កាប់សម្លាប់​ប្រពន្ធ​និង​ប្តី​ប្លន់​យក​ទូដែក

កាប់សម្លាប់​ប្រពន្ធ​និង​ប្តី​ប្លន់​យក​ទូដែក

ខេត្តកំពត ៖ ចោរ​មួយ​ក្រុម​ដែល​គេ​ពុំ​បានដឹង​ថា មាន​គ្នីគ្នា​ប៉ុន្មាន​នាក់​នោះ​ទេ បាន​ចូល​ធ្វើ​សកម្មភាព​ប្លន់​ក្នុងផ្ទះ​បើក ហាង​ចែកចាយ​បារី​សេក សាខា​កំពត ដោយ​បាន​កាប់​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​ស្លាប់​នៅ​លើ​គ្រែ​ដេក និង​កាប់​ប្តីឱ្យ​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម និង​ត្រូវ​ស្លាប់​ពេល​នាំ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ហើយ​សព​ក៏​បាន​ដឹក​មក​រៀបចំ​ធ្វើបុណ្យ​រួម​គ្នា ជាមួយ​សព​ប្រពន្ធ​នៅ​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ជិតខាង​ផ្ទះ​កើតហេតុ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា ក្នុង​រយៈពេល​ដែល​កើត​មាន​អំពើ​ប្លន់​ដ៏​សាហាវ​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា មាន​ករណី​នេះ​កើត​ទ្បើ​ង​ទេ ។ ប៉ុន្តែ​មាន​អ្នក​ជិតខាង​ខ្លះ​និយាយ​ថា ពួក​គេ​គ្រាន់តែ​ឆ្ងល់​ថា ជា​រៀងរាល់ថ្ងៃ​ព្រលឹម​ស្រាង​ៗ តែងតែ​ឃើញ​ម្ចាស់ផ្ទះ​បើកទ្វារ​ផ្ទះ​រៀបចំ​អីវ៉ាន់​ដាក់​តាំង​លក់​ហើយ ចម្លែក​អី​ថ្ងៃនេះ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី បានជា​ម្ចាស់​ខាងលើ​មិនឃើញ​បើកទ្វារ​ផ្ទះ ដើម្បី​ដាក់​តាំង​ទំនិញ​លក់​ដូច​សព្វដង ។

លុះដល់​ម៉ោងជាង​៩​ព្រឹក កូនប្រុស​ម្ចាស់ផ្ទះ​បាន​មក​លេង​ផ្ទះ​ឪពុក ដោយ​មិនឃើញ​ផ្ទះ​បើកទ្វារ​ក៏​មានការ​ងឿងឆ្ងល់ ក៏​គាស់​ទ្វារ​ដែក​រូត​ចូល​ទើប​ឃើញ​ឪពុក​រង​របួស​ដេក​ក្នុង​ថ្លុកឈាម រីឯ​ម្តាយ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់ដេក ក៏​មានការ​ភ្ញាក់ផ្អើល​ឆោ​ទ្បោ​ផ្ទុះ​ទ្បើ​ង​តែ​ម្តង ។ ទាំង​ប្រពន្ធ​និង​ប្តី ត្រូវ​បាន​ចោរ​កាប់​ក្បាល​ទាំង​២​នាក់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា អាច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ។ ប៉ុន្តែ​លុះ​ពេល​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​កន្លែង​កើតហេតុ នៅ​ក្នុងផ្ទះ​ឃើញ​មាន​ស្លាកស្នាម​ហែក​ចំរឹង​បង្អួច​ក្នុងផ្ទះ និង​បាត់​ទូដែក​ផង ជា​ទូដែក​តូច​ល្មម ដែល​ចោរ​អាច​សែង​យក​បាន ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់ ។

ប៉ុន្តែ​ប្រភព​ពី​សមត្ថកិច្ច​ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ក្នុង​ករណី​ខាងលើ​យ៉ាង​ដុតដៃដុតជើង​នោះ ពុំ​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ឱ្យ​ពិតប្រាកដ ជុំវិញ​ករណី​ខាងលើ​នេះ នៅ​ទ្បើ​យ​ទេ ដោយ​សមត្ថកិច្ច​កំពុង​យក​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុងផ្ទះ​ទៅ​ពិនិត្យ និង​នាំ​ខ្លួន​កម្មករ​ដែល​បម្រើ​ការងារ​ក្នុងផ្ទះ​កើតហេតុ​ទៅ​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​និយាយ​ថា កាមេរ៉ា​មិន​អាច​មើល​បាន​ទេ ព្រោះ​កាមេរ៉ា​ខ្លះ​ត្រូវ​ចោរ​កាត់​ខ្សែ ឯ​កាមេរ៉ា​ខ្វះ​ទៀត ត្រូវ​ចោរ​យក​ក្រណាត់​គ្រប​ជិត​។ ពេល​នេះ កំពុង​សួរ​ចម្លើយ​កម្មករ ដែល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​នេះ​នៅ​ទ្បើ​យ ។ ដូច្នេះ​ព័ត៌មាន​កំពុង​ស្ថិត​ក្នុង​ភាព​សម្ងាត់​នៅ​ទ្បើ​យ​ដែរ ។

សូម​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ដែល​កើត​មាន​ហេតុការណ៍​នេះ ប្តី​ឈ្មោះ អឿ គាន ហៅ​ហ៊ា​អាង​បារី​សេក អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អុ​ឹ​ង សួ​ក​អាយុ​៥៥​ឆ្នាំ ៕