តេជោ សែន នឹងចូលរួមកិច្ច ប្រជុំកំពូល អាស៊ាន នៅម៉ាឡេស៊ី ចុងសប្តាហ៍នេះ

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក ដាតូ ស្រ៊ី ម៉ូដ ណាជីប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មួយចំនួនដែលនឹង ប្រព្រឹត្ត ទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលតំាងពិព័ត៌គូឡាឡាំពួរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលមជ្ឈមណ្ឌលព័ត៌មានទទួលបាននាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះបានឲ្យដឹងថា គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល រួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តនៅក្នុងប្រទេសម៉ាឡេស៊ី នោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី១៧, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៣, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៤០, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៣, កិច្ចប្រជុំកំពូលអាស៊ានបូក ៣លើកទី១៨, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូក៣ ជាមួយក្រុមប្រឹក្សាធុរៈកិច្ចអាស៊ីបូព៌ា និងកិច្ចប្រជុំថ្នាក់ដឹកនាំ អាស៊ានជាមួយក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលលើកទី២៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ាន ដទៃទៀត នឹងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៣ រួមមាន សេចក្តីថ្លែងការណ៍ គូឡាឡាំពួ ឆ្នាំ២០១៥ ស្តីពីការបង្កើតសហគមន៍អាស៊ាន, សេចក្តីថ្លែងការណ៍គូឡាឡំាពួរ ស្តីពីអាស៊ានឆ្នាំ ២០២៥ រីកចម្រើនទៅមុខទំាងអស់គ្នា និងអនុសញ្ញាអាស៊ាន ស្តីពីការប្រឆំាងការជួយដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ាន នឹងអនុម័ត សេចក្តីប្រកាសរួមស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក, សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលហ្សេឡង់ស្តីពីខួបលើក ទី៤០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ និងសេចក្តីថ្លែងការណ៍គូឡាឡំាពួ ស្តីពីខួបលើកទី១០នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងឯកសារសំខាន់ៗចំនួនជាង១០ទៀត។

ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ សម្តេចតេជោ សែន នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលពីរផ្សេងទៀត គឺកិច្ចសន្ទនាវិនិយោគិនសកល-សម័យប្រជុំថ្នាក់ដឹកនាំអាស៊ាន និងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន និងវិនិយោគឆ្នាំ២០១៥។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាល់ខូម ធើនប៊ូល នាយករដ្ឋមន្រ្តីអូស្ត្រាលី និងលោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា៕