អូបាម៉ានិយាយ​ថា​នឹង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​កម្ចាត់​ក្រុម​រដ្ឋឥស្លាមក្រោយ​ការវាយ​ប្រហារ​នៅ​ប៉ារីស

អូបាម៉ានិយាយ​ថា​នឹង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​កម្ចាត់​ក្រុម​រដ្ឋឥស្លាមក្រោយ​ការវាយ​ប្រហារ​នៅ​ប៉ារីស

លោក​បារ៉ាក់​អូបាម៉ា​​នៅ​ក្នុង​ការថតរូប​ជា​ក្រុម​នៃមេដឹកនាំក្រុម​ប្រទេស ​G-2០ នៅ​ក្នុង​ប្រទេស​តួកគី​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​ បាន​ប្តេជ្ញាជួយ​ប្រទេស​បារាំង​ក្នុង​«ការ​តាមប្រមាញ់​ពួក​ឧក្រិដ្ឋជន​» ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​គ្រោង​នឹង«បង្កើន» នូវកិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋឥស្លាម​ ដែល​គេ​ស្គាល់​ជា​ភាសា​អារ៉ាប់​ថា​ពួក​ Daesh។​

មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្រោយ​ជំនួប​ជាមួយ​លោកប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan នៅ​ពេល​ចាប់​ផ្តើម​ប្រជុំ​សន្និសីទ​កំពូល​នៃ​ក្រុម​ប្រទេស​ G-20 នៅ​ក្នុង​ទី​ក្រុង​សម្រាក​កាយ Antalya នៅ​ជាប់​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ «យើង​នឹង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​យើង​ដោយ​ធ្វើការ​ជាមួយ​សមាជិក​ឯ​ទៀតៗ​នៃ​ក្រុម​ចម្រុះ ​ដើម្បី​ធ្វើ​ឱ្យ​មាន​អន្តរកាល​ដោយ​សន្តិវិធី​មួយ​ក្នុង​ប្រទេសស៊ីរី​ និង​ដើម្បី​កម្ចាត់​ពួក Daesh ដែលបង្កើត​ឱ្យ​មាន​ការ​ឈឺចាប់​និង​ទុក្ខ​វេទនា​ជា​ច្រើន​ដល់​ប្រជារាស្ត្រ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​និង​ក្រុង​ Ankara និង​ក្នុង​ផ្នែក​ឯ​ទៀតៗ​នៃ​ពិភពលោក។»

​លោកអូបាម៉ា​បាន​សន្យា​អំពី​សាមគ្គីភាព​ជាមួយ​ប្រទេស​បារាំង​ និង​បាន​ថ្កោល​ទោស​ការវាយ​ប្រហារ​ព្រម​គ្នា​កា​លពី​យប់ថ្ងៃ​សុក្រ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បារាំង​។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍ថា​ «ការ​សម្លាប់​ក្រុម​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍​ដោយ​ផ្អែក​លើ​មនោគមវិជ្ជា​ ដែល​ត្រូវ​បាន​កែ​បំភ្លៃ​ជា​ការ​វាយ​ប្រហារ​មួយ ​មិនមែន​តែ​ទៅ​លើ​ប្រទេស​បារាំង​ទេ​ មិនមែន​តែ​ទៅ​លើ​ប្រទេស​តួកគី​ទេ ក៏​ប៉ុន្តែ​ជា​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ពិភពលោក​ប្រកប​ដោយ​អារ្យធម៌» ដោយ​លោក​បាន​និយាយ​យោង​ដែរ​ដល់​ការបំផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ​របស់​ក្រុម​និយម​នយោបាយ​ខាង​ឆ្វេងនៅ​ក្នុង​ក្រុង​ Ankara កាល​ពី​ខែ​មុន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០​នាក់​បាត់បង់​ជីវិត។​

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការវាយ​ប្រហារ​ទាំង​ពីរ​នៅ​ទីក្រុង​ប៉ារីស​និង​នៅ​ Ankara៕