កូនប្រុស​មាន​សតិ​មិន​ប្រក្រតី វាយ​ក្បាល​ឪពុក​ច្រើន​ដំបង កាប់​ដៃ​និង​កាប់​ជើង​ស្លាប់

កូនប្រុស​មាន​សតិ​មិន​ប្រក្រតី វាយ​ក្បាល​ឪពុក​ច្រើន​ដំបង កាប់​ដៃ​និង​កាប់​ជើង​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​ម្នាក់​មាន​សតិ​មិន​ប្រក្រតី ដែល​ចាស់​ៗ​តែង​និយាយ​ថា​ឆ្កួត​ចំបួរ​(​ឆ្កួត​ត​ពូជ​)​តាំងពី​តូច បាន​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​សំពង​ក្បាល​ឪពុក​ពីក្រោយ​បណ្តាល​ឱ្យ​សន្លប់ រួច​យក​កាំបិត
ខ្វែវ​ដែល​នៅ​ក្បែរ​នោះ​កាប់​ដៃ កាប់​ជើង​បណ្តាល​ឱ្យ​ដាច់​រយះ​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​នៅ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៅ​ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ។

លោក​វរសេនីយ៍ត្រី ឆេ​ង​អី​ុ សុខា អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ មួន ហ៊ា​ង អាយុ​៥៩​ឆ្នាំ  ចំណែក​ជន​ដៃដល់​ជា​កូនប្រុស​ឈ្មោះ ហ៊ា​ង កូយ  អាយុ​៣២​ឆ្នាំ ។

ពេល​មាន​ហេតុការណ៍​កូន​កាប់​ឪពុក​នេះ គឺ​គ្មាន​នរណា​ម្នាក់​បានដឹង​ទេ ព្រោះ​នៅផ្ទះ​ពេល​នោះ​មាន​តែ​ឪពុក​និង​កូន​ប៉ុណ្ណោះ ។ លុះ​នៅ​ពេល​អ្នក​ជិតខាង​ដើរទៅ​ក្បែរ​ផ្ទះ ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ទៅ​ហើយ និង​ឃើញ​កូនប្រុស​ជា​ជន​ដៃដល់​នៅ​ក្បែរ​នោះ​ដែរ ។ នៅ​ពេល​អ្នក​ជិតខាង​ស្រែក​ឆោ​ទ្បោ ដោយសារ​ឃើញ​មនុស្ស​ស្លាប់ ជន​ដៃដល់​ជា​កូន​ក៏​បាន​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​និង​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន នៅ​ចម្ងាយ​ប្រមាណ​២​គី​ទ្បូ​ម៉ែត្រ​ពី​ភូមិ ។

លោក​អធិការ​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ឃើញ​មាន​ឫស្សី​ដែល​ទើប​បិត​រួច​ធ្វើ​ជា​រនង​ជញ្ជាំង​បាំង​ស្លឹក ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​លើ​រនង​ឫស្សី​នោះ​តែ​ម្តង ។ ឯ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ មាន​ដំបង​ឈើ​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​១​ដើម កាំបិត​ខ្វែវ​១ និង​ពូថៅ​១ ។ ជន​រង​គ្រោះ ត្រូវ​បានកូន​ប្រុស​សតិ​មិន​ប្រក្រតី​កាប់​ដាច់​ដៃ​ឆ្វេង​ត្រឹម​កំភួនដៃ ឯ​ដៃស្តាំ​ត្រឹម​កដៃ​ជិត​ដាច់​សល់​តែ​ស្បែក ។ ចំណែក​ជើង​ស្តាំ​អារ​ជិត​ដាច់​សល់​តែ​ស្បែក​និង​របួស​ក្បាល​ផ្នែក​ខាងក្រោយ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ចុះ​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ និង​សាកសួរ​ផ្ទាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ជន​សតិ​មិន​ប្រក្រតី​នេះ​និយាយ​ថា មក​ពី​គេ​ខឹង​នឹង​ឪពុក​ជេរ​ម្តាយ​គេ​និង​ស្តីឱ្យ​គេ​ថា អា​អត់​បានការ ទើប​ទាញ​ដំបង​ឈើ​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​ចំ​ក្បាល​ពីក្រោយ​ចំនួន​៣​ដំបង​បណ្តាល​ឱ្យ​សន្លប់ រួច​ទាញ​កាំបិត​ខ្វែវ​កាប់​ដៃ​និង​ជើង​តែ​ម្តង ។

ជន​ដៃដល់ ត្រូវ​បាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ បើ​តាម​អ្នក​ភូមិ បាន​សុំ​ឱ្យ​សមត្ថកិច្ច​ដាក់ទោស​ជន​នេះ​កុំឱ្យ​នៅ​ក្រៅ​សំណាញ់​ច្បាប់ ព្រោះ​ពួក​គាត់​មានការ​ភ័យ​ខ្លាច ក្រែង​ជន​នេះ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ភូមិ​ដូច​រូបគេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ឪពុក​របស់​ខ្លួន​ដែរ ។

សូម​បញ្ជាក់​ថា គ្រួសារ​នេះ​មានកូន​ទាំងអស់​៥​នាក់ តែ​ក្រៅពី​កូន​ដែល​មាន​សតិ​មិន​ប្រក្រតី​នេះ  ពួក​គេ​សុទ្ធតែ​មាន​ប្រពន្ធ​កូន​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​អស់ហើយ មិន​បាន​នៅ​ជាមួយ​ឪពុក​ម្តាយ​ទេ គឺ​នៅ​តែ​កូនប្រុស​នេះ​ម្នាក់​ប៉ុណ្ណោះ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ម្តាយ​ក៏​ទៅ​ស្រែ​ទៀត ៕        ​