សហជីពស្នើរដ្ឋសភា ឲ្យបញ្ចូលសំណើរ មួយចំនួនក្នុង សេចក្ដីព្រាងច្បាប់ សហជីពមុនអនុម័ត

ភ្នំពេញ៖ ក្រុមសហជីពចំនួន៣ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានស្នើឲ្យប្រធាន រដ្ឋសភាជាតិកម្ពុជា សម្តេច ហេង សំរិន បញ្ចូលសំណើរ របស់ពួកគេមួយចំនួន ទៅក្នុងសេចក្ដីព្រាងច្បាប់ សហជីពមុននឹងធ្វើការ អនុម័ត។

ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តី បានធ្វើការអនុម័តនូវ សេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃសុក្រទី ១៣ ខែវិច្ឆិកា ក្រោមការមិនពេញចិត្ត ពីសហជីពជាច្រើន ក្រោយពីពួកគាត់បានស្នើឲ្យ កែប្រែនូវចំណុចជាច្រើន។

យោងតាមញត្តិរបស់សហជីព ទាំង៣នោះបានឲ្យដឹងថា សេចក្តីព្រាងនេះ បានឆ្លងផុតទីស្ដីការគណៈរដ្ឋមន្ដ្រីហើយ ដែលក្រសួងការងារបានធ្វើសេចក្ដីព្រាងនាពេលកន្លងមក។ ក្នុងដំណាក់ការពិគ្រោះយោបល់ ក្របខណ្ឌក្រសួង ការងារ សហជីពបានផ្ដល់យោបល់ជាច្រើនដើម្បីកែប្រែ នូវចំណុចអវិជ្ជមានមួយចំនួន ដែលសហជីពពិនិត្យមើល ឃើញថា មានការរឹតត្បិតសិទ្ធិក្នុងការរៀបចំ និងការចូលរួមក្នុងសកម្មភាពសហជីពនិងទប់ស្កាត់សិទ្ធិជាសមូហភាព របស់សហជីពឯករាជ្យក្នុងការចូលរួមយុទ្ធនាការទាមទារប្រាក់ឈ្នូលសមរម្យ និងអត្ថប្រយោជន៍នានាជូន បងប្អូន កម្មករ និយោជិកនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីពដែលមាន១៧ ជំពូក ៩១មាត្រានេះ ត្រូវបានក្រសួងការងារ និងភាគី ពាក់ព័ន្ធរួមគ្នាព្រាងឡើងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ទើបតែឆ្លងផុតគណៈរដ្ឋមន្រ្តីកាល ពីសប្តាហ៍មុន៕