ប្តី​ប្រចណ្ឌ​សម្លាប់​ប្រពន្ធ​ដុត​កម្ទេច​សព​ក្នុង​ពាង

ប្តី​ប្រចណ្ឌ​សម្លាប់​ប្រពន្ធ​ដុត​កម្ទេច​សព​ក្នុង​ពាង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ ត្រូវ​បាន​ប្តី​សម្លាប់​រួច​យក​សព​ទៅ​ដុត​នៅ​ក្នុង​ពាង ដោយ​ចាក់​សាំង​និង​កង់​ទ្បាន ព្រោះតែ​ប្រចណ្ឌ​ខឹង​ប្រពន្ធ​ចង់ទៅ​រួមរស់​ជាមួយ​ប្តី​មុន​របស់​ខ្លួន​វិញ ។ ករណី​នេះ បាន​កើត​ទ្បើ​ង​នៅផ្ទះ
មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ។

លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​រង​គ្រោះ​ឈ្មោះ​ទឹម សោភា អាយុ​៣៤​ឆ្នាំ ។ ចំណែក​ប្តី​កំណាច​ដែល​ជា​ជន​ដៃដល់​ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ បន្ទាប់​ពី​ដុត​សព​ប្រពន្ធ​នៅ​ក្នុង​ពាង ។ លោក​អធិការ​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​អ្នក​ជិតខាង​ថា នៅ​មុន​យប់​កើតហេតុ គេ​បានឮ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នោះ ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ហើយ​ក្រោយមក​បុរស​ជា​ប្តី​នោះ ក៏​បាន​ដើរ​ចេញ​មក​ខាងក្រៅ ដោយ​ប្រាប់​អ្នក​ជិតខាង​ថា គេ​បាន​សម្លាប់​ប្រពន្ធ​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​ពេល​នោះ​អ្នក​ជិតខាង​មិន​បាន​ចាប់អារម្មណ៍​និង​សម្តី​នេះ​ទ្បើ​យ ដោយ​នឹក​ស្មាន​តែ​ជា​ការ​និយាយ​លេង ។

ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ ក៏​មានការ​ដុត​អ្វី​ម្យ៉ាង​នៅ​ក្នុង​ពាង ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​នោះ ហើយ​អ្នក​ជិតខាង​ក៏​បាន​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ដោយ​ខ្លាច​មាន​អគ្គិភ័យ​ឆាបឆេះ ។ ក្រោយមក​សមត្ថកិច្ច​ក៏​មក​ដល់ ប៉ុន្តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោ​បិទ​ជិត ដូច្នេះ​សមត្ថកិច្ច​មិន​អាច​ចូល​ទៅ​ក្នុងផ្ទះ​បាន គឺ​បាន​ត្រឹមតែ​ឃ្លាំមើល​តែ​ប៉ុណ្ណោះ បង្ការ​ខ្លាច​មាន​អគ្គិភ័យ​រាលដាល​ពី​អណ្តាតភ្លើង​ដែល​ឆេះ​ក្នុង​ពាង​នោះ ។

លុះ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ទើប​សមត្ថកិច្ច​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា កាត់​សោ​ផ្ទះ​នោះ ហើយ​ក៏​រក​ឃើញ​មាន​ឆ្អឹង​មនុស្ស​ឆេះ​សុស​ទៅ​ហើយ​នៅ​ក្នុង​ពាង ដែល​ដុត​នោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ មក​ទល់​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជា​ប្តី ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ស្តុក​មួយ​នេះ មិនមែន​ជា​ផ្ទះ​ប្រពន្ធ​ប្តី​នេះ​ទេ គឺ​គ្រាន់តែ​គេ​ឱ្យ​រស់នៅ​ចាំផ្ទះ​ឱ្យ​គេ​តែ​ប៉ុណ្ណោះ ។

មិន​មាន​ព័ត៌មាន​លម្អិត​ណាមួយ​ឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ដោយ​បែប​ណា​នោះ​ទេ ហើយ​ការ​ប្រចណ្ឌ​ដែល​មានការ​និយាយ​ក្រោយ​ពេល​កើតហេតុ ក៏​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​នៅ​ទ្បើ​យ​ដែរ ព្រោះ​ពុំ​មាន​សាច់ញាតិ​ណាមួយ​បាន​ជួយ​បំភ្លឺ​ពី​ជីវិត​រស់នៅ​របស់​ប្តី​ប្រពន្ធ​នេះ​ទេ មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ ៕