សិស្សសាលា២នាក់​លង់ទឹកស្ទឹង​បាត់ខ្លួនពីរថ្ងៃអណ្តែតម្នាក់​ព្រឹកមិញ

រាជធានីភ្នំពេញ ៖​ សិស្សសាលា០២នាក់រៀន​នៅវិទ្យាល័យហ៊ុន ​សែន ជម្ពូវ័ន​ បានលង់ទឹកស្ទឹងព្រែក​ត្នោតបាត់ខ្លួនតំាងពី​ម៉ោងប្រមាណ៤រសៀលថ្ងៃទី១៤ ​វិច្ឆិកា​ ២០១៥ នៅក្នុងភូមិដូនកុក ​សង្កាត់បឹងធំ​ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ នៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះ​ សាកសពសិស្សម្នាក់​បានផុសអណ្តែត​ ដែលសព​ឈ្មោះ ថំាង សុជា ភេទប្រុស​ អាយុ១៥ឆ្នាំ ​រស់នៅក្នុងភូមិ-សង្កាត់ត្រពំាងក្រសំាង ​ខណ្ឌពោធិសែនជ័យ ​រីឯសិស្សដែលបាត់ខ្លួនម្នាក់​ទៀតឈ្មោះ ងួន សំណាង​ ភេទប្រុស អាយុ ១៥ឆ្នាំ ​រស់នៅក្នុងភូមិត្រពំាងថ្លឹង​ សង្កាត់ចោមចៅ ​ទំាងពីរនាក់រៀន​ថ្នាក់ទី១០ D2 ​ជាមួយគ្នា ។

សេចក្តីរាយការណ៍បានបន្តថា ​នៅថ្ងៃកើតហេតុ (ថ្ងៃ១៤វិច្ឆិកា) ​ជនរងគ្រោះនិងមិត្តភក្តិ៤​-៥នាក់ទៀតបានទៅ​លេងនៅខ្យុះបណ្តែត​ទឹកចំណុចទីតំាងខាងលើ ​ហើយពេល​នោះមានជនរង​គ្រោះម្នាក់បានដើរធ្លាក់​ទឹកបណ្តាលឲ្យលង់ ​ឃើញដូច្នោះជនរងគ្រោះម្នាក់​និងមិត្តភក្តិម្នាក់ទៀត​ក៍ចុះជួយបណ្តាល​ឲ្យលិចបាត់ពីរនាក់តែម្តង ​និងសិស្សម្នាក់​ទៀត​ឈ្មោះ ​ពិន ជាយដែន​ អាយុ១៥ឆ្នាំ​ រស់នៅភូមិ-សង្កាត់​ចោមចៅបានរួចផុតគ្រោះថ្នាក់​ដល់ជីវិត ។

បច្ចុប្បន្នសពបាន​ត្រូវក្រុមគ្រួសារដឹកបញ្ជូនយក​ទៅធ្វើបុណ្យតាមប្រពៃណី ​ចំ​ណែកសពជនរងគ្រោះម្នាក់ទៀត ​ក្រុមគ្រួសារនិងសាច់ញាតិ​កំពុងរាវរក​ ដែលមកដល់ម៉ោង​១១​និង៤៥នាទី​ថ្ងៃត្រង់នេះមិន​ទាន់រកឃើញនៅឡើយ៕