ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?


ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​ចែង​ពី​ការ​ពិន័យ​ចំពោះ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព គឺ​គុណ​នឹង​៥​ដង​នៃ​កម្រិត​ពិន័យ​ក្នុង​ច្បាប់​បច្ចុប្បន្ន ដែល​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ០១ មករា ២០១៦ខាង​មុខ​នេះ​ត​ទៅ។

 

 

ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?
អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ភាគ​ច្រើន​យល់​ថា ការ​បង្កើន​តម្លៃ​ផាក​នេះ វា​អាច​ជា​ឱកាស​សម្រាប់​អ្នក​លក់​មួក​សុវត្ថិភាព​ដំឡើង​តម្លៃ​តាម​ចិត្ត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាជន។

 

 

 

លោក ផល ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ចេញ​យោបល់​ថា ច្បាប់​ថ្មី​នេះ​ប្រហែល​ជា​អាច​ជួយ​បង្កើន​ចំនួន​អ្នក​ពាក់​មួក​បាន ដោយ​សារ​តែ​តម្លៃ​ផាក​ខ្ពស់​រហូត​ដល់​ ១៥ ០០០រៀល។ ដូច្នេះ​អ្នក​មិន​ចង់​ពាក់ ក៏​ត្រូវ​បង្ខំ​ចិត្ត​ពាក់​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជីវភាព​ក្រ​ខ្សត់​វិញ លោក​យល់​ថា​ ជា​ផល​អវិជ្ជមាន​ទៅ​វិញ ម្យ៉ាង​ទៀត វា​អាច​ជា​ឱកាស​សម្រាប់​អ្នក​លក់​មួក​អាច​ដំឡើង​តម្លៃ​ក៏​ថា​បាន។

 

 

ប៉ុន្តែ​អាជីវករ​លក់​មួក​សុវត្ថិភាព​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១ ក្បែរ​ផ្សារ​ច្បារ​អំពៅ អ្នក​ស្រី​នី​តា ប្រាប់​ថា មិន​មាន​គោល​បំណង​ដំឡើង​តម្លៃ​មួក​នោះ​ទេ គឺ​លក់​ក្នុង​តម្លៃ​ដូច​សព្វ​ថ្ងៃ។

 
ប៉ុន្តែ​អ្នក​ស្រី​ជឿ​ថា ការ​លក់​ប្រហែល​ជា​អាច​មាន​ការ​កើន​ឡើង​ជាង​មួយ​សព្វ​ដង បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់​អនុវត្ត។

 
ការ​លក់​ដូរ​មិន​ទៀង​ទាត់​ទេ តែ​ជា​មធ្យម​លក់​បាន​ប្រហែល​៨-១០​មួក​ក្នុង​មួយ​ថ្ងៃ ដោយ​មួក​មាន​តម្លៃ​ពី​៣$-២០$។ “ការ​ដំឡើង​វា​អាស្រ័យ​លើ​ពេល​នាំ​ចូល​។ បើ​យក​ចូល​មក​ថ្លៃ គឺ​ត្រូវ​ដំឡើង​តាម​ហ្នឹង​ដែរ មិន​អាច​ឡើង​ខុស​គេ​បាន​ទេ ព្រោះ​មាន​ហាង​ផ្សេង​ច្រើន​ទៀត​គេ​លក់​ដែរ។ បើ​យើង​លក់​ថ្លៃ​ជាង​គេ ​ច្បាស់​ជា​គេ​មិន​ទិញ​ឡើយ”។ ស្ត្រី​វ័យ​ខ្ទង់​ជាង​៤០​ឆ្នាំ បញ្ជាក់។​

 

 

ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?

 

 

ទោះ​យ៉ាង​ណា ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ស្ដី​ពី​«យុទ្ធនាការ​ផ្លាស់​ប្ដូរ​​ឥរិយាបថ អំពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​​​​ម៉ូតូ​និង​កុមារ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ២០១៥ ខាង​សង្គម​ស៊ីវិល បាន​ស្នើ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ការ​បន្ធូ​បន្ថយ​ពន្ធ​នាំ​ចូល​មួក​សុវត្ថិភាព​ដើម្បី​រួម​ចំណែក​និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា ដោយ​សារ​ពួក​គាត់​មួយ​ចំនួន មាន​ជីវភាព​ខ្វះ​ខាត បើ​សិន​ជា​មាន​ការ​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​មួក​សុវត្ថិភាព នោះ​​តម្លៃ​ក៏​អាច​ធ្លាក់​ចុះ ហើយ​ជា​ការ​ល្អ​ដល់​ការ​ជំ​រុញ​ពាក់​មួក​សុវត្ថិភាព​បាន​ប្រសើរ រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ផង​ដែរ​៕​

 

 

សូមអាន ៖    ខ្លីៗ​ជួយ​បង្កើន​ការ​យល់ដឹង​ចរាចរណ៍​របស់​អ្នក​កាន់តែ​​ប្រសើរ

 

 

អត្ថបទ៖ លឹម សុ​នា