បារាំង ធ្វើការវាយបកសងសឹក ស្របពេលដែល អត្តសញ្ញាណ ជនសង្ស័យក្នុងអំពើ វាយប្រហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗ (មានវីដេអូ)

បារាំង៖ បន្ទាប់ពីដែល បានធ្វើឲ្យមនុស្សជាច្រើន ជុំវិញពិភពលោក មានការភ្ញាក់ផ្អើលនិង រន្ធត់ជាខ្លាំងនោះ ពេលនេះប្រទេសបារាំង បានបញ្ចេញកងកម្លាំង និងសព្វាវុធរបស់ខ្លួន ដើម្បីចាប់ផ្តើមបេសកកម្មវាយបកវិញ ស្របពេលដែល អត្តសញ្ញាណជនសង្ស័យ និងជាខ្មាន់កាំភ្លើង មួយចំនួនត្រូវបាន បង្ហាញជាបណ្តើរៗ។

យោងតាមប្រភព ព័ត៌មានរបស់ ប៊ីប៊ីស៊ី បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ម្សិលមិញនេះ យន្តហោះចម្បាំង ចំនួន១០គ្រឿង ត្រូវបានហោះចេញ ពីទីតាំងយោធាបារាំង ដែលបោះជំរុំនៅ ក្នុងប្រទេស ហ្ស៊កដានី និងសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួម ដើម្បីធ្វើការវាយប្រហារ ដោយការទម្លាក់គ្រាប់បែក ទៅលើតំបន់ Raqqa របស់ប្រទេសស៊ីរី ព្រោះនៅទីនោះ គឺមានទីតាំងសំខាន់ៗ មួយចំនួនរបស់ក្រុមឥស្លាមជ្រុលនិយម ISIS ដែលត្រូវបានគេអះអាងថា ជាអ្នកនៅពីក្រោយខ្នង នៃអំពើវាយប្រហារ ដ៏សែនឃោរឃៅ ទៅលើទីក្រុងប៉ារីស កាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុននេះ។

បារាំង ធ្វើការវាយបកសងសឹក ស្របពេលដែល អត្តសញ្ញាណ ជនសង្ស័យក្នុងអំពើ វាយប្រហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗ (មានវីដេអូ)
យន្តហោះចម្បាំង របស់ប្រទេសបារាំង ត្រៀមចេញបេសកកម្ម វាយបកទៅលើក្រុម ISIS

បន្ថែមពីនេះទៀត ក្រុមប៉ូលីសជំនាញ របស់ប្រទេសបារាំង ក៏បានបញ្ចេញនូវរូបភាព របស់បុរសម្នាក់ឈ្មោះថា Salah Abdeslam វ័យ២៦ឆ្នាំ ដែលជាមនុស្សប្រកប ដោយគ្រោះថ្នាក់ម្នាក់ ហើយក៏ជាជនសង្ស័យមួយរូប ពាក់ព័ន្ធទៅនឹងអំពើ វាយប្រហារកណ្តាលទីក្រុង ប៉ារីស កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ថ្មីៗនេះតែម្តង ដំបូងឡើយ Salah និងបក្ខពួក២នាក់ទៀត ត្រូវបានប៉ូលីសនៅ តំបន់ព្រំដែននៃ ប្រទេសប៊ែលហ្សិក ធ្វើការស្ទាក់ឃាត់ នៅតាមផ្លូវ តែបន្ទាប់ពីបាន ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ របស់ពួកគេរួចមក ប៉ូលីសក៏បានដោះលែង ឲ្យពួកគេបន្តដំណើរទៅមុខទៀត ជាហេតុនាំឲ្យពេលនេះ Salah អាចរួចខ្លួន និងកំពុងសំងំលាក់ខ្លួន គេចពីការតាមចាប់ របស់ប៉ូលីស។

ម្យ៉ាងវិញទៀត កាំភ្លើងប្រភេទ AK47 ជាច្រើនដើមត្រូវ បានរកឃើញនៅក្នុង រថយន្តមួយគ្រឿង ដែលពួកខ្មាន់កាំភ្លើង បានជួលពីហាងមួយ នៅក្នុងប្រទេសប៊ែលហ្សិក ដើម្បីទុកសម្រាប់ធ្វើ ប្រតិបត្តិការវាយប្រហារ របស់ពួកគេ។ មកទល់ពេលនេះ ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើង៧នាក់ ត្រូវបានសម្លាប់ ស្របពេលដែលមាន ជនសង្ស័យ៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ ក៏មានបុរសម្នាក់ គឺជាបងប្អូនរបស់ ជនសង្ស័យដ៏សំខាន់ឈ្មោះថា Salah Abdelslam នេះផងដែរ។

បារាំង ធ្វើការវាយបកសងសឹក ស្របពេលដែល អត្តសញ្ញាណ ជនសង្ស័យក្នុងអំពើ វាយប្រហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗ (មានវីដេអូ)
អត្តសញ្ញាណជនសង្ស័យ ដ៏គ្រោះថ្នាក់ ដែលបញ្ចេញដោយ ក្រុមប៉ូលីសជំនាញ របស់ប្រទេស បារាំង

ជុំវិញហេតុការណ៍មួយនេះ លោកប្រធានាធិបតី នៃប្រទេសបារាំង Francois Hollande បាននិយាយដោយ សង្កត់ធ្ងន់ថា “ការវាយប្រហារនេះ គឺជាសកម្មភាពមួយ ដែលបង្ហាញយ៉ាងច្បាស់ ក្នុងបំណងនៃការ បង្កសង្រ្គាម ដូច្នេះហើយប្រទេស បារាំង ច្បាស់ណាស់នឹងធ្វើការ វាយបកត្រឡប់វិញ ដោយមិនប្រណីដៃនោះឡើយ”។

គូសបញ្ជាក់ផងដែរថា ការវាយប្រហារតាម ផ្លូវអាកាសជាច្រើន បានចាប់ផ្តើមចេញ ប្រតិបត្តិការកាលពី ថ្ងៃអាទិត្យម្សិលមិញនេះ ដោយក្នុងនោះប្រទេស បារាំង និងសហរដ្ឋអាមេរិក គឺជាអ្នកនាំមុខ ក្នុងបេសកកម្មមួយនេះ៕

បារាំង ធ្វើការវាយបកសងសឹក ស្របពេលដែល អត្តសញ្ញាណ ជនសង្ស័យក្នុងអំពើ វាយប្រហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗ (មានវីដេអូ)
បារាំង ធ្វើការវាយបកសងសឹក ស្របពេលដែល អត្តសញ្ញាណ ជនសង្ស័យក្នុងអំពើ វាយប្រហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗ (មានវីដេអូ)
មនុស្សជាច្រើន នាំគ្នាកាន់ទុក្ខចំពោះ អ្នកដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត