ក្រុមខ្លាំងប្រចាំតំបន់ទី៣ និងទី៤នៃកីឡាE-Sportត្រូវបានរកឃើញ

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​កីឡា​អេ​ឡិ​ត្រូ​និក​កម្ពុជា​បាន​រកឃើញ​ក្រុម​ខ្លាំង​ ចំនួន​៦​ប្រចាំ​តំបន់​ទី​៣ និង​ទី​៤ ហើយ​សម្រាប់​ការប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥​។​

     ការប្រកួត​នៅ​តំបន់​ទី​៤​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែវិច្ឆិកា​កន្លងទៅនេះ​។ ក្រុម​ខ្លាំង​ទាំង​៦​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ ពិធីបុណ្យ​សមុទ្រ​នា​ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ​នៅ​ខេត្តកំពត​។​

​     ការប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៤​ដែលមាន​ខេត្ត​ ចំនួន​៥​គឺ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់ ពីថ្ងៃ​ទី​៩ វិច្ឆិកា ដល់ ទី​១៤ វិច្ឆិកា​ដែលមាន​ក្រុម​ចូលរួម​ប្រកួត​ជាច្រើន​។ ជា​លទ្ធផល​ក្រុម NeverCare មកពី​ខេត្តកំពង់ឆ្នាំង ក្រុម​Will Show U មកពី​ខេត្តបាត់ដំបង និង​ក្រុម G-Mission ក៏​មកពី​ខេត្តបាត់ដំបង​បាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ NeverCare បាន​យកឈ្នះ Naga Five ដោយ​លទ្ធផល ៥-០,​ក្រុម Will Show U បាន​យកឈ្នះ G-Mission ដោយ​លទ្ធផល ៥-៣​។

    ​ដោយសារ​តំបន់​ទី​៤​នេះ​មាន​ក្រុម​ចូលរួម​ច្រើន និង​ត្រូវយក​៣​ក្រុម​ដើម្បី​បំពេញ​១៦​ក្រុម​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​ សមុទ្រ ដូច្នេះ​ក្រុម​ចាញ់​គឺ G-Mission និង Naga Five ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​អ្នកឈ្នះ​មួយក្រុម​ទៀត ហើយ​ជា​លទ្ធផល G-Mission ឈ្នះ Naga Five ដោយ​លទ្ធផល ៥-២ ហើយ​មាន​សិទ្ធិ​រួម​ដំណើរ​ជាមួយ NeverCare និង Will Show U ទៅ​បុណ្យ​សមុទ្រ​។​

    ​ទោះជា​យ៉ាងណា មានតែ​ក្រុម NeverCare និង Will Show U តែប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ​ដើម្បី​ស្វែងរក​លេខ​១ ប្រចាំ​តំបន់​ដែលមាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ និង​លេខ​២​ដែលមាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​។ ចំណែក G-Mission ជា​ក្រុម​លេខ​៣​ប្រចាំ​តំបន់​ទី​៤​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​បុណ្យ​សមុទ្រ​។​

​ចំពោះ​ការប្រកួត​រក ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៣​កាលពី​សប្តាហ៍​មុន​ក៏​មិន​ខុសពី​តំបន់​ទី​ ៤​ដែរ​ដោយ​យក​ក្រុម​ខ្លាំង​៣​ក្រុម​សម្រាប់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ ​សមុទ្រ​គឺ​ក្រុម Team Orn70 មកពី​ខេត្តកំពង់ធំ និង FiveDragon មកពី​ខេត្តសៀមរាប​សម្រាប់​ប្រកួត​ស្វែងរក​លេខ​១​និង​លេខ​២​ប្រចាំ ខណៈ​ក្រុម The Chance ក៏​មកពី​ខេត្តសៀមរាប​ដែរនោះ​គឺ​ជាប់​លេខ​៣​ប្រចាំ​តំបន់​ដែរ​។

​     មុន​មាន​សិទ្ធិ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ក្រុម Team Orn70 បាន​យកឈ្នះ​ក្រុម The MarShai ដោយ​លទ្ធផល ៥-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម  Five Dragon បាន​យកឈ្នះ​ក្រុម The Chance ដោយ​លទ្ធផល ៥-២​។ ចំណែក The Chance បាន​យកឈ្នះ The MarShai ដោយ​លទ្ធផល ៥-២ ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ​៣​។​

     សូមបញ្ជាក់ថា តំបន់​ទី​៣​មាន​ខេត្ត​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​កំពង់ធំ ពីថ្ងៃ​ទី​២ វិច្ឆិកា ដល់ ទី​៨ វិច្ឆិកា​។

​រហូតមកដល់​ពេលនេះ​ ការប្រកួត​បានបញ្ចប់​៤​តំបន់​ហើយ និង​ស្វែង​រកឃើញ​ក្រុម​ចំនួន​១០​ក្រុម​គឺ​តំបន់​ទី​១ រកបាន​២​ក្រុម តំបន់​ទី​២ រកបាន​២​ក្រុម តំបន់​ទី​៣​រកបាន​៣​ក្រុម និង​តំបន់​ទី​៤​រកបាន​៣​ក្រុម​។​

     ការប្រកួត​នឹង​ស្វែងរក​ក្រុម​ចំនួន​៦​ទៀត​ពី​តំបន់​ទី​៥​នៅ​រាជធានី​ ភ្នំពេញ និង​ទី​៦​នៅ​ខេត្ត​ព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ​។​