E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​

E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​

សហព័ន្ធ​កីឡា​អេឡិត្រូនិក​កម្ពុជា​បាន​រក​ឃើញ​​ក្រុម​ខ្លាំង​ចំនួន​៦​​ប្រចាំ​តំបន់​ទី​៣​ និង​ទី​៤ ហើយ​​សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​តំបន់​ទី​៤​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ក្រុម​ខ្លាំង​ទាំង​៦​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​ខេត្ត​កំពត។

 E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​ក្រុម NeverCare

 

ការ​ប្រកួត​ជម្រុះ​ស្វែង​រក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៤​ដែល​មាន​ខេត្ត​ចំនួន​៥​គឺ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ ប៉ៃលិន​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់ ពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ដល់​ ទី​១៤​ ​វិច្ឆិកា​ដែល​មាន​ក្រុម​ចូល​រួម​ប្រកួត​ជា​ច្រើន។ ជា​លទ្ធផល​​ក្រុម​ NeverCare មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ក្រុម​Will Show U មក​ពី​ខេត្ត​បាត់ដំបង​ និង​ក្រុម​ G-Mission ក៏​មក​ពី​ខេត្ត​បាត់ដំបង​បាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ NeverCare បាន​យក​ឈ្នះ​ Naga Five ដោយ​លទ្ធផល​ ៥-០, Will Show U បាន​យក​ឈ្នះ​ G-Mission ដោយ​លទ្ធផល​ ៥-៣។

 

ដោយ​សារ​តំបន់​ទី​៤​នេះ​មាន​ក្រុម​ចូល​រួម​ច្រើន​ និង​ត្រូវ​យក​៣​ក្រុម​ដើម្បី​បំពេញ​១៦​ក្រុម​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ដូច្នេះ​ក្រុម​ចាញ់​គឺ​ G-Mission និង​ Naga Five ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​អ្នក​ឈ្នះ​មួយ​ក្រុម​ទៀត​ ហើយ​ជា​លទ្ធផល​ G-Mission ឈ្នះ​ Naga Five ដោយ​លទ្ធផល​ ៥-២ ហើយ​មាន​សិទ្ធិ​រួម​ដំណើរ​ជា​មួយ​ NeverCare និង​ Will Show U ទៅ​បុណ្យ​សមុទ្រ។

 

E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​ ក្រុម Will Show U

 

ទោះ​ជា​យ៉ាង​ណា​ មាន​តែ​ក្រុម​ NeverCare និង​ Will Show U តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​រក​លេខ​១​ ប្រចាំ​តំបន់​​ដែល​មាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ និង​លេខ​២​ដែល​មាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ។ ចំណែក​​ G-Mission ជា​ក្រុម​លេខ​៣​ប្រចាំ​តំបន់​ទី​៤​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​បុណ្យ​សមុទ្រ។

 

ចំណែក​លទ្ធផល​នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ខ្លាំង​ប្រចាំ​តំបន់​ទី​៣​កាល​ពី​សប្តាហ៍​មុន​​ក៏​​មិន​ខុស​ពី​តំបន់​ទី​៤​ដែរ​​ដោយ​យក​ក្រុម​ខ្លាំង​៣​ក្រុម​សម្រាប់​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​គឺ​ក្រុម​ Team Orn70 មក​ពី​ខេត្ត​កំពង់​ធំ​ និង​ FiveDragon មក​ពី​ខេត្ត​សៀមរាប​សម្រាប់​ប្រកួត​ស្វែង​រក​លេខ​១​​និង​លេខ​២​ប្រចាំ​ ខណៈ​ក្រុម The Chance ​ក៏​មក​ពី​ខេត្ត​សៀមរាប​ដែរ​នោះ​គឺ​ជាប់​លេខ​៣​ប្រចាំ។

 

មុន​មាន​សិទ្ធិ​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ក្រុម Team Orn70 បាន​យក​ឈ្នះ​ក្រុម​ The MarShai ដោយ​លទ្ធផល​ ៥-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម Five Dragon បាន​យក​ឈ្នះ​ក្រុម​ The Chance ដោយ​លទ្ធផល​ ៥-២។ ចំណែក​ The Chance បាន​យក​ឈ្នះ​ The MarShai ដោយ​លទ្ធផល ៥-២ ដើម្បី​បាន​ចំណាត់​ថ្នាក់​លេខ​៣។ សូម​បញ្ជាក់​ថា តំបន់​ទី​៣​មាន​ខេត្ត​​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ​ ​ព្រះ​វិហារ​ និង​កំពង់ធំ ពី​ថ្ងៃ​ទី​២​ ​វិច្ឆិកា​ ដល់ ​ទី​៨​ ​វិច្ឆិកា។

 

E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​ ក្រុម Five G-Mission

 

រហូត​មក​ដល់​ពេល​នេះ​ការ​ប្រកួត​បាន​បញ្ចប់​៤​តំបន់​ហើយ​ និង​ស្វែង​រក​ឃើញ​ក្រុម​ចំនួន​១០​ក្រុម​គឺ​តំបន់​ទី​១​ រក​បាន​​២​ក្រុម តំបន់​ទី​២ រក​បាន​​២​ក្រុម តំបន់​ទី​៣​រក​បាន​​៣​ក្រុម និង​តំបន់​ទី​៤​​រក​បាន​​៣​ក្រុម។ ការ​ប្រកួត​នឹង​ស្វែង​រក​ក្រុម​ចំនួន​៦​ទៀត​ពី​តំបន់​ទី​៥​នៅ​រាជ​ធានី​ភ្នំពេញ និង​ទី​៦​នៅ​​ខេត្ត​ព្រះ​សីហនុ​​ កំពត​ កោះកុង​ កំពង់ស្ពឺ​ និង​តាកែវ។

 

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ទាំង​៦​តំបន់ ​ក្រុម​ទាំង​១៦​​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​ចាប់​ពី​ថ្ងៃ​ទី​១១-១២ ខែ​ធ្នូ ដើម្បី​ឈ្នះ​ជើង​ឯក​ជាតិ​ដែល​​លេខ​១​ទទួល​​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ លេខ​២​ទទួល​បាន​១០០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ។ ជា​ពិសេស​ក្រុម​ជើង​ជាតិ​លេខ​១​ និង​លេខ​២​នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC ឆ្នាំ​២០១៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

 

E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​សកម្មភាព​ប្រកួត

 

អត្ថបទ៖ ជាន ចាន់រ៉ា
រូបថត៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា