​លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​នៅ​យប់​នេះ

រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ CNRP​បាន​អះអាង​ជាថ្មី​ថា លោក សម រង្ស៊ី និង​វិល​មក​កម្ពុជា នា​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ប៉ុន្តែ​យន្តហោះ​ដែល​នាំ​លោក សម រង្ស៊ី​ចូលមក​ស្រុក​វិញ​នោះ​នឹង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប ។  

​     មន្ត្រី​ដដែល​បាន​បញ្ជាក់ថា អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាច្រើន​នាក់​នឹង​ទៅ​ចូលរួម​ទទួល​ស្វាគមន៍​ការ​បក ដល់​របស់លោក សម រង្ស៊ី នៅឯ​ព្រលានយន្តហោះ​តែម្តង ប៉ុន្តែ​មិនបាន​ប្រាប់​អំពី​ចំនួន​អ្នកចូលរួម​នោះទេ​។  

​    ​ទាក់ទង​ករណី​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​នេះ ក៏​លេចឮ​នៅ​ព័ត៌មាន​ចម្រុះ​ជាច្រើន ក្នុងនោះ​មន្ត្រី CNRP ម្តង​អះអាងថា លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយមាន​ការ​កក់​សបុ​ត្រ​យន្តហោះ​រួម​ហើយ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង មន្ត្រី CNRP ដដែល​ចេញមក​អះអាងថា ស​បុត្រ​យន្តហោះ​លោក សម រង្ស៊ី មិនទាន់​ទិញ​បាន​នៅឡើយ​ទេ ដោយសារតែ​រាជរដ្ឋាភិបាល​បាន​គំរាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​លក់ស​បុត្រ​យន្តហោះ​ឲ្យ​លោក សម រង្ស៊ី ។ ការលើកឡើង​ដូច្នេះ​ធ្វើ​ឲ្យ​សា​ធា​រណះ​មតិ​មានការ​មន្ទិលសង្ស័យ​និង​រិះគន់ រាជរដ្ឋាភិបាល​យ៉ាង​ចាស់ដៃ ។  

​    ​យ៉ាងណាក៏ដោយ មន្ត្រី CNRP ដដែល​នោះ​ចេញមុខ​មក​បញ្ជាក់​ម្តង​ទៀតថា ស​បុត្រ​យន្តហោះ​បាន​កក់​អស់ហើយ ហើយ​លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ដដែល ដោយ​មិនមាន​ការប្រែប្រួល​នោះទេ ។ គេ​មិនដឹងថា មន្ត្រី CNRP និយាយ​ពិត​ឬ​មិន​ពិត​នោះទេ ព្រោះ​ម្តងថា អ​ញ្ចេះ ម្តងថា​អ​ញ្ចោះ​តាមតែ​ចិត្ត​ខ្លួន​នឹកឃើញ​។  

​    ​ឆ្លើយ​នឹង​ដំណើរ​វិល​មក​កម្ពុជារ​បស់ លោក សម រង្ស៊ី នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​បាន​លើកឡើងថា ជាការ​ល្អ​ហើយ ដែល​ជនជាប់ចោទ​ស្ម័គ្រចិត្ត​មក​ទទួលទោស​ចំពោះមុខ​ច្បាប់ ហើយ​សម្រាប់​អ្នកនយោបាយ​វា​កាន់តែ​ល្អ​ថែមទៀត ខណៈដែល​ទង្វើ​នោះ​អាចជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​។  

​    ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ផងដែរ ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ចេញ​ដោយ CNRP ដែល​ពុំមាន​មូលហេតុ​ច្បាស់លាស់ ហើយ​ការលើកឡើង​វា​គ្រាន់តែ​ជាការ​បំពុលបរិយាកាស​ប៉ុណ្ណោះ​។ មន្ត្រី​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ពុំមាន​ហេតុផល​ណាមួយ​ដែល​រាជរដ្ឋាភិបាល​ព្រមាន​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ លក់ស​បុត្រ​យន្តហោះ​ឲ្យ​លោក សម រង្ស៊ី នោះទេ​។ ទន្ទឹមនឹងនោះ​រាជរដ្ឋាភិបាល​ក៏​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ក្នុងនៃ អំណាចតុលាការ​នោះដែរ​។  

​    ​សាធារណជន​កំពុងតែ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ព័ត៌មាន​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មក​កម្ពុជា​វិញ ខណដែល​មតិ​មួយចំនួនធំ បាន​លើកឡើងថា លោក សម រង្ស៊ី មិនអាច​វិល​មក​កម្ពុជា​វិញ​ដើម្បី​ប្រឈម​នឹង​ផ្លូវច្បាប់​នោះទេ​៕

​លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​នៅ​យប់​នេះ