម្លាប់​ដោយ​ដាច់​សក់​ទាំង​ដុំ​ៗ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​សមត្ថកិច្ច​នាំ​​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​សព​ស្ត្រី​ជន​ជាតិ​ចិន​រង​គ្រោះ​ដឹក​យក​ទៅ​តម្កល់​ទុក្ខ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ប្រគល់​ឲ្យ​ស្ថានទូត​រក​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​វិញ ៕