គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កោះប្រជុំ​បន្ទាន់​មួយ ករណី​ដីកា​របស់​តុលាការ​ចាប់ខ្លួន​លោក​សមរង្ស៊ី​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​កោះប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា និង​ពិនិត្យមើល​របាយការណ៍ ស្តីពី សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ទោស​ទៅលើ​ទណ្ឌិត ឈ្មោះ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោកសមរង្ស៊ី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣វិច្ឆិកា ចេញ​​ដីកា​​​ចាប់​ខ្លួន​​លោក​សម​រង្ស៊ី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​លោក​ហោ​ណាំហុង កាលពីឆ្នាំ២០០៨។ សំណុំរឿងក្តីនោះ តុលាការ បានសម្រេចផ្តន្ទាទោស ដាក់​ពន្ធនា​គារ​​លោក​សម​រង្ស៊ី ២ ឆ្នាំ និងពិន័យជាប្រាក់ ៨ លានរៀល ក្រោម​បទ​​ចោទ "បរិហាកេរ្តិ៍ និងញុះញង់​ឲ្យមាន​ការស្អប់​ខ្ពើម​ជាតិ​សាសន៍"​។ នោះគឺ​លោកសមរង្ស៊ី បានថ្លែងថា លោក​ហោណាំហុង ជាអតីតប្រធានគុកបឹងត្របែក នៅសម័យខ្មែរក្រហម​។

លោកសមរង្ស៊ី បានប្រកាសថា នឹងវិលត្រលប់​ចូលមកកម្ពុជា នៅម៉ោង ១០ យប់ ថ្ងៃទី​១៦វិច្ឆិកានេះ ហើយព្រមប្រគល់ខ្លួន ឲ្យប៉ូលិស ចាប់ខ្លួន។ លោកក៏បានអំពាវនាវ​កុំឲ្យ​អ្នកគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្ម តវ៉ានឹងការចាប់ខ្លួនលោកឡើយ៕

គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កោះប្រជុំ​បន្ទាន់​មួយ ករណី​ដីកា​របស់​តុលាការ​ចាប់ខ្លួន​លោក​សមរង្ស៊ី​

គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កោះប្រជុំ​បន្ទាន់​មួយ ករណី​ដីកា​របស់​តុលាការ​ចាប់ខ្លួន​លោក​សមរង្ស៊ី​
សម្តេចហេងសំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១៦វិច្ឆិកា