ក្រសួងទេសចរណ៍​នឹង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្រប់គ្រង​ចំណូល​អង្គរ

ក្រសួងទេសចរណ៍​នឹង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្រប់គ្រង​ចំណូល​អង្គរ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​ កម្ពុជា ដោយ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្រប់​គ្រង់​ចំណូល​ពី​តំបន់​អង្គរ​ឱ្យ​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​ទទួល​ការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន សុខា​អូ​តែ​ល នា​ដើមឆ្នាំ​២០១៦ ។ ការ​ផ្ទេរសិទ្ធិ​ពី​ក្រុមហ៊ុន​ឯកជន​មក​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​ នឹង​មិន​មានការ​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​តំបន់​អង្គរ​ទេ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​បូក​ សរុប លទ្ធផល​នៃ​ការងារ​កំណែទម្រង់​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​អនុវត្ត​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០១៥ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​៣​ឆ្នាំ​ខាង​មុខ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា លំហូរ​នៃ​ចំនួន​ទេសចរ​បរទេស​ចូល​មក​ទស្សនា​តំបន់​អង្គរ​នឹង​មិន​មាន​អ្វី​ ប្រែប្រួល​ទេ ទោះបីជា​មានការ​ផ្ទេរសិទ្ធិ​គ្រប់​គ្រង់​តំបន់​អង្គរ​ពី​ក្រុមហ៊ុន​ឯកជន មក​រដ្ឋ​វិញ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​គ្រប់គ្រង​ចំណូល​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ ទៀត ។

ការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ អង្គរ ពី​ក្រុមហ៊ុន​សុខា​អូ​តែ​ល មក​រដ្ឋ​វិញ នា​ដើមឆ្នាំ​២០១៦​នេះ ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ នឹង​ខិតខំ​ឱ្យ​អស់​លទ្ធភាព​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ កម្ពុជា ក្នុង​ការ​គ្រប់​គ្រង់​ចំណូល​ពី​តំបន់​អង្គរ​ឱ្យ​មាន​ប្រសិទ្ធភាព ។

លោក ​ថោ​ង ខុន បាន​ចាត់​ទុក​ការ​គ្រប់គ្រង​តំបន់​អង្គរ​ដោយ​រដ្ឋ​នេះ​ថា នឹង​បញ្ចប់​នូវ​ការ​ចោទ​ការ​ប្រកាន់​ពី​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​ប្រយោជន៍​នយោបាយ ដូចដែល​ធ្លាប់​លើក​ឡើង​ថា រដ្ឋាភិបាល​លក់​អង្គរវត្ត ឬ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពី​អង្គរវត្ត​ជាដើម ។

លោក​ហូ វណ្ណ​ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ហៅ​យន្តការ​របស់​រាជរដ្ឋាភិបាល ដែល​សម្រេច​នេះ​ថា វា​ជា​ចំណាត់ការ​ដ៏​ល្អ​មួយ ហើយ​ថា​ការ​ដក​យក​តំបន់​អង្គរ​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ​នេះ​នឹង​ជួយ​ឲ្យ​ រដ្ឋ​កើន​ចំណូល​ថវិកាជាតិ​ថែម​ទៀត​ផង ។

តាម​អាជ្ញាធរ​អប្សរា​ចំណូល​ បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥ មាន​ប្រមាណ​ជា​៤៧​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រមូល​បាន​ពី​អ្នកទេសចរ​ប្រមាណ​ជាង​១​លាន​៦​សែន​នាក់ ។

នៅ​ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​សម្រេច​យក​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ អង្គរ ពី​ក្រុមហ៊ុន​សុខា​អូ​តែ​ល និង​បាន​សម្រេច​បង្កើត​សហគ្រាស​សាធារណៈ​មួយ ដើម្បី​ធុរកិច្ច​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​តំបន់​អង្គរ ដែល​មាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​អន្តរក្រសួង រៀបចំ​គណៈកម្មការ​នេះ ហើយ​ការ​ផ្ទេរ​ការ​គ្រប់គ្រង​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ៕