​ម៉ូតូ​អ្នក​ថ្មើរជើង ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​

ស្វាយរៀង:  បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​វៀតណាម ខណៈ​កំពុង​ដើរ​ថ្មើរជើង​តាមផ្លូវ ត្រូវ​​ម៉ូតូ​បុក​ពីក្រោយ​ពេញទំហឹង កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត​។​

​អ្នក​ថ្មើរជើង​រងគ្រោះ ឈ្មោះ យឿ ម៉ៅ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ។ អ្នកបើក​ម៉ូតូ​បង្ក ឈ្មោះ គង់ រិទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​តោន​រថយន្ត មាន​ទីលំនៅ​ភូមិ​ព្រៃ​ញ៉យ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​។

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរសរងគ្រោះ ដើរ​ថ្មើរជើង តាមផ្លូវ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​
​ម៉ូតូ​ម៉ាក YAMAHA EXCITOR ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ដោយ យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ស្របគ្នា មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកដើរ​ថ្មើរជើង ដួល​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម ។ រីឯ​ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។ រីឯ​វត្ថុតាង​ម៉ូតូ រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាវិត ដើម្បី​បំពេញ​សំណុំរឿង តាម​នីតិវិធី ។ មូលហេតុ ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​៕V​/S