លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​

ព្រះសីហនុ: កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា បានចាប់ផ្តើម​លំ​ហាត់ សមយុទ្ធ​ប្រចាំឆ្នាំ​លើក​ទី​៦ ស្តីពី​ការ​ហ្វឹក​ហ្វឹ​ន និង​ការ​សហប្រតិបត្តិការ ត្រៀម​ជាស្រេច​លើ​ផ្ទៃ​ទឹក (CARAT) នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ធ្វើ​ពិធី​បើក នា​មូលដ្ឋាន​ជើង​ទឹក​រាម​។​

​នៅក្នុង​ឆ្នាំ​រយៈពេល​៦ ជាប់​គ្នា​របស់ លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT នៅ​កម្ពុជា វា​នៅតែ​ជា​មធ្យោបាយ​ច្បាស់​មួយ សំរាប់​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​។

​លោក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ បាន​ថ្លែង​នៅក្នុង​ពិធី​បើក លំ​ហាត់ CARAT ថា បច្ចុប្បន្ន ពិភពលោក​ទាំងមូល កំពុង​ទទួល នូវ​ការគំរាមកំហែង នៃ​អំពើ​ភេ​រវកម្ម សង្គ្រាម​ប្រកាន់ពូជសាសន៍ សាសនា នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា និង​ការប្រែប្រួល​អាកាសធាតុ ហើយ​ពេល​ថ្មីៗ​នេះ ការធ្លាក់​យន្តហោះ របស់​រុស្ស៊ី សំលាប់​មនុស្ស​អស់​ជាង ២០០​នាក់ និង​ការវាយប្រហារ ដោយ​ក្រុម​ភេ​រវ​ករ ឥស្លាម​ជ្រុលនិយម (ISIS) នៅ​ច្រើន​កន្លែង នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ដែលជា​សោកនាដកម្ម​មួយ​ដ៏​រន្ធត់ និង​សូម​ថ្កោលទោស យ៉ាងខ្លាំង​ក្លា ចំពោះ​អំពើ​ដ៏​អមនុស្សធម៌​នេះ​។​

​លោក អ៊ុក សីហា បាន​ថ្លែងបន្តថា បើ​យើង​ក្រឡេក​មក​មើល នៅលើ​ផ្ទៃសមុទ្រ ទាំង​ក្នុង​ដែន​អធិបតេយ្យភាព របស់​ប្រទេស​នីមួយៗ និង​លំហរ​សមុទ្រ​អន្តរជាតិ ក៏មាន​ប្រឈម ទៅនឹង​ការគំរាមកំហែង នានា​ដូចជា ការ​ប្លន់​ប្រដាប់អាវុធ ចោរ​សមុទ្រ និង​គ្រោះធម្មជាតិ ជាដើម ដែល​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ ពី​កងកំលាំង​កងទ័ពជើងទឹក ដោយ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ រុករក​សង្គ្រោះ ផ្តល់ជំនួយ​សង្គ្រោះ បន្ទាន់ ធានា​សន្តិសុខ នៅលើ​ផ្ទៃសមុទ្រ ក្នុង​គោលដៅ​ជម្រុញ​អោយ មាន​ស្ថិរភាព​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ទាំងមូល​។​

​លោក​មេបញ្ជាការរង បាន​បន្ថែមថា អស់​រយៈពេល​៦​ឆ្នាំ​មកហើយ (២០១០-២០១៥) ដែល​កងទ័ពជើងទឹក ប្រទេស​ទាំងពីរ (​សហរដ្ឋអាមេរិក​-​កម្ពុជា​) បាន​អនុវត្ត​កិច្ចសហប្រតិបត្តិការ ក្នុងការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឹ​ន មានដូចជា លំ​ហាត់ CARAT លំ​ហាត់ MAREX រួមទាំង​លំ​ហាត់​នានា ចម្រុះ​ពូជសាសន៍ ជាមួយ កងយោធពល​ខេមរភូមិន្ទ​។​

​លោក​បាន​បញ្ជាក់ទៀតថា ការអនុវត្ត​លំ​ហាត់ កា​រ៉ាត់​លើក​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង សមត្ថភាព ចំណេះដឹង របស់​កងទ័ពជើងទឹក ប្រទេស​ទាំងពីរ​នោះទេ គឺ​ថែមទាំង​បាន​ជួយ​ពង្រឹង នូវ​ទំនាក់ទំនង មិត្តភាព កិច្ច​សហ​ប្រតប​ត្តិ​ការល្អ រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាមេរិក​) និង​កងទ័ពជើងទឹក ទាំងពីរ អោយ​កាន់តែ​រឹងមាំ ដែល​សកម្ម​ភាណ​ទាំងនោះ បាន​ស្តែងចេញ ជា​រូបរាង តាមរយៈ ការចូល​សំចត​របស់ កង​នាវាចម្បាំង​សហរដ្ឋអាមេរិក ចំនួន​២៦​លើក ស្មើ​៣១​គ្រឿង ដើម្បី​ធ្វើ​ទស្សនកិច្ច គាំទ្រ​ការធ្វើ​លំ​ហាត់​សមយុទ្ធ​នានា ជាមួយ កងទ័ពជើងទឹក ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ ការជួយ​បំពាក់​បរិក្ខារ បន្ទប់ពិសោធន៍ ដល់​គិលានដ្ឋាន​មូលដ្ឋាន​សមុទ្រ ការធ្វើការងារ​មនុស្ស​ធម៌ និង​ជួយ​កសាង​រាល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ នៅតាម​មូលដ្ឋាន ជាច្រើន​ទូទាំងប្រទេស​។​

​លោក Charles William មេបញ្ជាការ​កំលាំង​លេខ​៧៣ បាន​មានប្រសាសន៍ថា CARAT ធ្វើអោយ​យើង អាច​ពង្រឹង​ទំនាក់ទំនង​រឹងមាំ ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ដែលជា​ដៃគូ​របស់​យើង​។ តាមរយៈ​ទំនាក់ទំនង​នឹង​វត្តមាន​ជា​បន្ត យើង​បន្តធ្វើ​អោយមាន​ភាព ជឿនលឿន​ជា​លំដាប់ ក្នុងការ​បង្កើត​ភាពស្មុគស្មាញ នៃ​ការ​ហ្វឹក​ហ្វឹ​ន​។​

​លោក​បាន​បន្តថា CARAT នៅ​កម្ពុជា រួមមាន​ព្រឹ​ត្ត​ការណ៍ រយៈពេល​៥​ថ្ងៃ នៅ​កំពង់ផែ និង​នៅលើ​សមុទ្រ ដោយ​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​។ នៅលើ​គោក បុគ្គលិក យោធា​នឹង​ធ្វើការ​ហ្វឹក​ហ្វឹ​ន​ជាក់ស្តែង ក្នុងការ​កាត់បន្ថយ ការខូចខាត ការកំណត់​ផ្លូវ​នាវា ការថែទាំ​អ្នកស្លាប់ និង​រងរបួស​ក្នុងការ​ប្រយុទ្ធ ទស្សនកិច្ច និង​ការការពារ​កំលាំង ការ​ឡើងលើ​នាវា ការឆែកឆេរ  និង​បច្ចេកទេស​ចាប់​នាវា​។ ការ រៀនសូត្រ​ជា​លក្ខណៈ​សិក្ខាសាលា​នេះ នឹងមាន​ការចូលរួម នៃ​អ្នកជំនាញ មកពី​កងទ័ពជើងទឹក​ទាំងពី​រ ដើម្បី​ពិភាក្សា​ពី​ការប្រតិបត្តិ​ល្អ ដែលមាន​និយាយ នៅក្នុង​ច្បាប់​របស់​យោធា ពេទ្យ​យោធា និង​ការរុករក និង​ជួយសង្គ្រោះ តាម​យន្តហោះ​។ តន្ត្រី​របស់​កង​នាវា​ជើង​ទឹក​ទី ៧ របស់​សហរដ្ឋអាមេរិក ក៏​នឹងធ្វើ​ការប្រគំ​ផងដែរ នៅក្នុង​សកម្មភាព​ប្រាស្រ័យ​ជាមួយ​សហគមន៍ នៅ​ជុំវិញ​ទីក្រុង​ព្រះ សីហនុ​។​

​នៅលើ​សមុទ្រ នាវា​ឈ្មោះ USS Fort Worth (LCS 3) ដែលមាន​បុគ្គលិក ៧ នាក់ មកពី​ក្រុម​នាវា​ពិឃាត Destroyer Squadron (DESRON) និង​ឧទ្ធម្ភាគចក្រ​ប្រភេទ MH-60R មួយគ្រឿង នឹងធ្វើ​ការហ្វឹកហ្វឺន​ជាមួយ​ទូក​ល្បាត​តូច ចំនួន ២ គ្រឿង និង​នាវា​ល្បាត​តាម​ឆ្នេរ​ចំនួន​មួយ គ្រឿង​។ បន្ថែម​ពីលើ​ការធ្វើ​ការបត់បែន និង​ការហាត់​បាញ់កាំភ្លើង នៅលើ​នាវា សកម្មភាព​សំខាន់ៗ រួម​មានការ​ឡើងលើ​នាវា លំ​ហាត់​រុករក និង​សង្គ្រោះ​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី H.B.Le មេបញ្ជាការ​មកពី​ក្រុម​នាវា​ពិឃាត​លេខ ៧ បាន​មាន ប្រសាសន៍ថា “​យើង​រំពឹង​នឹង​ដំណើរការ​ទៅមុខ នៅក្នុង​ដំណាក់កាល ហ្វឹកហាត់​នៅលើ​សមុទ្រ នៃ​លំ​ហាត់ សមយុទ្ធ CARAT ជាមួយ​ដៃគូ​របស់​យើង ក្នុង​កងទ័ព ជើងទឹក​កម្ពុជា​។ នៅ​ឆ្នាំនេះ នាវា USS Fort Worth នឹងចូលរួម​នៅក្នុង CARAT នៅ​កម្ពុជា ជា​លើកដំបូង ដែល​ជាការ​ផ្តល់ឱកាស​ពិសេស ដល់​យើង ក្នុងការ​ធ្វើការ​ហ្វឹកហ្វឺន ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុង​នាវា​ដែល​ថ្មី និង​រហ័ស​បំផុត​មួយ​”​។​

​ពល​ទាហានជើងទឹក​អាមេរិក ចំនួន​ប្រហែល ២០០ នាក់ និង​ពល​ទាហានជើងទឹក​កម្ពុ​ជា ចំនួន​ប្រហែល ៣០០ នាក់ ចូលរួម​នៅក្នុង CARAT ឆ្នាំ ២០១៥ នៅ​កម្ពុជា​។ នាវា​នៃ​កងទ័ព​ជើង ទឹក​សហរដ្ឋអាមេរិក ដែល​ចូលរួម រួមមាន​នាវា​ប្រយុទ្ធ​ក្បែរ​តំបន់ឆ្នេរ ដែលមាន​ឈ្មោះថា USS Fort Worth (LCS 3) និង​នាវា​ដែលមាន​ឈ្មោះថា USNS Safeguard (T-ARS 50)​។ អ្នកចូលរួម​ដទៃទៀត រួមមាន​អ្នក​មុជ​ទៅ​ក្រោម​ទឹក មកពី​ក្រុម​មុជទឹក​ចល័ត Mobile Dive និង​អង្គភាព​ជួយសង្គ្រោះ Salvage Unit (MDSU) ក្រុម​ទាហាន​ប្រចាំ តាម​តំបន់ឆ្នេរ​មួយក្រុម ក្រុម​ទាហាន​ជាង នៃ​កងទ័ពជើងទឹក សហរដ្ឋអាមេរិក និង​ក្រុម​តន្ត្រី​របស់​កង​នា​វាទី​៧ នៃ​កងទ័ពជើងទឹក សហរដ្ឋអាមេរិក​។​

CARAT គឺជា​លំ​ហាត់​សមយុទ្ធ លំហ​សមុទ្រ​ទ្វេភាគី​ប្រចាំឆ្នាំ ដែលមាន​ធ្វើជា​បន្តបន្ទាប់ រវាង​កងទ័ពជើងទឹក សហរដ្ឋអាមេរិក និង​កងកំលាំង​នៃ​ប្រទេស​បង់​ក្លា​ដេ​ស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​ប្រទេស​ទី​ម័​រ​ខាងកើត​។​

​ក្រុមការងារ​ពិសេស​លេខ ៧៣ និង​ក្រុម​មកពី​នាវា​ពិឃាត​លេខ ៧ បានធ្វើ​ផែនការ​លំអិត កំរិត​ខ្ពស់ រៀបចំ​ធនធាន និង​ជួយ​ដោយផ្ទាល់​ដល់ ដំណើរការ​សមយុទ្ធ លំហ​សមុទ្រ ដូចជា​លំ​ហាត់ សមយុទ្ធ CARAT សកម្មភាព​ចូលរួម និង​ប្រាស្រ័យ​របស់​កងទ័ពជើងទឹក ជាមួយ​ប្រទេស​វៀតណាម និង​ការហ្វឹកហ្វឺន និង​សហប្រតិបត្តិការ ពហុភាគី នៅ​តំបន់​អាស៊ីអាគ្នេយ៍ (SEACAT) ជាមួយ ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី និង​ប្រទេស​ថៃ​៕V​/S

លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​

លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​

លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​

លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ លំហ​សមុទ្រ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​